កីឡា
ប្រវត្តិជូរចត់ វ៉ាន វ៉ុន និងម្ចាស់មេដាយមាសប៉ារ៉ាឡាំពិក Athiwat មុនប៉ះគ្នានៅអាស៊ានប៉ារ៉ាហ្គេម
ក្រុមអត្តពលកម្មពិការរទេះកម្ពុជានឹងត្រូវប្រឈមជាមួយក្រុមខ្លាំងលំដាប់ពិភពលោករបស់ថៃនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

ក្រុមកម្ពុជាមានកីឡាករ វ៉ាន វ៉ុន, ហេង សាវឿន, ជុន ពន់ និង ហៀ ហុក ធ្លាប់ប្រជែងជាមួយក្រុមអត្តពលកម្មពិការរទេះថៃដែលមានកីឡាករ PONGSAKORN PAEYO, PHIPHATPHONG SIANGLAM, SAICHON KONJEN និង ATHIWAT PAENG-NUEA ជាច្រើនលើកមកហើយទាំងការប្រកួតកីឡាជនពិការកម្រិតអាស៊ាន និងអូឡាំពិក។
ជួបគ្នាលើកចុងក្រោយក្នុងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី វិញ្ញាសាប្រណាំងរទេះបណ្តាក់១០០ម៉ែត្រ x ៤ មានតែ២ប្រទេសប៉ុណ្ណោះចូលរួមប្រកួតគឺកម្ពុជា និងថៃ។ ជាលទ្ធផល ក្រុមកម្ពុជាបានឈ្នះមេដាយមាស ខណៈថៃមិនទទួលបានមេដាយឡើយដោយសារមានពីរប្រទេសមិនតម្រូវឲ្យទទួលបានមេដាយប្រាក់ ឬសំរិទ្ធ។

ក្នុងអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូណេស៊ីដដែល វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ កីឡាករថៃ ATHIWAT PAENG-NUEA បានឈ្នះមេដាយមាសដោយប្រើថិរវេលា១៤.២៩វិនាទី តាមរយៈការយកឈ្នះលើកីឡាករកម្ពុជា វ៉ាន វ៉ុន ដែលទទួលបានមេដាយប្រាក់ សម្រាប់ការប្រើថិរវេលា១៤.៥៥វិនាទី។
កីឡាករ វ៉ាន វ៉ាន់ និងកីឡាករថៃ ATHIWAT PAENG-NUEA ក៏ធ្លាប់មានប្រវត្តិជួបគ្នាក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន។ សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ នៅទីក្រុងតូក្យូ វគ្គជម្រុះជុំដំបូង កីឡាករទាំងពីរនៅ Heat ជាមួយគ្នា ហើយកីឡាករថៃ Athiwat បានបញ្ចប់ទីមុនគេឈរចំណាត់ថ្នាក់លេខ១ដោយប្រើពេល១៤វិនាទីគត់ ហើយកីឡាករកម្ពុជា វ៉ាន វ៉ុន ស្ថិតនៅលេខ២ដោយប្រើថិរវេលា១៤.៣៩វិនាទីក្នុងចំណោមបេក្ខភាព៦រូប ដូច្នេះអ្នកទាំងពីរបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
នៅវគ្គផ្តាច់ព្រ័ត្រមានបេក្ខភាព៨រូបដែលសុទ្ធតែជើងខ្លាំងជាប់មកពីវគ្គជម្រុះ។ កីឡាករថៃ Athiwat រឹតតែធ្វើបានល្អជាងវគ្គជម្រុះថែមទៀតដោយប្រើថិរវេលាត្រឹមតែ១៣.៧៦វិនាទីប៉ុណ្ណោះដើម្បីឈរចំណាត់ថ្នាក់លេខ១ទទួលបានមេដាយមាសកម្រិតពិភពលោក ខណៈកីឡាករកម្ពុជា វ៉ាន វ៉ុន ស្ថិតនៅចំណាត់ថ្នាក់លេខ៧ដោយប្រើថិរវេលា១៤.២១វិនាទី ប៉ុន្តែបាននៅពីលើកីឡាករហុល្លង់។

ដូច្នេះកម្ពុជាមានតែកីឡាករ វ៉ាន វ៉ុន ម្នាក់គត់ធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក បន្ទាប់ពីធ្លាប់ចូលរួមប្រកួតជាច្រើនលើកកន្លងមក។ បើទោះបីជាមិនអាចដណ្ដើមមេដាយជូនជាតិ ក៏កីឡាករកម្ពុជារូបនេះបានបង្កើតកំណត់ត្រាផ្ទាល់ខ្លួន ឈានដល់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ។
ក្រុមអត្តពលកម្មពិការរទេះកម្ពុជានឹងប្រកួតលើប្រភេទពិការ T53 និង T54 សម្រាប់វិញ្ញាសាប្រណាំងរទេះចម្ងាយ១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ និងបណ្តាក់១០០ម៉ែត្រ x ៤ សម្រាប់កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ការជួបដៃគូដូចជាក្រុមអត្តពលកម្មរទេះថៃអាចនឹងកាន់តែមានការប្រកួតប្រជែងស្វិតស្វាញជាងមុនៗ។
វ៉ាន វ៉ុន បានប្រាប់ថា ៖«ក្រុមយើងទាំងអស់បានហ្វឹកហាត់ត្រៀមអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ គឺល្អជាងមុន ដោយសារពួកយើងទទួលបានរទេះថ្មីដែលឯកឧត្តម ហ៊ុន ម៉ានី បានជួយទិញថ្មីទាំង៥គ្រឿងពីប្រទេសជប៉ុន។ យើងធ្លាប់ប្រជែងជាមួយមេដាយមាសអូឡាំពិក ហើយលើកនេះ យើងមានរទេះថ្មី ដូច្នេះយើងអាចប្រជែងជាមួយគេកាន់តែល្អជាងមុន»។

«បើប្រៀបធៀបថិរវេលារបស់យើងក្នុងការហ្វឹកហាត់ទៅនឹងការប្រកួតនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០២២ គឺយើងធ្វើបានល្អជាង។ មិនត្រឹមតែរទេះថ្មីទេ សូម្បីតែសម្ភារៈផ្សេងៗដូចជាសំបកកងជាដើមក៏ថ្មីដែរ អីចឹងការហ្វឹកហាត់របស់យើងគឺមានកម្លាំងចិត្ត និងសប្បាយរីករាយក្នុងការហ្វឹកហាត់ជាងមុន ជាពិសេសយើងជាម្ចាស់ផ្ទះថែមទៀត»។ វ៉ាន វ៉ុនបានបន្ថែម។
កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលមាន១៣ប្រភេទកីឡានឹងចាប់បើកពីថ្ងៃទី៣ ដល់ទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលមានអត្តពលិក និងប្រតិភូប្រទេសអាស៊ានទាំង១១ជាង២ពាន់នាក់ចូលរួម៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ