ព័ត៌មានអន្ដរជាតិ
លោកត្រាំ ព្រមាន«បាញ់ប្រហារ» បើអ៊ីរ៉ង់នៅតែបន្តសម្លាប់បាតុករ
ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ បានឈានដល់ចំណុចកំពូលជាថ្មីម្ដងទៀតកាលពីថ្ងៃសុក្រទី៩ខែមករាឆ្នាំ២០២៦ ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានរបបដឹកនាំអ៊ីរ៉ង់ខ្លាំងៗថា អាមេរិកនឹង«ចាប់ផ្តើមបាញ់ប្រហារ» បើកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ង់នៅតែបន្តបាញ់សម្លាប់ក្រុមបាតុករ។ នេះបើយោងតាមការចុះផ្សាយរបស់ Independent។

ការព្រមាននេះ បានធ្វើឡើងក្នុងអំឡុងពេលថ្ងៃទី១៣ នៃបាតុកម្មនៅទូទាំងប្រទេស ដែលបច្ចុប្បន្នបានរីករាលដាលដល់ទីក្រុងជាង១០០។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News លោកត្រាំ បានថ្លែងថា លោកបាន«ដាក់អ៊ីរ៉ង់ឲ្យស្ថិតក្រោមការតាមដាន» ដោយបញ្ជាក់ថា អាមេរិកនឹងវាយប្រហារប្រទេសនេះ«យ៉ាងចាស់ដៃ» បើថ្នាក់ដឹកនាំនៃសាធារណរដ្ឋអ៊ីស្លាមបង្កើនការបង្ក្រាបលើជនស៊ីវិលដែលគ្មានអាវុធ។
ជាការឆ្លើយតប មេដឹកនាំកំពូលលោក Ayatollah Ali Khamenei បានចោទប្រកាន់អាមេរិក និងអ៊ីស្រាអែលថាជាអ្នករៀបចំផែនការនៅពីក្រោយភាពវឹកវរនេះ ដោយហៅក្រុមបាតុករថាជា «ក្រុមបំផ្លិចបំផ្លាញ» និង «ភ្នាក់ងារភេរវកម្ម»។ ថ្លែងតាមទូរទស្សន៍រដ្ឋ លោក Khamenei បានប្តេជ្ញាថា សាធារណរដ្ឋអ៊ីស្លាមនឹងមិនថយក្រោយឡើយ ទោះបីជាមានសេចក្តីរាយការណ៍អំពីការដួលរលំនៃសេដ្ឋកិច្ច និងរូបិយប័ណ្ណជាតិ (Rial) ដែលបានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រគឺ ១,៤លាន Rial ក្នុង១ដុល្លារក៏ដោយ។ បាតុកកម្មដែលដំបូងឡើយបានចាប់ផ្តើមឡើងដោយសារអតិផរណា ៤០% និងវិបត្តិសេដ្ឋកិច្ច បានប្រែក្លាយទៅជាការប្រឈមមុខយ៉ាងខ្លាំងក្លាចំពោះប្រព័ន្ធគ្រប់គ្រងបែបសាសនា ដោយបាតុករនៅក្នុងខេត្តទាំង៣១ ទាមទារឲ្យមានការផ្លាស់ប្តូររបបដឹកនាំ។

ស្របពេលដែលវោហារសាស្ត្រនយោបាយកំពុងឡើងកម្ដៅ រដ្ឋាភិបាលអ៊ីរ៉ង់បានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរសព្ទស្ទើរតែទាំងស្រុង ដែលធ្វើឲ្យប្រជាជនដាច់ទំនាក់ទំនងពីពិភពខាងក្រៅ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ថា បាតុករយ៉ាងហោចណាស់ ៦២នាក់ និងមន្ត្រីសន្តិសុខមួយចំនួនត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាចាប់តាំងពីចុងខែធ្នូមក ហើយមនុស្សជាង ២២០០នាក់ត្រូវបានចាប់ខ្លួន។ យ៉ាងណាមិញ បើតាមរបាយការណ៍ចុងក្រោយទទួលបានដោយទស្សនាវដ្ដី TIMES របស់អាមេរិក តួលេខអ្នកស្លាប់មានជាង ២០០នាក់ឯណោះ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ក្រោយរដ្ឋាភិបាលអ៊ីរ៉ង់បានបង្កើនការឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះបាតុកម្មនៅទូទាំងប្រទេស។ ភាពខុសគ្នានៃទិន្នន័យនេះត្រូវបានគេជឿថាបណ្តាលមកពីការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញទូរសព្ទ ដែលធ្វើឲ្យការផ្ទៀងផ្ទាត់ឯករាជ្យមានការលំបាក។
មេដឹកនាំអន្តរជាតិ រួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer និងតំណាងមកពីប្រទេសបារាំង និងអាល្លឺម៉ង់ បានជំរុញឲ្យទីក្រុងតេហេរ៉ង់អនុវត្តការអត់ធ្មត់ និងការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ចំពេលមានការព្រួយបារម្ភអំពីការបង្ក្រាបទ្រង់ទ្រាយធំដែលអាចនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ៕


ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


