Connect with us

សន្តិសុខសង្គម

សពបុរសវ័យ៦៨ឆ្នាំដែលបាត់ខ្លួនក្នុងករណីបើក​រថយន្ដធ្លាក់ទន្លេកំពង់ចាម ត្រូវបានរកឃើញហើយ​នៅព្រឹកថ្ងៃទី៣១តុលានេះ

បានផុស

នៅ

សពបុរសម្នាក់ដែលមានជំងឺប្រចាំកាយ និងមានវ័យ៦៨ឆ្នាំដែលបាត់ខ្លួនក្នុងហេតុការណ៍គ្រោះថ្នាក់បើករថយន្ដធ្លាក់ទន្លេមេគង្គកំពង់ចាម នៅចំណុចភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងសមត្ថកចិ្ចរកឃើញហើយនៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ប៉ាក ជាតិ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ មក កម្ពុជាថ្មី នៅមុននេះបន្តិច។ ជនរងគ្រោះមានឈ្មោះ យ៉េវ ម៉ាប់ ភេទប្រុស អាយុ៦៨ឆ្នាំ មានទីលំនៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអធិការស្រុកស្រីសន្ធរ បញ្ជាក់ថា សពជនរងគ្រោះត្រូវបានរកឃើញនៅវេលាម៉ោង៧ព្រឹក ថ្ងៃទី៣១តុលានេះ នៅចំណុចស្ពានព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ម៉ោងប្រហែល១០និង១១នាទី មានហេតុការណ៍រថយន្ដបើកធ្លាក់ចូលទឹកទន្លេមេគង្គកំពង់ចាម នៅចំណុចផ្លូវកោង ក្នុងភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងហេតុការណ៍នេះ ភ្លាមៗប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចបានរកឃើញជនរងគ្រោះ៣នាក់ ក្នុងនោះមានម្នាក់ស្លាប់ និងរងរបួស២នាក់ ខណៈពីរនាក់ទៀតបាត់ខ្លួនជាមួយរថយន្ដ។

បន្ទាប់មានការអន្តរាគមន៍ពីសមត្ថកិច្ច នៅល្ងាចថ្ងៃដដែល សពស្ត្រីរងគ្រោះម្នាក់ទៀតត្រូវបានរកឃើញស្លាប់នៅក្នុងរថយន្ដ ចំណែកបុរសដែលមានវ័យ៦៨ឆ្នាំ និងមានជំងឺប្រចាំកាយផងនោះ ត្រូវបានទឹកហូរកួចចេញពីរថយន្ដបាត់។

គិតត្រឹមព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃមកហើយ ទើបប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងសមត្ថកិច្ចស្វែងរកសពជនរងគ្រោះឃើញដែលមានសភាពហើមស្អុយទៅហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម