កីឡា
លោក Munoz មើលឃើញផលអវិជ្ជមាន ២ បើលីគ កម្ពុជា បន្ថែមកូតាកីឡាករបរទេស
គ្រូបង្វឹកសញ្ជាតិ អេស្ប៉ាញ លោក Pep Munoz បានឆ្លើយតបនឹងទស្សនៈរបស់គ្រូបង្វឹក ភ្នំពេញក្រោន លោក Oleg Starynski ដែលចង់ឱ្យ «លីគកំពូល កម្ពុជា គួរបន្ថែមកូតាកីឡាករបរទេស ដើម្បីមានលទ្ធភាពប្រជែងពាន AFC Champions League Two នៅរដូវកាលក្រោយ» ហើយលោកបានសម្លឹងឃើញនូវផលអវិជ្ជមាន ២ ប្រសិនបើធ្វើដូច្នេះ។

អំឡុងសន្និសីទសារព័ត៌មានមុនការប្រកួតវគ្គ ៨ ក្រុមពាន AFC Challenge League កាលពីថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៦ លោក Oleg បានទទូចឱ្យលីគកំពូល កម្ពុជា គួរតែបន្ថែមកូតាកីឡាករបរទេសឱ្យច្រើនជាងបច្ចុប្បន្ន ដែលកំណត់ក្នុងមួយក្រុមមានកីឡាករបរទេស ៦ នាក់ ដោយសារនៅរដូវកាលក្រោយ ក្រុម កម្ពុជា ត្រូវប្រកួតពាន AFC Champions League Two។
អតីតគ្រូព្រះខ័នរាជស្វាយរៀង លោក Pep Munoz យល់ថា បើលីគឱ្យក្លិបនីមួយៗបន្ថែមកូតាកីឡាករបរទេស នោះនឹងជះឥទ្ធិពលធ្វើឱ្យកីឡាករខ្មែរមិនសូវមាននាទីលេង។ រឿងនេះវាចាំបាច់សម្រាប់ក្លិបអាជីព ប៉ុន្តែវានឹងប៉ះពាល់ដល់ជម្រើសជាតិ កម្ពុជា និងក្លិបតូចៗមួយចំនួន ដែលខ្វះធនធានហិរញ្ញវត្ថុ។

ថ្លែងប្រាប់ កម្ពុជាថ្មី លោក Munoz បានមានប្រសាសន៍ ថា ៖ «ខ្ញុំយល់ថា ក្នុងការប្រកួតអន្តរជាតិ អ្នកត្រូវការកីឡាករបរទេស។ អ្នកត្រូវការពួកគេ ប៉ុន្តែអ្នកមិនអាចភ្លេចបានថា នៅកម្ពុជា ក៏មានកីឡាករល្អៗផងដែរត្រូវឲ្យពួកគេមាននាទីលេង ព្រោះវាល្អសម្រាប់ក្រុមជម្រើសជាតិ និងល្អសម្រាប់បាល់ទាត់កម្ពុជា។»។
លោក Munoz បានបន្ត ថា៖ «មិនមែនគ្រប់ក្លិបទាំងអស់សុទ្ធតែអាចទិញកីឡាករបរទេសច្រើននោះទេ។ ក្លិបជាច្រើនមានបញ្ហាក្នុងការនាំចូលកីឡាករបរទេសល្អៗ ពីព្រោះត្រូវចំណាយប្រាក់ខែខ្ពស់។ ដូច្នេះ វានឹងធ្វើឲ្យមានគម្លាតកាន់តែធំរវាងក្រុមខ្លាំង និងក្រុមខ្សោយ។ នេះមិនល្អសម្រាប់បាល់ទាត់កម្ពុជាទេ»។

លោក Munoz យល់ថា លីគអាចអនុញ្ញាតឱ្យក្លិបនីមួយៗចុះឈ្មោះកីឡាករបរទេសដោយសេរីបាន ប៉ុន្តែគួរតែរក្សាច្បាប់ដាក់កីឡាករបរទេសដូចបច្ចុប្បន្នដដែល ដោយក្នុងមួយប្រកួតមាន ៦ នាក់ ខណៈ ៥ នាក់ចូលលេង ហើយ ១ នាក់ទៀតបម្រុង។ ចំណែកកីឡាករបរទេសទាំងនោះ អាចលេងដោយប្តូរវេនគ្នា តាមគ្រូបង្វឹកចាត់ចែង។
ជុំវិញរឿងនេះលោក Munoz បានមានប្រសាសន៍ ថា ៖«អ្វីមួយដែលខ្ញុំអាចធ្វើបាន គឺអនុញ្ញាតឲ្យចុះឈ្មោះកីឡាករបរទេសដោយសេរី។ អ្នកអាចចុះឈ្មោះ ៣ នាក់ ឬច្រើនជាងនេះ តាមដែលអ្នកចង់បាន ប៉ុន្តែក្នុងលីគ ខ្ញុំនឹងរក្សាច្បាប់ដដែល គឺ ៥ នាក់នៅលើទីលាន ឬបន្ថែម ១ នាក់នៅលើកៅអីបម្រុង។ ហើយអ្នកអាចដាក់កីឡាករផ្សេងៗនៅក្រៅបញ្ជី ហើយធ្វើការប្តូរវេនគ្នាលេង។ នេះអាចជាវិធីល្អមួយ ដើម្បីរកតុល្យភាពរវាងកីឡាករក្នុងស្រុក និងកីឡាករបរទេស»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


