Connect with us

ព័ត៌មានជាតិ

សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ត្រូវបានបញ្ជូនទៅរដ្ឋសភា ដើម្បីសុំការអនុម័ត

បានផុស

នៅ

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានព្រឹទ្ធសភាបញ្ជូនទៅរដ្ឋសភា ដើម្បីសុំការអនុម័ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជូនសេចក្ដីស្នើច្បាប់ ដែលស្នើឡើងដោយព្រឹទ្ធសភាទៅកាន់រដ្ឋសភានេះ គឺបានធ្វើឡើងតាមរយៈការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ក្រោមវត្តមានដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

គួរបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រជុំ នាថ្ងៃនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា មានរបៀបវារៈតែមួយប៉ុណ្ណោះ គឺពិនិត្យ និងសម្រេចសំណើរបស់គណៈកម្មការពិសេស លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកនេះតែម្ដង។

បើយោងតាមសេចក្ដីប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបង្ហាញឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនសេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភានេះទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តតាមការគួរ។

គម្រោងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអនុវត្តតាមការចង្អុលបង្ហាញរបស់ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានណែនាំឱ្យសិក្សារៀបចំឡើងវិញនូវប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាឱ្យមានទម្រង់ដូចទៅនឹងប្រព័ន្ធបោះឆ្នោតរដ្ឋសភា ដោយដូរពីការបោះឆ្នោតតាមភូមិភាគ ទៅជាសមាមាត្រតាមមណ្ឌលរាជធានីខេត្តទាំង២៥ ជំនួសវិញ។

ដោយមានការចង្អុលបង្ហាញដូច្នេះ ព្រឹទ្ធសភាក៏បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីពិនិត្យ សិក្សា និងស្រាវជ្រាវទៅលើប្រព័ន្ធបោះឆ្នោតព្រឹទ្ធសភាកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងៗនៅអាស៊ី អឺរ៉ុប រួមទាំងសហរដ្ឋអាមេរិក។

ក្រោយបានពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្រាវជ្រាវពាក់ព័ន្ធទៅនឹងប្រព័ន្ធបោះឆ្នោតនេះជាច្រើនលើកច្រើនសារ រាប់ទាំងការរៀបចំសិក្ខាសាលា ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងក្រសួងស្ថាប័នជំនាញនោះ គណៈកម្មការពិសេសដឹកនាំរបស់លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានសម្រេចជាឯកច្ឆន្ទស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយកែសម្រួលមណ្ឌលបោះឆ្នោតពីភូមិភាគ ទៅរាជធានី-ខេត្ត ដូចរដ្ឋសភា។

គោលដៅចម្បងនៃសេចក្តីស្នើច្បាប់នេះ ត្រូវបានអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ធ្លាប់បានលើកឡើងថា គឺដើម្បីពង្រឹងគណនេយ្យភាព និងការទទួលខុសត្រូវរបស់សមាជិកព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត គឺក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភាត្រូវចុះជាប់ជាប្រចាំនៅមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម