ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា ប្រាប់ថា «ឆ្អែតឆ្អន់»ហើយ នឹងបង្គាប់បញ្ជាពីអាមេរិក
ប្រធានាធិបតីស្តីទីនៃប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodríguez បានប្រកាសជាសាធារណៈថា លោកស្រី «ឆ្អែតឆ្អន់»ហើយចំពោះការជ្រៀតជ្រែកបន្តទៀតពីទីក្រុងវ៉ាស៊ីនតោន ដោយអះអាងថា ប្រទេសជាតិត្រូវតែដោះស្រាយជម្លោះនយោបាយផ្ទៃក្នុងដោយខ្លួនឯង ដោយមិនចាំបាច់មានការបង្គាប់បញ្ជាពីបរទេសទេ។

លោកស្រី Rodríguez បានសង្កត់ធ្ងន់ថា នយោបាយវ៉េណេស៊ុយអេឡាគួរតែស្ថិតក្នុងដៃរបស់ប្រជាជនខ្លួនឯង។ «វាល្មមគ្រប់គ្រាន់ហើយ ចំពោះការបង្គាប់បញ្ជារបស់ទីក្រុងវ៉ាស៊ីនតោន មកលើអ្នកនយោបាយនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា»។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ដែលដកស្រង់សម្តីលោកស្រី Rodríguez ថ្លែងទៅកាន់ក្រុមកម្មករប្រេងនៅក្នុងទីក្រុង Puerto La Cruz កាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០២៦។
លោកស្រីបានបន្តថា «ទុកឲ្យនយោបាយវ៉េណេស៊ុយអេឡា ដោះស្រាយនូវរាល់ការខ្វែងគំនិត និងជម្លោះផ្ទៃក្នុងរបស់យើងដោយខ្លួនឯងចុះ។ សាធារណរដ្ឋមួយនេះ បានលះបង់ក្នុងតម្លៃយ៉ាងខ្ពស់រួចមកហើយ ក្នុងការប្រឈមមុខនឹងផលវិបាកនៃរបបហ្វាស៊ីស (Fascism) និងភាពជ្រុលនិយមនៅក្នុងប្រទេសរបស់យើង»។
ការប្រកាសក្តែងៗនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំយ៉ាងគំហុកនៅវ៉េណេស៊ុយអេឡា ក្រោយប្រតិបត្តិការយោធារបស់អាមេរិកនៅទីក្រុងការ៉ាកាស កាលពីបីសប្តាហ៍មុន ដែលបានឈានដល់ការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។
ទោះបីជាមានការជំទាស់ពីលោកស្រី Rodríguez ក៏ដោយ ក៏ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញពីការចូលរួមយ៉ាងជ្រៅក្នុងអនាគតរបស់ប្រទេសនេះ ជាពិសេសពាក់ព័ន្ធនឹងធនធានថាមពលដ៏មហិមា។ បន្ទាប់ពីការបញ្ជូនខ្លួនលោកម៉ាឌូរ៉ូ ទៅកាន់ទីក្រុងញូវយ៉ក ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋគ្រឿងញៀន លោកត្រាំ បានសរសើរការដឹកនាំរបស់លោកស្រី Rodríguez និងបានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោនកំពុងសហការជាមួយរដ្ឋបាលរបស់លោកស្រី ដើម្បីសម្របសម្រួលការនាំចេញប្រេងវ៉េណេស៊ុយអេឡាទៅកាន់អាមេរិក។
លោកត្រាំ បានស្នើឲ្យមានការបែងចែកផលចំណេញ ដែលក្នុងនោះអាមេរិកនឹងទទួលបាន «ចំណែកដ៏សមរម្យ» ពីចំណូលប្រេងដើម្បីពង្រឹងសេដ្ឋកិច្ចអាមេរិក និងកាត់បន្ថយពន្ធ ខណៈដែលលោកអះអាងថា វ៉េណេស៊ុយអេឡាក៏នឹងទទួលបានផលប្រយោជន៍ផងដែរ។

មកទល់នឹងពេលនេះ អាមេរិកមិនទាន់បានអំពាវនាវឲ្យមានការបោះឆ្នោតថ្មីនៅឡើយទេ ស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅតែមានភាពស្មុគស្មាញ ខណៈលោកត្រាំ កំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយទាំងរដ្ឋបាលស្តីទីបច្ចុប្បន្ន និងក្រុមប្រឆាំង។ បន្ទាប់ពីធ្លាប់បង្ហាញមន្ទិលសង្ស័យលើការគាំទ្រក្នុងស្រុករបស់លោកស្រី María Corina Machado កន្លងមក លោកត្រាំ នាពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយមេដឹកនាំបក្សប្រឆាំង និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២៥រូបនេះ នៅសេតវិមាន។ ជំនួបនេះ បានបង្ហាញឲ្យឃើញពីសម្ព័ន្ធភាពដែលកំពុងរីកចម្រើន ក្រោយពេលលោកស្រី Machado បានយកពានរង្វាន់របស់លោកស្រីជូនមេដឹកនាំអាមេរិក ដែលនេះជាការកត់សម្គាល់នូវការផ្លាស់ប្តូរជំហររបស់រដ្ឋបាលលោកត្រាំចំពោះក្រុមប្រឆាំងនៅវ៉េណេស៊ុយអេឡា៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


