Connect with us

ព័ត៌មានជាតិ

សម្ដេច ម៉ែន សំអន ៖ ទោះបីថៃបិទច្រកទ្វារព្រំដែនអន្តរជាតិដោយឯកតោភាគីក្ដី ក៏កម្ពុជារក្សាបានល្អលើកំណើនសេដ្ឋកិច្ចជាតិ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​ជួយ​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ថា ទោះបី​ថៃ​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដោយ​ឯកតោ​ភាគី​ក្តី ក៏​កម្ពុជា​រក្សា​បាន​ល្អ​លើ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​មាន​សុខ​សន្តិភាព​ ពិសេស​អនុវត្ត​នូវ​បទ​ឈប់​បាញ់​បាន ១០០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងឱកាស​ សម្ដេច ​អញ្ជើញ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ នៃ​ការអនុវត្ត​ការងារ​របស់​គណៈកម្មាធិការ​គណបក្ស​ខេត្ត ប្រចាំ​ខែកញ្ញា និង​ទិសដៅ​ភារកិច្ច​សំខាន់ៗ ​ប្រចាំ​ខែតុលា របាយការណ៍​ប្រចាំ ៩​ ខែ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​នៅ​ត្រីមាស​ទី ​៤ ​ឆ្នាំ​ ២០២៥ ​ប្រព្រឹត្តទៅ​នៅ​ស្នាក់​ការ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី ​១៨ ខែតុលា ឆ្នាំ ​២០២៥ ដោយ​មាន​ការ​ចូលរួម​ពី ​ឯកឧត្តម លោកជំទាវ លោក លោក​ស្រី ជា​មន្ត្រី​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ស្រុក ក្រុង ចុះ​ជួយ​ខេត្ត​ប្រមាណ​ជាង ​១០០ ​នាក់ ផង​ដែរ។

ទាក់ទង​​នឹង​ស្ថានភាព សន្តិសុខ និង​សេដ្ឋកិច្ច សម្តេច​ បាន​បញ្ជាក់ថា បើទោះជា​ប្រទេស​ថៃ​បង្ក​ភាព​អសកម្ម​មកលើ​កម្ពុជា គ្រប់​សកម្មភាព គិត​រហូតមកដល់​បច្ចុប្បន្ន ក្រោម​ការ​ដឹកនាំ​របស់​ សម្ដេច​តេ​ជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភា និង ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា រក្សា​បាន​នូវ​បូរណភាព​ទឹកដី​នៅ​គ្រប់​តំបន់ ដែល​ថៃ​ចូល​ទន្ទ្រាន​ឈ្លានពាន ក្នុង​នោះ រាជរដ្ឋាភិបាល ​រក្សាបាន​ល្អ​លើ​កំណើន​សេដ្ឋកិច្ច​ជាតិ បើទោះជា​ប្រទេស​ថៃ​បាន​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដោយ​ឯកតោភាគី​ក្តី។

សម្ដេច​បាន​បញ្ជាក់​ទៀត​ថា រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​ផ្សេងៗ ដែល​កើតមាន​នៅតាម​មូលដ្ឋាន គឺជា​សមិទ្ធផលដែល​កកើត​ឡើង​ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល ដូច្នេះ មន្ត្រី​បក្ស​គ្រប់​ឋានានុក្រម​ត្រូវ​ចូលរួម​អប់រំ​កម្មករ កម្មការិនី ឲ្យ​យល់​ពី​សារប្រយោជន៍ នៃ​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ថែរក្សា​ការពារ​សមិទ្ធផល​ទាំងនោះ​ឲ្យ​បាន​គង់វង្ស ដើម្បី​ទាញយក​ផលប្រយោជន៍​ពី ​រោងចក្រ សហគ្រាស ​និង​គ្រឹះស្ថាន​ទាំង​នោះ​មក​បម្រើ​ជីវភាព​ និង​អភិវឌ្ឍន៍​គ្រួសារ ខណៈ​ខេត្តស្វាយរៀង ​មាន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុង​ខេត្ត​ និង​ខេត្ត​ជិតៗ​ រាប់ពាន់​កន្លែង។

សម្តេច ​បាន​ណែនាំ​ដល់​មន្ត្រី​ក្រុមការងារ​ចុះជួយ​ស្រុក ក្រុង ត្រូវធ្វើ​ការអប់រំ​សតិអារម្មណ៍​ប្រជាពល​រដ្ឋ ពិសេស​យុវជន​ឲ្យ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុវត្ថិភាព និង​ថែរក្សា​សមិទ្ធផល​នានា​ដែល​កើតមាន​នៅតាម​មូលដ្ឋាន ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ពលរដ្ឋ​ក្នុង​ការ​ប្រើប្រាស់។

សម្តេច​ ក៏បាន​ជំរុញ​ដល់​រដ្ឋបាល​មូលដ្ឋាន សហការ​ជាមួយ​ក្រុមការងារ​ចុះជួយ​ស្រុក ឃុំ បន្ត​ចុះ​ចលនា​ពលរដ្ឋ ពិសេស​ពលករ​ដែល​មកពី​ថៃ ឲ្យ​ពួកគាត់​ទៅ​ទទួលយក​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ពី​វិទ្យាស្ថាន​បច្ចេកទេស​ភូមិភាគ​តេ​ជោ​ហ៊ុន សែន ស្វាយរៀង ដើម្បី​ទទួលបាន​ចំណេះដឹង​យកទៅ​រក​ការងារ​ធ្វើ ស្រូប​កម្រៃ​ពលកម្ម ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ និង​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ។

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​អនុប្រធាន​គណបក្ស ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមការងារ​ថ្នាក់កណ្តាល ថ្នាក់​ខេត្ត ស្រុក ក្រុង ដែល​កន្លងមក​បាន​ដឹកនាំ​អនុវត្ត​គោលនយោបាយ​គណបក្ស ក្នុង​កិច្ចការ ការពារ និង​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​បានល្អ ធ្វើ​ឲ្យ​ពលរដ្ឋ និង​ក្រុម​អ្នក​វិនិយោគ មាន​ជំនឿ​មក​លើ​ការ​ដឹកនាំ​របស់​ សម្តេច​តេ​ជោ និង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត គ្រប់​កាលៈទេសៈ​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម