Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​នឹង​រៀបចំ​វេទិកា​ជជែក​ដេញដោល​សាធារណៈ​លើ​ការ​លុបចោល MOU ៤៣-៤៤ ជាមួយ​កម្ពុជា

បានផុស

នៅ

រដ្ឋាភិបាល​ថៃ​នឹង​ចាប់ផ្តើម​រៀបចំ​វេទិកា​ជជែក​ដេញដោល​សាធារណៈ​ទូទាំង​ប្រទេស​លើ​បញ្ហា​ថា​តើ​គួរ​លុបចោល​កិច្ចព្រមព្រៀង​ព្រំដែន​ទាំងពីរ​ដែល​គេ​ស្គាល់​ថា MOU ៤៣ និង ៤៤ ដែរ​ឬ​អត់។ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ជាន់ខ្ពស់​ថៃ​​ម្នាក់​នា​​ថ្ងៃចន្ទ​ទី​១៧​ខែ​វិច្ឆិកា​នេះ​ ដោយ​លោក​បាន​សង្កត់ធ្ងន់​ថា គណបក្ស​កាន់អំណាច​ Bhumjaithai មាន​ជំហរ​ច្បាស់លាស់ ប៉ុន្តែ​ក៏​ត្រូវ​ពិចារណា​លើ​មតិ​សាធារណៈ​ផង​ដែរ។

លោក Paradorn Prisanananthakul
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៍មានថៃ Top News លោក Paradorn Prisanananthakul រដ្ឋមន្ត្រី​ប្រចាំ​ការិយាល័យ​នាយករដ្ឋមន្ត្រី បាន​និយាយ​ថា លោក អនុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី និង​ជា​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​មន្ត្រី​ឲ្យ​ប្រមូល​ទស្សនៈ​ពី​សមាជិក​សភា និង​ព្រឹទ្ធសភា មុន​នឹង​ធ្វើការ​សម្រេចចិត្ត​ណាមួយ​លើ​ជោគវាសនា​នៃ​អនុស្សរណៈ​យោគយល់ (MOUs) ដែល​បាន​ចុះហត្ថលេខា​ជាមួយ​កម្ពុជា​ក្នុង​ឆ្នាំ២០០០ និង២០០១។

លោក​បាន​បន្ត​ថា អនុនាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ច្បាប់ លោក Bowornsak Uwanno បាន​ចាត់តាំង​រូបលោក​ថ្មីៗ​នេះ​ឲ្យ​សម្របសម្រួល​ជាមួយ​គណៈកម្មាធិការ​សភា​ដែល​កំពុង​សិក្សា​បញ្ហា​នេះ។ លោក​បាន​បន្ថែម​​ថា គណៈកម្មាធិការ​ទាំងនោះ​បាន​យល់ព្រម​រៀបចំ​វេទិកា​ជជែក​ដេញដោល​ដើម្បី​អប់រំ​សាធារណជន និង​ប្រមូល​មតិ​យោបល់។

លោក Paradorn បាន​បញ្ជាក់​ទៀត​​ថា ការ​ជជែក​ដេញដោល​នឹង​នាំ​ភាគី​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​ការ​លុបចោល MOUs មក​ជុំគ្នា ហើយ​នឹង​ផ្តោត​លើ​ខេត្ត​ព្រំដែន​ចំនួន​៧ ដែល​រងផលប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​កិច្ចព្រមព្រៀង​នេះ។ វេទិកា​បន្ទាប់​នឹង​ត្រូវ​​ធ្វើ​នៅ​​តាម​តំបន់​ផ្សេងៗ​ទៀត ដោយ​រដ្ឋាភិបាល​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​ទាំងអស់។

ឆ្លើយតប​នឹង​សំណួរ​ថា ហេតុអ្វី​បានជា​គណៈរដ្ឋមន្ត្រី​មិន​គ្រាន់តែ​បោះឆ្នោត​លុបចោល MOUs នោះ លោក Paradorn បាន​រៀបរាប់​ថា រដ្ឋាភិបាល​ចង់​ធានា​ឲ្យ​មាន​ការ​ចូលរួម​ពី​សាធារណជន។ លោក​ថ្លែង​ថា «ប្រជាជន​ត្រូវ​ទទួល​បាន​ព័ត៌មាន​ពេញលេញ ដើម្បី​ធ្វើការ​សម្រេចចិត្ត​ដោយ​មាន​ព័ត៌មាន​គ្រប់គ្រាន់»។

សូម​ជម្រាប​ថា MOU ៤៣-៤៤ សំដៅ​ទៅលើ​អនុស្សរណៈ​យោគយល់ (Memorandum of Understanding) ចំនួន​ពីរ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ នា​អំឡុង​ឆ្នាំ២០០០ និង ២០០១។ អនុស្សរណៈ​យោគយល់​នេះ​ ស្ដី​ពី​ការ​បោះបង្គោល​ព្រំដែន​គោក និង​ការ​រុករក ព្រម​ទាំង​​ការ​អភិវឌ្ឍ​តំបន់​ត្រួតស៊ីគ្នា​នៅ​លើ​ដែន​សមុទ្ររវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ។ យ៉ាង​ណា​មិញ បច្ចុប្បន្ន MOU ទាំងពីរ​នេះ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​រសើប​ក្នុង​នយោបាយ​ថៃ ដោយ​​ក្រុម​អ្នកនយោបាយ​មួយ​ចំនួន (រួមទាំង​គណបក្ស Bhumjaithai​​) ជំរុញ​​ឲ្យ​មាន​ការ​លុបចោល ដោយ​លើកឡើង​ពី​កង្វល់​ថា​វា​អាច​ធ្វើ​​ឲ្យ​​ថៃ​បាត់បង់​អធិបតេយ្យភាព​ទឹកដី និង​ផលប្រយោជន៍​ធនធាន​ធម្មជាតិ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម