Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់អាវុធខ្លាំងបំផុតរបស់ អ៊ីរ៉ង់ ដែលអាចប្រើដើម្បីតតាំងជាមួយអាមេរិក

បានផុស

នៅ

ពិភពលោកបានបង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់ ស្របពេលដែលគេមើលឃើញថា លោក ដូណាល់ ត្រាំ បានបញ្ជូនកម្លាំងទ័ពនិងសព្វាវុធយ៉ាងច្រើន ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាបណ្តើរហើយ។

ក្នុងនាមជាមហាអំណាចផុតលេខលើពិភពលោក, អាមេរិក ពិតណាស់ មានកម្លាំងខ្លាំងបំផុតលើអ៊ីរ៉ង់ ដែល ឈរនៅលំដាប់ទី១៤ឯណោះ។ 

យ៉ាងណា ដ្បិតមិនអាចប្រៀបជាមួយអាមេរិកបាន ប៉ុន្តែអ៊ីរ៉ង់ក៏មានអាវុធទំនើបៗនិងសាហាវៗជាច្រើនផងដែរ ដើម្បីតតាំង។ ថ្ងៃនេះកម្ពុជាថ្មី សូបបង្ហាញជូននូវសព្វាវុធសាហាវមួយចំនួន ដែលកំពុងស្ថិតក្នុងដៃអ៊ីរ៉ង់។

១. មីស៊ីលលឿនជាងសំឡេង – Fattah-2

មីស៊ីល Fattah-2 (រូបថត៖ Azer News)

មីស៊ីល Fattah-2 គឺជាអាវុធយុទ្ធសាស្ត្រទំនើបបំផុតរបស់អ៊ីរ៉ង់ ដែលត្រូវបានដាក់បង្ហាញជាសាធារណៈកាលពីចុងឆ្នាំ ២០២៣ និងកំពុងក្លាយជាកង្វល់សម្រាប់ប្រព័ន្ធការពារអាកាសរបស់បស្ចិមប្រទេសក្នុងឆ្នាំ២០២៦។

ខុសពីមីស៊ីលផ្លោងធម្មតាដែលហោះតាមគន្លងរាងធ្នូ, Fattah-2 គឺជាប្រភេទ​មីស៊ីលដែលអាច ហោះលើស្រទាប់បរិយាកាសបាន។ វាអាចហោះក្នុងល្បឿនចន្លោះពី Mach 13 ទៅ Mach 15 (លឿនជាងសំឡេងពី ១៣ ទៅ ១៥ ដង) និងហោះបានចម្ងាយប្រហែល ១ ៤០០ គីឡូម៉ែត្រ ដែលមានន័យថា Fattah-2 អាចវាយប្រហារដល់ប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា។

វាប្រើប្រាស់ម៉ាស៊ីនរុញច្រានឥន្ធនៈរឹង សម្រាប់ដំណាក់កាលហោះដំបូង និងមានក្បាលគ្រាប់ដែលអាចបញ្ជាទិសដៅបាន។

អ្វីដែលធ្វើឲ្យ Fattah-2 ខុសប្លែកពីមីស៊ីលផ្សេងទៀត គឺសមត្ថភាព បត់បែននៅល្បឿនលឿន។ វាអាចគេចផុតពីប្រព័ន្ធការពារដូចជា Patriot របស់អាមេរិក ឬ Arrow-3 របស់អ៊ីស្រាអែល។ Fattah-2 អាចប្តូរទិសដៅហោះហើរក្នុងល្បឿនលឿនជាងសំឡេង ធ្វើឲ្យប្រព័ន្ធរបស់សត្រូវមិនអាចគណនាទីតាំងស្ទាក់បាន។

ម្យ៉ាង វាអាចហោះក្នុងកម្ពស់ទាបជាងមីស៊ីលផ្លោងធម្មតា ដែលធ្វើឲ្យរ៉ាដារបស់សត្រូវពិបាកក្នុងការរកឃើញពីចម្ងាយ ហើយវាបំពាក់ដោយប្រព័ន្ធនាំផ្លូវទំនើប ដែលអាចវាយប្រហារចំគោលដៅក្នុងរង្វង់កាំត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។

២. ដ្រូនអត្តឃាត – Shahed-136 & Shahed-107

ដ្រូនអត្តឃាតត្រកូល Shahed មានប្រសិទ្ធភាពខ្ពស់បំផុត រហូតធ្វើឲ្យមហាអំណាចពិភពលោកញញើត។ ក្នុងឆ្នាំ២០២៦ ដ្រូនទាំងនេះបានក្លាយជាអាវុធយុទ្ធសាស្ត្រចម្បងដែលអ៊ីរ៉ង់ប្រើប្រាស់សម្រាប់សង្គ្រាមមិនតទល់ចំមុខ។

🚨ដ្រូន Shahed-136

ដ្រូន Shahed-136 (រូបថត៖ Farsnews)

Shahed-136 គឺជាដ្រូនអត្តឃាតល្បីល្បាញបំផុត ដោយសារតែវាត្រូវបានប្រើប្រាស់ទូទៅនៅក្នុងសមរភូមិអន្តរជាតិ។ ជាមួយរាងត្រីកោណស្លាបជាប់នឹងតួ ធ្វើឲ្យ Shahed-136 ពិបាកនឹងចាប់សញ្ញារ៉ាដាបានណាស់។

វាមានល្បឿនប្រហែល ១៨៥ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែអាចហោះបានចម្ងាយឆ្ងាយរហូតដល់ ២ ៥០០ គីឡូម៉ែត្រ និងផ្ទុកគ្រឿងផ្ទុះទម្ងន់ពី ៣០ ទៅ ៥០ គីឡូក្រាម។

Shahed-136 ប្រើប្រាស់ម៉ាស៊ីន Piston ធម្មតា ដែលមានតម្លៃប្រហែល ២០ ០០០ ដុល្លារក្នុងមួយគ្រឿង។ ដ្រូននេះបាញ់ចេញពីកុងតឺន័រដែលអាចដឹកតាមឡានដឹកទំនិញធម្មតា ធ្វើឲ្យសត្រូវពិបាករកទីតាំងបាញ់។

🚨ដ្រូន Shahed-107

ដ្រូន Shahed-107(រូបថត៖ Farsnews)

Shahed-107 គឺជាសមាជិកថ្មីក្នុងគ្រួសារ Shahed ដែលរចនាឡើងឲ្យកាន់តែមានភាពបត់បែន និងឆ្លាតវៃជាងមុន។ ខុសពី Shahed-136 ដែលគ្រាន់តែហោះទៅបុកគោលដៅ, Shahed-107 ត្រូវគេជឿថា មានសមត្ថភាពស៊ើបការណ៍ផង និងវាយប្រហារផង។

វាហោះបានចម្ងាយប្រហែល ១ ៥០០ គីឡូម៉ែត្រ បំពាក់ដោយកាមេរ៉ា និងប្រព័ន្ធបញ្ជូនទិន្នន័យ ដែលអនុញ្ញាតឲ្យអ្នកបញ្ជាអាចមើលឃើញគោលដៅ និងផ្លាស់ប្តូរគោលដៅនៅនាទីចុងក្រោយ។ វាមានទំហំតូចជាងមុន ដែលធ្វើឲ្យវាកាន់តែពិបាកក្នុងការបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស។

៣.មីស៊ីលបាលីស្ទិក Khorramshahr-4

មីស៊ីល Khorramshahr-4 (រូបថត៖ IRNA)

មីស៊ីល Khorramshahr-4 ឬត្រូវគេស្គាល់ថា Kheibar គឺជាមីស៊ីលបាលីស្ទិកចម្ងាយមធ្យម (MRBM) ដែលមានអានុភាពបំផ្លិចបំផ្លាញខ្លាំងបំផុតនៅក្នុងឃ្លាំងអាវុធរបស់អ៊ីរ៉ង់។ វាគឺជាជំនាន់ទី ៤ នៃត្រកូល Khorramshahr ដែលត្រូវបានរចនាឡើងដើម្បីបង្កើនភាពសុក្រឹត និងកាត់បន្ថយពេលវេលារៀបចំមុនពេលបាញ់។

Khorramshahr-4 មានរយៈចម្ងាយប្រហែល ២ ០០០ គីឡូម៉ែត្រ (អាចបាញ់ដល់គ្រប់ទីតាំងក្នុងតំបន់មជ្ឈិមបូព៌ា និងផ្នែកខ្លះនៃអឺរ៉ុបអាគ្នេយ៍) និងអាចផ្ទុកគ្រឿងផ្ទុះបានរហូតដល់ ១ ៥០០ គីឡូក្រាម។

វាប្រើប្រាស់ឥន្ធនៈរាវប្រភេទ Hypergolic ដែលជាប្រភេទឥន្ធនៈ ឆេះភ្លាមៗនៅពេលប៉ះគ្នា។ វាអាចហោះល្បឿនដល់ទៅ Mach 16 នៅខាងក្រៅបរិយាកាស និង Mach 8 នៅពេលធ្លាក់ចូលក្នុងបរិយាកាសផែនដី។

លើសពីនេះ វាមានប្រព័ន្ធបញ្ជាដែលអាចប្តូរគន្លងហោះហើរនៅពេលស្ថិតក្នុងលំហអាកាស ដែលធ្វើឲ្យវាកាន់តែមានភាពសុក្រឹត ហើយដោយសារតែក្បាលគ្រាប់មិនត្រូវការស្លាបបញ្ជានៅផ្នែកខាងក្រៅ ប៉ុន្តែប្រើប្រាស់ម៉ាស៊ីនរុញច្រានតូចៗសម្រាប់តម្រង់ទិស វាធ្វើឲ្យរ៉ាដារបស់សត្រូវពិបាកក្នុងការគណនាគន្លង និងស្ទាក់ចាប់។

ជាមួយនឹងក្បាលគ្រាប់ ១.៥ តោន, មីស៊ីលនេះតែមួយគ្រាប់ គឺសមល្មមអាចកម្ទេចបន្ទាយយោធាធំៗ មូលដ្ឋានអាកាសចរណ៍ ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបានយ៉ាងងាយ។

ចំណែកសមត្ថភាពក្នុងការរក្សាទុកឥន្ធនៈក្នុងតួមីស៊ីលវិញ មានន័យថា អ៊ីរ៉ង់អាចលាក់វានៅក្នុងរូងភ្នំ ហើយនាំវាចេញមកបាញ់ភ្លាមៗ រួចដកថយវិញមុនពេលយន្តហោះសត្រូវមកដល់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម