Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ត្រូវការ​ដាច់​ស្រឡះ​ថ្ងៃអាទិត្យនេះ ដើម្បី​គ្រង​ជើងឯកលីគ

បានផុស

នៅ

បន្ទាប់ពីចប់​ការ​ប្រកួត​ជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League ទល់ក្រុម Manila Digger បានរយៈពេល ២ ថ្ងៃ​ប៉ុណ្ណោះ នៅថ្ងៃ អាទិត្យ ទី ១២ ខែ មសា ឆ្នាំ ២០២៦ ក្រុម ព្រះខ័នរាជស្វាយរៀង នឹងត្រូវបន្តបេសកកម្មក្នុងលីគកំពូល កម្ពុជា វិញម្តង ដោយត្រូវជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតលីគកំពូល កម្ពុជា រដូវកាល ២០២៥-២០២៦ ទំនងនឹងអាចរកឃើញក្រុមម្ចាស់ជើងឯក​ច្បាស់​ត្រឹមសប្តាហ៍ទី ២៦ នេះហើយ បន្ទាប់ពីការប្រកួតរវាងក្រុម ព្រះខ័នរាជស្វាយរៀង ទល់នឹងក្រុម កំពង់ដេវ៉ា នៅកីឡដ្ឋាន វិសខា។ ការប្រកួតនេះ ព្រះខ័នរាជស្វាយរៀង ត្រូវ​ការ​ឲ្យ​ដាច់​ស្រឡះ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគ​រដូវ​កាល​នេះ និង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​សម្រាប់​ការ​ប្រកួត​​ក្រោយ​ៗ​ទៀត។

ពួក​គេ​មិនមានសម្ពាធច្រើននោះទេសម្រាប់​ការ​ប្រកួត​នេះ​ ពី​ព្រោះពួកគេត្រូវការត្រឹមតែ ១ ពិន្ទុទៀត ដើម្បីក្លាយជាជើងឯក ប៉ុន្តែ​ត្រូវ​​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កីឡាករ​មាន​បញ្ហា​របួស​ដើម្បី​ធ្វើ​ដំណើរ​ទៅ​​ប្រកួត​នៅ​ហ្វីលីពីន ៤ ថ្ងៃ​បន្ទាប់។

បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង មាន ៦២ ពិន្ទុក្នុងដៃ កំពុងនាំមុខក្រុមគូប្រជែងលេខ ២ ភ្នំពេញក្រោន ដល់ទៅ ១៥ ពិន្ទុ។ ប្រការនេះ​ បានធ្វើឱ្យពួកគេមានឱកាសខ្ពស់ ដើម្បីឈ្នះជើងឯកលីគកំពូល កម្ពុជា ៣ រដូវកាលជាប់ៗគ្នា ដោយការប្រកួតថ្ងៃ អាទិត្យ នេះ ត្រូវការត្រឹមតែស្មើ កំពង់ដេវ៉ា ប៉ុណ្ណោះ ហើយទោះ ៣ ប្រកួតទៀត ដែលនៅសល់ ពួកគេចាញ់ជាប់គ្នាក៏ដោយ ក៏មិនជាបញ្ហានោះដែរ។

ការជួបគ្នាសប្តាហ៍នេះ ព្រះខ័នរាជស្វាយរៀង ត្រូវបានគេមើលឃើញ មិនពិបាកខ្លាំងនោះទេ ដើម្បីទទួលបានលទ្ធផលស្មើ ឬ ឈ្នះ ដោយផ្អែកលើទម្រង់លេង និងប្រវត្តិជួបគ្នា។ ចាប់តាំងពី កំពង់ដេវ៉ា រៀបចំក្រុមជាថ្មីនៅរដូវកាលនេះ ពួកគេលេងមិនទាន់ឈ្នះ ព្រះខ័នរាជស្វាយរៀង នៅឡើយទេ ដោយការជួបគ្នា ៣ លើកកន្លងមក ព្រះខ័នរាជស្វាយរៀង ឈ្នះ ២ និងស្មើ ១។

បើក្រឡេកមើលលទ្ធផល ៥ ប្រកួតចុងក្រោយក្នុងលីគវិញ ព្រះខ័នរាជស្វាយរៀង ក៏មិនទាន់ចាញ់ដែរ ក្នុងនោះឈ្នះ កំពង់ដេវ៉ា ២-០, ស្មើ ណាហ្គាវើលដ៍ ១-១, ឈ្នះ អង្គរថាយហ្គើរ ២-០, ស្មើ បឹងកេត ០-០ និងចុងក្រោយ ឈ្នះ ភ្នំពេញក្រោន ៤-០។ ចំណែក កំពង់ដេវ៉ា វិញ ៥ ប្រកួតចុងក្រោយឈ្នះ ១ ស្មើ ១ និងចាញ់ ៣ ក្នុងនោះចាញ់ ព្រះខ័នរាជស្វាយរៀង ០-២, ឈ្នះ ភ្នំពេញក្រោន ២-១, ចាញ់ ណាហ្គាវើលដ៍ ០-២, ចាញ់ អង្គរថាយហ្គើរ ១-៣ និងស្មើ បឹងកេត ២-២។

ក្រៅពីការប្រកួតរវាងក្រុមខាងលើទាំង ២ នៅមាន ២ គូទៀត ដែលត្រូវប្រកួតគ្នាសម្រាប់ក្រុមលំដាប់ Top 6 ក្នុងនោះ ភ្នំពេញក្រោន ត្រូវទទួលស្វាគមន៍ក្រុម អង្គរថាយហ្គឺរ និង ណាហ្គាវើលដ៍ ត្រូវទទួលក្រុម បឹងកេត។

ការប្រជែងតំណែងជើងឯកលីគនៅរដូវកាលនេះ ហាក់លែងក្លាយជាប្រធានបទក្តៅហើយ ប៉ុន្តែរឿងដែលចាប់អារម្មណ៍ពេលនេះ គឺក្រុមត្រូវប្រជែងតំណែងលេខ ២ ដើម្បីកៅអី AFC Champions League Two រដូវកាលក្រោយ រួមមាន ភ្នំពេញក្រោន អង្គរថាយហ្គឺរ ណាហ្គាវើលដ៍ និង បឹងកេត។ បច្ចុប្បន្ន ពួកគេមានគម្លាតពិន្ទុគ្នាត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះ បើគិតពីលេខ ២ ដល់លេខ ៥។ ដូច្នេះ ប្រសិនបើក្រុមណាភ្លាត់ចាញ់តែ ១ ឬ ២ ប្រកួត នោះនឹងអស់ឱកាសតែម្តង៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម