សេដ្ឋកិច្ច
ក្រសួងឧស្សាហកម្ម ជំរុញឱ្យរោងចក្រសហគ្រាស ចាប់យកផលិតភាពជាវប្បធម៌ស្នូល សម្រាប់អាជីវកម្ម
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំពិធីប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ឆ្នាំ២០២៥ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រោងចក្រ សហគ្រាស និងសិប្បកម្មនានា ក្នុងការបង្កើនប្រសិទ្ធភាពការងារ គុណភាព និងការកែលម្អជាបន្តបន្ទាប់។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់នេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានសង្កត់ធ្ងន់លើតួនាទីនៃផលិតភាព ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាជីវកម្ម និងកំណើនសេដ្ឋកិច្ច ពិសេសខណៈដែលតម្រូវការផលិតផលក្នុងស្រុកដែលមានគុណភាព កំពុងបន្តកើនឡើងខ្ពស់។
លោក ហែម វណ្ណឌី បានលើកឡើងថា៖ «ការអនុវត្តវិធីសាស្ត្រផលិតភាព «ស៥» មានគុណសម្បតិ្តមិនត្រឹមតែជួយរៀបចំសណ្តាប់ធ្នាប់ និងរក្សាភាពស្អាតជានិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនសុវត្ថិភាពការងារ កាត់បន្ថយថ្លៃដើម លើកទឹកចិត្តបុគ្គលិក ពង្រឹងគុណភាពផលិតផល និងបង្កើនបរិមាណផលិតកម្ម ដែលនាំឱ្យក្រុមហ៊ុន-សហគ្រាស បង្កើនប្រាក់ចំណេញ»។

វិធីសាស្រ្តដំបូងរបស់ផលិតភាព «ស៥» ផ្តើមចេញពី “ស” ទាំង៥ រួមមានសម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ ជាវិធីសាស្រ្តសាមញ្ញ ដែលអាចអនុវត្តបាននៅគ្រប់ទីកន្លែង គ្រប់ប្រភេទ និងគ្រប់ទំហំក្រុមហ៊ុន-សហគ្រាស។
ក្រសួងឧស្សាហកម្ម បាននិងកំពុងគាំទ្ររោងចក្រ សហគ្រាស និងសិប្បកម្មនៅកម្ពុជា ក្នុងការប្រែក្លាយការអនុវត្តវិធីសាស្ត្រនេះ ទៅជាទម្លាប់ប្រចាំថ្ងៃ វិន័យការងារ និងជាវប្បធម៌ស្ថាប័ន ដើម្បីនិរន្តរភាពនៃការកែលម្អផលិតភាព។
លោក ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានលើកឡើងថា៖ «ម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ទាំងនេះគឺជាគំរូសម្រាប់សហគ្រាសដទៃទៀត ដែលស្វែងរកការលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង ដែលរួមទាំងការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថលផងដែរ»។

ចាប់តាំងពីឆ្នាំ២០១៤ ក្រសួងឧស្សាហកម្ម តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិនៃកម្ពុជា បានរៀបចំកម្មវិធីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» ជារៀងរាល់ឆ្នាំ ដែលមានរោងចក្រ សហគ្រាស និងសិប្បកម្មចូលរួមសរុបចំនួន ៨៩៤ នៅទូទាំងប្រទេស។
សម្រាប់ឆ្នាំ២០២៥ ក្រុមហ៊ុនចំនួនបីត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភីពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» គឺ៖ ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក, បូវឃើរ ហ្គាមេន ហ្វេកធើរី (ខេមបូឌា) ខមភេនី លីមីតធីត, និង ធីធីអិមអិល ខមមើសល ឡនឌ្រី ឯ.ក។
ក្រសួងអំពាវនាវឱ្យរោងចក្រ សហគ្រាស និងសិប្បកម្ម ចូលរួមអនុវត្តវិធីសាស្ត្រ «ស៥» ឱ្យបានកាន់តែផុលផុស និងចូលរួមកម្មវិធីពានរង្វាន់នេះសម្រាប់ឆ្នាំបន្តបន្ទាប់។ ការដាក់ពាក្យចូលរួមមិនត្រូវបានគិតថ្លៃឡើយ ហើយក្រសួងនឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងប្រឹក្សាយោបល់ផ្នែកផលិតភាព ដើម្បីគាំទ្រនិរន្តរភាពនៃការកែលម្អផលិតភាព នៅតាមមូលដ្ឋានផលិតកម្ម និងសេវាកម្មទូទាំងប្រទេស៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


