ព័ត៌មានជាតិ
ក្រសួងបរិស្ថានពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ
មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានបន្តចាត់វិធានការលើករណី ការកាប់គាស់រុករាន ឬការឈូសឆាយដីព្រៃ ធ្វើជាកម្មសិទ្ធិ និងសន្និធិឈើ ដោយគ្មានការអនុញ្ញាត ក្នុងក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ«គិរីរម្យ» នៅក្នុងភូមិសាស្រ្តឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ បានបន្តចុះទៅដល់ទីតាំងដើម្បីចាត់វិធានការច្បាប់មួយចំនួនទៀត ក្នុងនោះបានរុះរើគ្រឹះសំណង់ផ្ទះលំហែ (បណ្តោយ ១២ម៉ែត្រ និងទទឹង៦ម៉ែត្រ) ចំនួន១ កន្លែង និងបន្ទប់ទឹកចំនួន ១ កន្លែង ស្មើនិង៤បន្ទប់ (បណ្តោយ៦ម៉ែត្រ និងទទឹង២ម៉ែត្រ) និងបានរើទ្វារដែកចំនួន ចំនួន៤ផ្ទាំង (២ម៉ែត្រ៤០×១ម៉ែត្រ៦០)។ នេះបើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

ក្នុងឱកាសនេះ ក្រសួងបរិស្ថាន អរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គីរីរម្យ» រហូតឈានទៅដល់ការរៀបចំឯកសារ និងបានដាក់បណ្តឹងករណីល្មើសនេះទៅតុលាការ ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់ នាពេលកន្លងមក។

ក្នុងន័យនេះ ក្រសួងបរិស្ថានបានបន្តពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន សូមដាក់ចេញនូវវិធានការច្បាប់ ស្របយតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលក្នុងនោះ សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង ចំពោះជនប្រព្រឹត្តបទល្មើស។ ជាមួយគ្នានេះ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា៨៥៥ បានចែងស្តីពីការធ្វើសកម្មភាពសាងសង់ ឬធ្វើប្រតិបត្តិការគម្រោងបំពានការហាមឃាត់ និងមាត្រា៨៥០ ចំណុច «ង» បានចែងពីការដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» ការបោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់កិច្ចសហការ ក្នុងការអនុវត្តច្បាប់ដោយស្មារតីទទួលខុសត្រូវខ្ពស់។

យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ តំបន់ការពារធនធានធម្មជាតិ គឺជាដែនដីសម្បត្តិសាធារណៈរបស់រដ្ឋ រួមមាន ដែនដីគោក ឬដែនទឹក រួមទាំងឆ្នេរសមុទ្រ និងសមុទ្រ ស្ថិតនៅក្នុងតំបន់ដែលទទួលស្គាល់ដោយបញ្ញត្តិនៃច្បាប់ ឬតំបន់ដែលបង្កើតថ្មីក្នុងដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័នទទួលបន្ទុកបរិស្ថាននិងធនធានធម្មជាតិ។ តំបន់ទាំងនោះមានលក្ខណៈសំខាន់ទាំងផ្នែករូបសាស្រ្ត និងជីវសាស្រ្តដែលតម្រូវឱ្យមានការគ្រប់គ្រងតាមច្បាប់ក្នុងបំណងការពារ និងថែទាំ ជីវៈចម្រុះ ធនធានធម្មជាតិ និងធនធានវប្បធម៌ ហើយត្រូវបានគ្រប់គ្រង ប្រកបដោយនិរន្តរភាពគ្រប់ជំនាន់ ដើម្បីផលប្រយោជន៍បរិស្ថាន សង្គមនិងសេដ្ឋកិច្ច៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


