Connect with us

ព័ត៌មានជាតិ

សាលាចំនួន ៣៧៧ ត្រូវបានបិទទ្វារប៉ះពាល់សិស្សជិត ៨ម៉ឺននាក់ ក្រោយថៃវាយប្រហារជាថ្មីមកលើកម្ពុជា

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី៨ ខែធ្នូនេះ មានសាលារៀនចំនួន ៣៧៧ ត្រូវបានបិទទ្វារ ប៉ះពាល់ដល់គ្រូបង្រៀន ៣ ១៩៧ នាក់ និងសិស្សានុសិស្ស ៧៨ ៥៨៥ នាក់ នៅក្នុងខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយហេតុការណ៍ឈ្លានពាននេះ លោកស្រីបញ្ជាក់ថា ក្រសួងអបរំ នឹងធ្វើការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងសាលារៀនដូចជាមន្ទីរអប់រំយុវជននិងកីឡាខេត្តនានានៅតាមតំបន់ជាប់ព្រំដែននិងអាជ្ញាធរដែនដី ដើម្បីដាក់ចេញវិធានការឱ្យបានទាន់ពេលវេលាដើម្បីធ្វើយ៉ាងណារក្សាសុខសុវត្ថិភាពដល់ប្អូនៗសិស្សានុសិស្សអ្នកគ្រូលោកគ្រូក៏ដូចជាបុគ្គលិកអប់រំនៅតាមព្រំដែន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅព្រលានថ្មក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម