ព័ត៌មានជាតិ
ឆ្នាំនេះ មូលនិធិម៉ានី និងសប្បុរសជនសហការគ្នាបង្កើតព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ
ឆ្នាំនេះ គឺជាឆ្នាំទី៥ហើយដែលសប្បុរសជនកម្ពុជាបានរួមគ្នាបង្កើតព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ។ ប៉ុន្តែ នៅឆ្នាំនេះ គឺពិសេសជាងឆ្នាំមុនៗ ដោយមូលនិធិម៉ានី បានប្រកាសគាំទ្រ និងចូលរួមព្រឹត្តិការណ៍រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរនេះ។ ព្រឹត្តិការណ៍នេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីកា«រដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥» នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក រស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះបានលើកឡើងថា ព្រឹត្តិការណ៍នេះ មានសារៈសំខាន់ណាស់ក្នុងជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតថវិកាផ្គង់ផ្គង់ដល់ការជួយសង្រ្គោះ និងព្យាបាលកុមារដែលមានជំងឺផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ បើតាមលោក រស់ សាត ប្រជាពលរដ្ឋដែលចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោនេះ មិនត្រឹមតែជួយដល់មន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដើរលេងកម្សាន្តនាចុងឆ្នាំ និងជាការដើរហាត់ប្រាណរួមគ្នាបង្កើតអនុស្សាវរីយលើភ្នំបូកគោផងដែរ។ សម្រាប់លោក រស់ សាត ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីស្មារតី និងសាមគ្គីភាព«ខ្មែរស្រឡាញ់ខ្មែរ» ហើយលោកជឿជាក់ថា ព្រឹត្តិការណ៍ចុងឆ្នាំនេះ នឹងមានអ្នកចូលរួមច្រើន ដើម្បីប្រមូលថវិកាបានច្រើនជួយសង្គ្រោះកុមារកម្ពុជា។

ដ្បិតថា ឆ្នាំនេះ ជាឆ្នាំទី៥នៃព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ប៉ុន្តែ វាជាលើកទី១សម្រាប់លោក រស់ សាត ក្នុងការមកដឹកនាំគម្រោងព្រឹត្តិការណ៍សប្បុរសធម៌នេះ។ លោកអះអាងថា លោកមានមោទនភាពណាស់ដែលបានក្លាយជាចំណែកដ៏សំខាន់មួយនៃដំណើរការព្រឹតិ្តការណ៍មួយនេះ។ ទោះជាយ៉ាងណា លោកថា សម្រាប់ការដឹកនាំគម្រោងនេះ បញ្ហាលំបាកតែងតែមាន តែមិនជាអ្វីនោះទេ ពីព្រោះលោកទទួលបានគាំទ្រ លើកទឹកចិត្ត និងជួយប្រឹក្សាយោបល់ពី លោក អ៊ីវ គឹមសួរ ដែលជាស្ថាបនិក និងជាទីប្រឹក្សាគម្រោង«ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥»។

ចំពោះលោក លោក អ៉ីវ គីមសួរ វិញ លោកថា បើទោះបីរូបលោកមិនបានដឹកនាំគម្រោងនេះដោយផ្ទាល់ក្តី ប៉ុន្តែ លោកនៅតែបន្តគាំទ្រ និងជួយ ដើម្បីធ្វើយ៉ាងណាឱ្យគម្រោងនេះដំណើរការទៅដោយរលូន និងជោគជ័យ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លោក លោក អ៉ីវ គីមសួរ អះអាងឱ្យដឹងថា ការរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរនេះ គឺដោយសារមន្ទីរពេទ្យបានជួយព្យាបាល និងសង្គ្រោះជីវិតកុមារប្រមាណជាង៤រយនាក់ជារៀងរាល់ថ្ងៃ ហើយត្រូវការថវិកាជាច្រើន ដើម្បីជួយទ្រទ្រង់ដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យ។ ក្រៅពីជួយដល់មន្ទីរពេទ្យកុមារអង្គរ ព្រឹត្តិការណ៍នេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណដើម្បីសុខភាព ការជំរុញកំណើនទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅពេលចុងឆ្នាំ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជា ឆ្នាំ២០២៥» លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរ បានសម្តែងការអរគុណដល់សប្បុរសជន និងមូលនិធិម៉ានី ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។ លោកស្រីថា ព្រឹត្តិការណ៍នេះ ពិតជាបានចូលរួមចំណែកក្នុងការជួយព្យាបាល និងសង្គ្រោះជីវិតកុមារជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា ដែលមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការថវិកាប្រមាណ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ។ ក្នុងនាមតំណាងឱ្យមន្ទីរពេទ្យកុមារអង្គរ លោកស្រី ស៊ិនកេត អរុណ សង្ឃឹមជឿជាក់ថា សប្បុរសជនជាច្រើន នឹងចូលរួមព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលជាការចូលរួមជួយសង្រ្គោះដល់កុមារជាច្រើននាក់នៅក្នុងប្រទេសកម្ពុជា។
ដោយឡែក លោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី បានគូសបញ្ជាក់ឱ្យដឹងថា មូលហេតុដែលមូលនិធិម៉ានីចូលរួមគាំទ្រដល់គម្រោងព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរនេះ ពីព្រោះវាត្រូវនឹងគោលដៅចម្បងនៃមូលនិធិម៉ានី គឺការជួយសង្គ្រោះជីវិតកុមារជាមួយនឹងការជួយដល់ជនមានពិការភាព និងអ្នកងាយរងហានិភ័យផ្សេងៗ។ សម្រាប់លោក លី ឧត្តម មូលនិធិម៉ានី នឹងបន្តកាគាំទ្រដោយក្តីរីករាយបំផុតចំពោះព្រឹត្តិការណ៍ទាំងឡាយណា ដែលធ្វើឡើងក្នុងគោលបំណងបំផុសឱ្យមានការចូលរួមជួយដល់កុមារ ជនមានពិការភាព និងអ្នកងាយរងហានិភ័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក អ៉ីវ គីមសួរ ជាChapter President of BNI & Action Coach នៅក្នុងឆ្នាំ២០២១។ ការសម្រេចរៀបចំព្រឹត្តិការណ៍នេះឡើយ ដោយសារលោក អ៉ីវ គីមសួរ និងសប្បុរសជនដទៃទៀត បានមើលឃើញពីបេសកម្មសង្គ្រោះកុមារដ៏ធំធេងរបស់មន្ទីពេទ្យកុមារអង្គរ ដែលពិនិត្យ និងព្យាបាលកុមារ មិនយកកម្រៃប្រកបដោយវិជ្ចាជីវៈខ្ពស់ និងដោយទឹកចិត្តមេត្តាករុណា។ តាំងពីឆ្នាំ២០២១មក ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី៥ហើយ។
សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះ ដំណើរឡើងភ្នំបូកគោ គឺមានចម្ងាយ៣១គីឡូម៉ែត និងប្រើពេលវេលាប្រមាណ៧ម៉ោង។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែរៃអង្គាសថវិកានោះទេ វាបានជួយលើកកម្ពស់សកម្មភាពកីឡា និងការហាត់ប្រាណ ជំរុញគោលដៅទេសចរណ៍«ឋានសួគ៌បូកគោ» ទំនាក់ទំនងសង្គមអាជីវកម្ម និងស្មារតីសប្បុរសធម៌ មនុស្សធម៌របស់សង្គមជាតិកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥។ ចំពោះសប្បុរសជនមានការចាប់អារម្មណ៍ សូមទាក់ទងទូរស័ព្ទ និងតេលេក្រាមលេខ (086 256585 / 089588808)៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


