Connect with us

កីឡា

លីគ​​កំពូល​​កម្ពុជា​ កាន់​តែ​ប្រកៀកប្រកិត​គ្នារវាង​ក្រុម​ខ្លាំងៗ​

បានផុស

នៅ

ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា កាន់​តែ​ប្រកៀក​ប្រកិត​គ្នា​​ខ្លាំង​ឡើង បន្ទាប់​ពី​ចប់​សប្តាហ៍​ទី​១៣ ដោយ​ក្រុម​ខ្លាំង​ៗសុទ្ធ​តែ​បង្ហាញ​ភាព​រឹង​មាំ​ដូច​គ្នា​ដើម្បី​ប្រជែង​ជើងឯក​នៅ​ក្នុង​រដូវ​កាល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​តែ​បន្ត​ឈរ​លើ​កំពូល​តារាង ដោយ​មាន ៣៣ ពិន្ទុ បើ​ទោះ​ជា​បាន​ចាញ់ បឹងកេត ដោយ​លទ្ធផល ១-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក កាល​ពី​ថ្ងៃសៅរ៍ ទី​២៦ ខែ​ធ្នូ ឆ្នាំ ២០២៥។ ពួក​គេបាន​នាំ​មុខ​តែ ៣ ពិន្ទុ​ប៉ុណ្ណោះ លើ​គ្រូ​ប្រជែង​ ភ្នំពេញ​ក្រោន ដែល​មាន ៣០​ ពិន្ទុ ប៉ុន្តែ​ ភ្នំពេញ​ក្រោន ទើប​ឆ្លង​កាត់ ១២​ ប្រកួត​ ដោយឈ្នះ ៩ និង​ស្មើ ៣។ ដូច្នេះ​ប្រសិន​បើ​ការ​ប្រកួត​សប្តាហ៍​ទី​១៣ ពួក​គេឈ្នះគឺ​មាន​ពិន្ទុ​ស្មើ​គ្នា​ទៅ​ហើយ។

បឹងកេត បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​មែន​ទែន​សម្រាប់ ២ ប្រកួត​ចុង​ក្រោយ។ ពួក​គេ​​បាន​ចាញ់ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ០-១ កាល​ពី​សប្តាហ៍​ទី​១២ ដោយសារ​កីឡាករ​បរទេស​ថ្មី​ទើប​តែ​ចូល​រួម​ជា​មួយ​ក្រុម។ បន្ទាប់​មក​នៅ​សប្តាហ៍​ទី​១៣ ពួក​គេបង្ហាញ​ភាព​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដោយ​បាន​យក​ឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ២-១ ដើម្បី​មាន ២២ ពិន្ទុ ឈរ​លេខ ៤ ក្នុង​តារាង។

បឹងកេត និង ភ្នំពេញ​ក្រោន បាន​ជួប​គ្នា​ទាំង​ពីរ​ជើង​រួច​រាល់​ដោយ​ជើង​ទី១​ស្មើ​គ្នា ០-០ ហើយ​ជើង​ទី​២ ភ្នំពេញ​ក្រោន ឈ្នះ ១-០។ បឹងកេត និង ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​បាន​បញ្ចប់​ទាំង​ពីរ​ជើង​ដែរ​គឺ​ជើង​ទី១ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ ៣-០ ខណៈ​ជើង​ទី​២ បឹងកេត ឈ្នះ ២-១។ អ្វី​ដែល​គួរ​ឲ្យ​សំគាល់ បឹងកេត បាន​បញ្ចប់​ភាព​មិន​ដែល​ឈ្នះ ១០ ប្រកួត​ជាប់​គ្នា​ជា​មួយ​ព្រះ​ខ័ន​រាជ​ស្វាយរៀង។

គូ​ដែល​គួរ​ឲ្យ​អារម្មណ៍​សម្រាប់​ជើង​ទី​២គឺ រវាង ភ្នំពេញ​ក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​មករា ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ភ្នំពេញ​ក្រោន។ កាល​ពី​ជើង​ទី​១ ភ្នំពេញ​ក្រោន បានឈ្នះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដោយ​លទ្ធផល ៣-២ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ដូច្នេះ​ការ​ជួប​គ្នា​នៅ​ជើង​ទី​២ នឹង​ក្លាយ​ជា​ការ​ប្រកួត​មួយដ៏​សំខាន់​បំផុត​ដើម្បី​ប្រជែង​គ្នា​នៅ​លើ​កំពូល​តារាង មុន​ពេល​ក្រុម​ទាំង​ពីរ​ត្រូវ​ជួប​គ្នា ២ ប្រកួត​ទៀតក្នុង​ពាន​រង្វាន់​អន្តរជាតិ AFC Challenge League មុន​ពេល​ឈាន​ចូល​ជុំ​ទី​៣​នៃ​លីគ​កំពូល​កម្ពុជា គឺ វគ្គ ៦​ក្រុម​លំដាប់​កំពូល​ចុង​ក្រោយ​ដែល​ត្រូវ​ប្រកួត​គ្នា​ ២ ជើង​ទៀត។

ជា​រួម​ការ​ប្រកួត​ឈាន​ចូល​សប្តាហ៍​ទី​១៣ នៃ​ជើង​ទី​២ លីគ​កំពូល​កម្ពុជា គឺ​ក្រុម​លំដាប់​កំពូល​ទាំង​ ៤ គឺ​សុទ្ធ​តែ​មាន​ឱកាស​ឈ្នះ​ជើង​ឯក​ដូច​គ្នា ខណៈ​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​​រួច​ទៅ​ហើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម