Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះហ្គាស ក្នុងអណ្តូងរ៉ែធ្យូងថ្មនៅ​ចិន ផ្តាច់ជីវិតមនុស្ស ៨នាក់ និងជាប់គាំងរាប់សិបនាក់

បានផុស

នៅ

កម្មកររ៉ែធ្យូងថ្មចំនួន ៨នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និង ៣៨នាក់ទៀត កំពុងតែជាប់គាំងនៅក្រោមដី ក្រោយពីមានហេតុការណ៍ផ្ទុះហ្គាសយ៉ាងរន្ធត់មួយ បានកើត​ឡើង កាលពីយប់ថ្ងៃសុក្រ ទី​២២ ខែ​ឧសភា ឆ្នាំ​២០២៦ នៅអណ្តូងរ៉ែមួយកន្លែង ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​នៅ​ថ្ងៃសៅរ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ Xinhua នៅខណៈពេលដែលគ្រោះថ្នាក់នេះបានផ្ទុះឡើង មានកម្មកររហូតដល់ទៅ ២៤៧នាក់ កំពុងតែបំពេញការងារយ៉ាងមមាញឹកនៅក្រោមដីជ្រៅ ដែលធ្វើឱ្យស្ថានភាពកាន់តែមានភាពច្របូកច្របល់ និងគួរឱ្យភ័យខ្លាចបំផុត។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ បានប្រញាប់ប្រញាល់ចុះទៅជួយទាំងយប់ ប៉ុន្តែអ្វីដែលជាឧបសគ្គធំបំផុតនោះគឺ បរិមាណហ្គាសពុលម្យ៉ាង ហៅ​ថា កាបូនម៉ូណូអុកស៊ីត ដែលគ្មានពណ៌គ្មានក្លិន បានលេចធ្លាយឡើងខ្ពស់ហួសកម្រិតកំណត់។ អាជ្ញាធរមូលដ្ឋាន បានបង្ហើបថា ស្ថានភាព​កម្មករ ដែលកំពុងជាប់គាំងនៅខាងក្រោម គឺស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារតែពួកគេកំពុងខ្វះខ្យល់ដកដង្ហើម រីឯមូលហេតុពិតប្រាកដនៃការផ្ទុះនេះ គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងដិតដល់នៅឡើយ។

ជាការពិតណាស់ ខេត្ត Shanxi គឺជាប្រភពរ៉ែធ្យូងថ្មដ៏ធំបំផុត ប៉ុន្តែក៏ជាតំបន់ដាច់ស្រយាល និងក្រីក្រមួយរបស់ប្រទេសចិនផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានព្យាយាមរឹតបន្តឹង និងកែលម្អប្រព័ន្ធសុវត្ថិភាពជាង​មុន ប៉ុន្តែ​គ្រោះថ្នាក់ការងារបែបនេះ នៅតែបន្តកើតមានជាញឹកញាប់ ដ្បិតអីការអនុវត្តច្បាប់សុវត្ថិភាពនៅតាមអណ្តូងរ៉ែមួយចំនួន នៅមានភាពធូររលុង។ រហូតមកដល់បច្ចុប្បន្ន ប្រទេសចិននៅតែជាអ្នកប្រើប្រាស់ធ្យូងថ្ម និងបញ្ចេញផ្សែងពុលច្រើនជាងគេលើពិភពលោក បើទោះជាពួកគេ កំពុងខិតខំ​ប្រឹងប្រែង​ដំឡើងប្រព័ន្ធថាមពលបៃតងលឿន​ដូច​ហោះ​​ក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម