Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឥណ្ឌា៖ កម្ពុជានៅតែជាដៃគូដ៏សំខាន់ក្នុងក្របខណ្ឌគោលនយោបាយទិសបូព៌ា និងអភិវឌ្ឍរួមគ្នា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាលោក បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) បានលើកឡើងថា ប្រទេសកម្ពុជានៅតែជាដៃគូដ៏សំខាន់នៅក្នុងក្របខណ្ឌគោលនយោបាយទិសបូព៌ារបស់ឥណ្ឌា ហើយមិត្តភាពរវាងប្រទេសទាំងពីរស្ថិតនៅលើមូលដ្ឋាននៃប្រវត្តិសាស្ត្រ និងទស្សនវិស័យរួមគ្នាសម្រាប់ការអភិវឌ្ឍន៍រួម និងប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋបានលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបង្កើតឡើង ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសឥណ្ឌា ក្រោមគម្រោងផ្តល់ផលរហ័ស Quick Impact Project (QIP) នៃកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា។ កម្មវិធីសម្ពោធនេះ ក្រោមព្រះវត្តមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

លោកមានប្រសាន៍ថា ប្រទេសឥណ្ឌា និងកម្ពុជា មានទំនាក់ទំនងនិងចំណងអរិយធម៌យ៉ាងជ្រាលជ្រៅ ដែលត្រូវបានពង្រឹងនិងពង្រីកដោយមានការផ្លាស់ប្តូរគ្នាទៅវិញទៅមកខាងសាសនា និង វប្បធម៌ជាច្រើនសតវត្ស ជាពិសេសតាមរយៈព្រះពុទ្ធសាសនា ដែលបន្តជំរុញឲ្យប្រជាជនរបស់យើងមានទឹកចិត្តប្រកបដោយក្តីមេត្តា ប្រាជ្ញា និងសន្តិភាពក្នុងផ្លូវចិត្ត។ លោកថ្លែងថា៖«ប្រទេសយើងទាំងពីរគឺជាអ្នកទទួលបាននូវមរតកដ៏មានមោទនភាពនៃបេតិកភណ្ឌព្រះពុទ្ធសាសនារួមគ្នា។ ដូច្នេះវាពិតជាមានអត្ថន័យពិសេសណាស់ សម្រាប់ពួកយើងក្នុងការគាំទ្រស្ថាប័នដូចជាស្ថាប័នព្រះពុទ្ធសាសនាមួយនេះ ក្នុងកំឡុងពេលដែលយើងកំពុងរក្សានូវកេរ្តិ៍ដំណែលព្រះសាសនានោះ យើងក៏បានចាប់យកឱកាសថ្មីមួយទៀតនៃយុគសម័យឌីជីថលផងដែរ»។

លោកបានកត់សម្គាល់ឃើញថា នេះគឺជាមជ្ឈមណ្ឌលពត៌មានវិទ្យាមួយក្នុងចំណោមមជ្ឈមណ្ឌលព័ត៌មានវិទ្យាជាច្រើនដែលបង្កើតឡើងដោយប្រទេសឥណ្ឌា នៅក្នុងពុទ្ធិកសាកលវិទ្យាល័យនៅកម្ពុជា។ មជ្ឈមណ្ឌលពត៌មានវិទ្យាស្រដៀង​គ្នា​នេះដែរ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជ សាខាក្នុង​រាជធានី​ភ្នំពេញ ​ខេត្ត​បាត់ដំបង និង​សាកល​វិទ្យាល័យ​សម្តេច​ព្រះមហា​សង្ឃរាជ​បួរគ្រី។ លោកគូសបញ្ជាក់ថា គម្រោងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការលើកកម្ពស់វិស័យអប់រំឌីជីថល ការពង្រឹងសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការបន្តផ្តល់នូវអាហារូបករណ៍ និងតម្លៃព្រះពុទ្ធសាសនា។ មជ្ឈមណ្ឌលពត៌មានវិទ្យា ដែលសម្ពោធនេះនឹងផ្តល់លទ្ធភាពដល់សាស្ត្រាចារ្យ និងនិស្សិត ដើម្បីពង្រឹងចំណេះជំនាញផ្នែកឌីជីថលក្នុងការបង្កើននូវចំណេះដឹង និងឱកាសការងារ។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា ប្រទេសឥណ្ឌាពិតជាមានមោទនភាពក្នុងការអនុវត្តគម្រោងផ្តល់ផលរហ័សចំនួន ១០ ជារៀងរាល់ឆ្នាំនៅក្នុងប្រទេស​កម្ពុជា ដែលគម្រោងទាំងនោះផ្តោតលើវិស័យសំខាន់ៗដូចជា វិស័យអប់រំ ការថែទាំសុខភាព ការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី អនាម័យ និងកសិកម្ម។ គម្រោងទាំងនេះតំណាងឱ្យភាពជាដៃគូអភិវឌ្ឍដ៏រឹងមាំ និងរីកចម្រើនរវាងប្រជាជាតិយើងទាំងពីរសំដៅផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងនៅកម្រិតមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម