Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ត្រៀម​បើក​ការ​វាយប្រហារ​ជើងគោកលើក្រុម​គ្រឿងញៀន​នៅ​ម៉ិកស៊ិក

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍​ទី​៨ខែ​មករា​ថា ក្រុង​វ៉ាស៊ីនតោន​កំពុងត្រៀមលក្ខណៈបើកការវាយប្រហារយោធាតាមជើងគោក ប្រឆាំងនឹងក្រុមបណ្តាញជួញដូរគ្រឿងញៀន ដោយក្នុងនោះលោកបានបញ្ជាក់ចំៗថា ប្រទេសម៉ិកស៊ិកគឺជាគោលដៅចម្បង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ (រូបថត៖​ Reuters)

ក្នុងអំឡុងពេលបង្ហាញខ្លួនក្នុងកម្មវិធីព័ត៌មាន Fox News លោក​ត្រាំបានអះអាងថា «ក្រុមជួញដូរគ្រឿងញៀនកំពុងគ្រប់គ្រងប្រទេសម៉ិកស៊ិក» ហើយបានប្រាប់​ថា ប្រតិបត្តិការតាមជើងគោកនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ទោះបីជាលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីផែនការយុទ្ធសាស្ត្រក៏ដោយ។ ការលើកឡើងនេះ បានបង្ហាញពីការពង្រីកយុទ្ធនាការយោធាយ៉ាងខ្លាំងក្លារបស់រដ្ឋបាលលោកនៅក្នុងតំបន់អាមេរិកឡាទីន ដោយផ្លាស់ប្តូរពីការស្ទាក់ចាប់តាមសមុទ្រ មកជាការវាយប្រហារតាមផ្លូវគោកវិញ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី «ប្រតិបត្តិការ Absolute Resolve» ដែលជាការវាយឆ្មក់យោធាដ៏ធំរបស់អាមេរិកកាលពីថ្ងៃទី៣​ខែមករា​ឆ្នាំ​២០២៦ ដែលឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolás Maduro និងភរិយាគឺលោកស្រី Cilia Flores នៅក្នុងទីក្រុងការ៉ាកាស។ បច្ចុប្បន្ន អ្នកទាំងពីរត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។ រដ្ឋបាលលោកត្រាំ​បានផ្តល់ភាពស្របច្បាប់ដល់សកម្មភាពយោធានេះ ដោយបានចាត់ទុកក្រុមឧក្រិដ្ឋជនដូចជាក្រុម Tren de Aragua ថាជាអង្គការភេរវកម្មបរទេស។ បន្ថែមពីនេះ អាមេរិកបានឈានទៅគ្រប់គ្រងឧស្សាហកម្មប្រេងរបស់វ៉េណេស៊ុយអេឡា ដោយលោកត្រាំអះអាងថា ប្រទេសនេះនឹងត្រូវប្រគល់ប្រេងចន្លោះពី ៣០ ទៅ ៥០​លានបារ៉ែល​ឲ្យ​អាមេរិក ដើម្បីទូទាត់បំណុល និងប្រើប្រាស់ក្នុងកិច្ចការស្តារប្រទេសឡើងវិញ។

ការកើនឡើងនៃអន្តរាគមន៍យោធារបស់អាមេរិកនេះ បានរងការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់មហាអំណាចក្នុងតំបន់ និងពិភពលោក។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបដិសេធដាច់អហង្ការចំពោះចំណាត់ការនេះ ដោយលើកឡើងថា អន្តរាគមន៍យោធាមិនដែលនាំមកនូវស្ថិរភាព ឬប្រជាធិបតេយ្យឡើយ។ ប្រទេសប្រេស៊ីល និងរុស្ស៊ី ក៏បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាផងដែរ ដោយព្រមានថា សកម្មភាពបែបនេះគឺជាការរំលោភលើច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។

ខណៈដែលរដ្ឋបាលអាមេរិកត្រៀមលក្ខណៈសម្រាប់ការវាយប្រហារតាមជើងគោក សហគមន៍អន្តរជាតិនៅតែមានការបែកបាក់មតិយ៉ាងខ្លាំងជុំវិញភាពស្របច្បាប់ និងផលវិបាករយៈពេលវែងនៃការប្រើប្រាស់កម្លាំងយោធាអាមេរិក ដើម្បីកម្ទេចរចនាសម្ព័ន្ធឧក្រិដ្ឋកម្ម និងនយោបាយនៅក្នុងតំបន់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម