Connect with us

ព័ត៌មានអន្ដរជាតិ

ថៃតែងតាំងនាង Lisa ធ្វើជាទូតសុឆន្ទៈទេសចរណ៍​របស់ប្រទេស

បានផុស

នៅ

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសកាលពីថ្ងៃពុធថា តារាចម្រៀងប៉ុប នាង Lalisa Manobal (Lisa) ដែលជាសមាជិកក្រុមចម្រៀង​ K-pop ប្លែកភីង (Blackpink) បានយល់ព្រមធ្វើជា «ទូតសុឆន្ទៈ» ទេសចរណ៍​ថៃ ក្នុងរយៈពេល ១២ ខែទៅមុខ តាមការតែងតាំងរបស់​ខ្លួន​ ចំពេលប្រទេស​បារម្ភពីវិបត្តិទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ TAT លោកស្រី Thapanee Kiatphaibool បាន​ឱ្យដឹងថា នាង Lisa ដែល​ត្រូវបាន​តែងតែងជា «ទូតសុឆន្ទៈប្រទេសថៃដ៏អស្ចារ្យ» ឬ «Amazing Thailand Ambassador» នឹង​ក្លាយជាអ្នកតំណាងទេសចរណ៍ថៃទៅកាន់ពិភពលោក​។

អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ឥទ្ធិពលរបស់នាង Lisa នឹង​ជួយជំរុញភ្ញៀវទេសចរ​ឱ្យ​ទៅលេងប្រទេសថៃ ដើម្បីជួយ​ជំរុញចំណូលពីវិស័យទេសចរណ៍ឱ្យបានលើស ៣ ទ្រីលាន​បាត ក្នុងឆ្នាំ ២០២៦។

​លោក​ស្រី Thapanee បាននិយាយយ៉ាងដូច្នេះថា៖ «ការសហការជាមួយ Lisa ក្នុងឋានៈជា ទូតសុឆន្ទៈ Amazing Thailand​ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ដើម្បី​បង្ហាញពីភាពទាក់ទាញ ភាពសម្បូរបែប និងភាពអស្ចារ្យរបស់​ថៃ តាមទស្សនៈថ្មី ដែលនឹងជំរុញទឹកចិត្តប្រជាជនថៃ និងភ្ញៀវអន្តរជាតិឱ្យស្វែងយល់ពីភាពអស្ចារ្យនៃប្រទេសថៃជាមួយគ្នា»។ ​

ប្រធាន TAT ដដែល​បន្តថា៖ «Lisa គឺជាប្រភព​នៃ​មោទនភាពបំផុតមួយ​របស់ប្រទេស​ថៃ។ ​សមិទ្ធិផល និងភាពជោគជ័យរបស់នាង ​ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ហើយ​នាងដើរតួជាកម្លាំងដ៏មានឥទ្ធិពលក្នុងការប្រាប់ពី ភាពស្រស់ស្អាត និងអត្តសញ្ញាណតែមួយគត់របស់​ថៃ​ ទៅដល់ទស្សនិកជនអន្តរជាតិឱ្យ​កាន់តែទូលំទូលាយ»។

គួរគូសបញ្ជាក់ថា ការតែងតាំងនាង Lisa នាពេលនេះ ធ្វើឡើងចំពេលដែល​ប្រទេសថៃ ធ្លាក់ចូលទៅក្នុងវិបត្តិទេសចរណ៍ ដោយសារតែបញ្ហា​ផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព​ ភាពស្រពិចស្រពិលសេដ្ឋកិច្ច​សកល វិបត្តិព្រំដែនជាមួយ​កម្ពុជា គ្រោះរញ្ជួយដី និងកំណើននៃការប្រកួតប្រជែងពីប្រទេសទិសដៅទេសចរណ៍​ដទៃ ជាដើម។ ការណ៍ទាំងនេះ ធ្វើឱ្យថៃពិបាកក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួន ឱ្យ​បាន​ដូចឆ្នាំ ២០១៩ ពោលគឺមុខសម័យកូវីដ១៩។

ចាប់ពីខែមករា ដល់ចុងខែកញ្ញា ថៃបាន​ស្វាគមភ្ញៀវទេសចរបរទេសប្រមាណ ២៣,៤៥ លាន​នាក់ ដោយធ្លាក់ចុះប្រមាណ ៧,៤៤ ភាគរយ ធៀប​នឹងរយៈពេលដូចគ្នាឆ្នាំមុន ដែល​នេះ​បង្កកង្វល់ពីគ្រប់ភាគីពាក់ព័ន្ធ ចំពេលដែលទេសចរណ៍ជាវិស័យដ៏​សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចថៃ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម