កីឡា
ស្មាត់ Miyaura ជាគ្រាប់ពេជ្រកំពុងលេចធ្លោ ក្នុងក្រុមបាល់ទះជម្រើសជាតិជប៉ុន
កីឡាករ Keno Miyaura កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងពីសមត្ថភាពដ៏អស្ចារ្យសម្រាប់ការបង្ហាញខ្លួនឲ្យក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ក្នុងព្រឹត្តិការណ៍ លីគបាល់ទះជម្រើសជើងឯកពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។

ការប្រកួតសន្សំពិន្ទុ ២ សប្តាហ៍ដំបូង ជប៉ុន មិនទាន់ដាក់បញ្ចូលកីឡាករឆ្នើម Yuki Ishikawa និង Ran Takahashi ទេ ហើយតារាឆ្នើម Yuji Nishida ក៏របួសថែម។ ទោះបីជាអវត្តមានតារាឆ្នើមៗច្រើនរូប ក៏ជប៉ុនគ្មានឧបសគ្គធំឡើយ ដោយមានស្មាត់ឆ្វេង Kento Miyaura បង្ហាញសមត្ថភាពដ៏អស្ចារ្យ។
បច្ចុប្បន្ន Miyaura អាយុ ២៦ឆ្នាំ កម្ពស់ ១.៩០ម៉ែត្រ មកពីក្លិប JTEKT Stings នៅលីគបាល់ទះកំពូលជប៉ុន។ រូបគេមានសមត្ថភាពលោតវ៉ៃផ្តាច់បានកម្ពស់ ៣.៤៧ម៉ែត្រ និងអាចលោតបាំងការពារបានកម្ពស់ ៣.២០ម៉ែត្រ។ ស្ទីលនៃការលោតផ្តាច់ប្រកបដោយបច្ចេកទេស និង កម្លាំងខ្លាំងគឺមានប្រសិទ្ធភាពទាំងផ្នែកខាងឆ្វេង និងកណ្តាល ៣ ម៉ែត្រ។ រូបគេមានសមត្ថភាពវាយសេវាដ៏គ្រោះថ្នាក់។

កាលរៀនបឋមសិក្សា ថ្នាក់ទី២ Miyaura បានចាប់ផ្តើមលេងបាល់ទះ ប៉ុន្តែរូបគេមិនទទួលបានឱកាសលេងទេ ដោយសារស្គម និងកម្លាំងខ្សោយ។ ដល់ទី៤ ទើបរូបគេបានលេងក្នុងនាមជាកីឡាករបម្រុង ហើយត្រូវបានគេប្រាប់ថា «អ្នកមិនមែនជាជម្រើស»។
ឈានដល់អនុវិទ្យាល័យ Miyaura ត្រូវបានគេស្នើឲ្យបង្កើតក្រុមបាល់ទះមួយ តែពេលនោះមានកីឡាករ២នាក់គត់ ដូច្នេះរូបគេមិនអាចចូលរួមប្រកួតអ្វីទាំងអស់។ ទោះជាយ៉ាងណា រូបគេនៅតែតស៊ូហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ នៅឆ្នាំទី១កម្រិតវិទ្យាល័យ ទើបរូបគេមានឱកាសលេងបានច្រើនជាមួយក្រុម ប៉ុន្តែជាអកុសល រូបគេបានរបួស បង្ខំចាកចេញពីក្រុមមួយរយៈ។ យ៉ាងណា ចូលឆ្នាំទី២ រូបគេបានវិលចូលក្រុមវិញ។

ឆ្នាំ ២០១៦ ជាពេលវេលាលំបាកសម្រាប់ Miyaura និងក្រុមដោយសារគ្រោះរញ្ជួយដី Kumamoto ដែលធ្វើឲ្យកន្លែងហ្វឹកហាត់បានបិទទ្វារ។ មួយរយៈពេលក្រោយមកទើបក្រុមរកបានកន្លែងហ្វឹកហាត់ថ្មី។ ពេលនោះ ក្រុមទទួលបានលេខ២សម្រាប់ការប្រកួតបាល់ទះវិទ្យាល័យទូទាំងប្រទេស។
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ Miyaura បានបន្តចូលរៀននៅសាកលវិទ្យាល័យ Waseda និងបានលេងឲ្យក្រុមបាល់ទះសាកលវិទ្យាល័យនេះ។ ពេលនោះ រូបគេត្រូវបានកោះហៅចូលក្រុមបាល់ទះជម្រើសជាតិជប៉ុនអាយុក្រោម១៩ឆ្នាំ។ សមត្ថភាពរបស់គេកាន់តែរឹងមាំ និងបានក្លាយជាប្រធានក្រុមជម្រើសជាតិ ទាំងកម្រិត U19 និង U21 នៅឆ្នាំ ២០១៧ និងជាប់ក្រុម U23 នៅឆ្នាំ ២០១៩។ ឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យ Miyaura ជាប្រធានក្រុមបានដឹកនាំក្រុម Waseda ឈ្នះពានបាល់ទះអន្តរសាកលវិទ្យាល័យទូទាំងប្រទេស។ នៅឆ្នាំ ២០២០ រូបគេបានចូលរួមជាមួយក្លិបអាជីព JTEK Stings នៅក្នុងលីគបាល់ទះកំពូលជប៉ុន។

មួយឆ្នាំក្រោយ Miyaura បានជាប់ជម្រើសជាតិក្រុមធំ ដែលបានចេញប្រកួតជើងឯកបាល់ទះអាស៊ី ឆ្នាំ ២០២១ ដែលជាព្រឹត្តិការណ៍ធំអន្តរជាតិលើកដំបូងសម្រាប់រូបគេ។ ពេលនោះ ជប៉ុន ទទួលបានចំណាត់ថ្នាក់លេខ២ ហើយរូបគេរកបានពិន្ទុសរុប ៧៦ និងបានឈ្នះពានស្មាត់ឆ្វេងល្អបំផុត។ ចាប់តាំងពីពេលនោះមក រូបគេតែងតែជាប់ជម្រើសជាតិសម្រាប់ការប្រកួតព្រឹត្តិការណ៍អន្តរជាតិរហូត។
កាលពីមុន Miyaura មិនត្រូវបានមហាជនចាប់អារម្មណ៍ខ្លាំងទេ ដោយសារតួនាទីស្មាត់ឆ្វេងដែលរូបគេលេងមានរាមច្បងឆ្នើមគឺ Yuji Nishida។ ទោះបីជាយ៉ាងណា នៅពេល Nishida បានរបួសនាប៉ុន្មានខែចុងក្រោយ ហើយគ្រូបង្វឹកក៏ចង់ឲ្យកីឡាករស្រករក្រោយទទួលបានឱកាសបង្ហាញសមត្ថភាពផងនោះ ការប្រកួតលីគបាល់ទះជម្រើសជើងឯកពិភពលោក Men’s Volleyball Nations League ឆ្នាំ ២០២៥ វគ្គសន្សំពិន្ទុ ៣ សប្តាហ៍ដែលមានចំនួន ១២ប្រកួតគឺជាឱកាសមាស សម្រាប់កីឡាករ Miyaura បង្ហាញសមត្ថភាពដ៏អស្ចារ្យ រហូតទទួលបានការសរសើរពីអ្នកគាំទ្រទូទាំងពិភពលោក ប្រៀបដូចជា គ្រាប់ពេជ្រត្រូវបានបើកប្រអប់ឲ្យមហាជនបានឃើញ៕



អត្ថបទ៖ វីរបុត្រ
Photo by Volleyball World

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ២២ ម៉ោង ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ