ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកនិយមសិល្បៈថតរូប ងាកមកឱ្យតម្លៃលើការផ្សព្វផ្សាយមរតកវប្បធម៌អរូបីជាតិ
មន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានលើកទឹកចិត្តដល់យុវជនដែលនិយម និងចូលចិត្តសិល្បៈថតរូបតាមបណ្តាញសង្គម ងាកមកចាប់អារម្មណ៍ និងឱ្យតម្លៃទៅលើការផ្សព្វផ្សាយមរតកវប្បធម៌ជាតិ តាមរយៈការនាំយក ស្នាដៃមកចូលរួមប្រកួតប្រជែង និងផ្សព្វផ្សាយតាមការតាំងពិព័រណ៍នេះវិញ។

ថ្លែងបើកពិព័រណ៍រូបថត ក្រោមប្រធានបទ “រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី” នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅសារមន្ទីរខ្លែងខ្មែរ លោក ទិត ថាវរិទ្ធ រដ្ឋលេខាធិការតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការប្រកួតប្រជែងរូបថត និងការតាំងពិព័រណ៍រូបថតដ៏មានសារៈសំខាន់នេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី” ក្នុងគោលបំណងផ្សព្វផ្សាយលើកតម្លៃមរតកវប្បធម៌អរូបីដ៏ល្អផូរផង់របស់ជាតិ។
ដោយហេតុនេះ លោកលើកទឹកចិត្តដល់យុវជនដែលនិយម និងចូលចិត្តសិល្បៈថតរូបតាមបណ្តាញសង្គម ងាកមកចាប់អារម្មណ៍ និងឱ្យតម្លៃទៅលើការផ្សព្វផ្សាយមរតកវប្បធម៌ជាតិ តាមរយៈការនាំយកស្នាដៃមកចូលរួមប្រកួតប្រជែង និងផ្សព្វផ្សាយតាមការតាំងពិព័រណ៍នាពេលនេះ ក្នុងន័យជាការបង្ហាញរូបភាពអំពីមរតកវប្បធម៌អរូបីដ៏សម្បូរបែប ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យចាប់អារម្មណ៍ចំពោះកម្ពុជា ដែលជាព្រះរាជាណាចក្រ នៃវប្បធម៌។

ពាក់ព័ន្ធនឹងពិព័រណ៍រូបថតក្រោមប្រធានបទខាងលើ លោករដ្ឋលេខាធិការបាន បន្តថា ស្នាដៃរូបថតទាំងអស់ដែលបេក្ខជនបានចូលរួមប្រកួតប្រជែងត្រូវបានគណៈកម្មការមេប្រយោគ ពិនិត្យវាយតម្លៃជ្រើសរើសចំនួន ៦០រូបថត ក្នុងចំណោមរូបថតជាច្រើនសន្លឹក យកមកតាំងបង្ហាញនាពេលនេះ។ គណៈកម្មការរៀបចំនឹងដាក់ឱ្យសាធារណជនជ្រើសរើសបន្តរករង្វាន់ជ័យលាភីប្រជាប្រិយ លេខ១ លេខ២ និងលេខ៣ រហូត ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥ខាងមុខ។
តួយ៉ាង រូបថតទាំងនេះនឹងប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងធ្វើការផ្សព្វផ្សាយតាមរយៈគេហទំព័រនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ គេហទំព័រក្រសួង និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬបញ្ជូនទៅចូលរួមតាំង ពិព័រណ៍ថ្នាក់តំបន់ និងអន្តរជាតិក្រោយពីទទួលបានការយល់ព្រមពីម្ចាស់កម្មសិទ្ធ។

លោក រដ្ឋលេខាធិការបានបន្តទៀតថាគ្រប់ផ្ទាំងរូបថតដែលបានដាក់តាំងបង្ហាញនាពេលនេះ សុទ្ធសឹងជាឯកសារដ៏មានតម្លៃ និងស្នាដៃដ៏វិចិត្រ ក្នុងវិស័យសិល្បៈថតរូប ដែលបានផ្តិតយកទិដ្ឋភាពសំខាន់ៗ សម្បត្តិបេតិកភណ្ឌអរូបី ដែលមាននៅទូទាំងប្រទេស។
លោករដ្ឋលេខាធិការ ក៏ស្នើឱ្យអ្នកជំនាញផ្នែកថតរូប ក៏ដូចជាយុវជនជំនាន់ក្រោយដែលមានទេពកោសល្យផ្នែកសិល្បៈថតរូប គួរចូលរួមបញ្ចេញស្នាដៃសិល្បៈថតរូបពាក់ព័ន្ធនឹងសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក ជាចំណែកនៃការទាក់ទាញទេសចរណ៍ចូលមកកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត។
លើសពីនេះនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌គួរលើកគម្រោងរៀបចំពិព័រណ៍បែបនេះ ឱ្យបានកាន់តែទូលំទូលាយ តាមបណ្តារាជធានី-ខេត្ត ដើម្បីជាចំណែកនៃការផ្សព្វផ្សាយ និងបំផុសគំនិតសិក្សាស្វែង យល់អំពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដល់យុវជនជំនាន់ក្រោយ។

លោក ឈុំ ម៉េងហុង អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានឱ្យដឹងដែរថាពិព័រណ៍រូបថតនេះរៀបចំឡើងក្នុងគោលបំណងដើម្បីបើកឱកាស និងលើកទឹកចិត្តដល់សាធារណជន ពិសេសយុវជន សិស្សានុសិស្សដែលស្រឡាញ់ និងចូលចិត្តសិល្បៈថតរូប ដើម្បីបានបង្ហាញពីទេពកោសល្យ និងស្នាដៃរបស់ខ្លួន លើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃនៃបេតិកភណ្ឌវប្បធម៌អរូបី ទទួលបានឯកសារជាបណ្ដុំនៃរូបថតដែលមានគុណភាពខ្ពស់ ដើម្បីប្រើជំរុញការផ្សព្វផ្សាយពីសក្តានុពលដ៏សម្បូរបែបនៃបេតិកភណ្ឌវប្បធម៌អរូបី តាមតំបន់សហគមន៍ទូទាំងប្រទេស ប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងជាផែនទីចង្អុលផ្លូវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ព្រោះថា ពិព័រណ៍រូបថតក៏ជាជ្រុងមួយដ៏សំខាន់ និងមានប្រសិទ្ធិភាពក្នុងការផ្តិតយកទស្សនីយភាព និងសកម្មភាពដ៏រស់រវើកអំពីបេតិកភណ្ឌវប្បធម៌ទាំងនេះទៅកាន់សង្គមជាតិ និងអន្តរជាតិ៕ អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


