ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល បញ្ជាក់ជាថ្មីពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងអូស្រ្តាលី
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ពីចំណងទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី ដែលមានភាពរឹងមាំ និងយូរអង្វែង ខណៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យ ត្រូវបានពង្រឹងពង្រីក និងកំពុងមានសន្ទុះកើនឡើងជាលំដាប់។

ការគូសបញ្ជាក់របស់ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាភ្ញៀវកិត្តិយសតំណាងរាជរដ្ឋាភិបាល នៅក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលី ឆ្នាំ២០២៦ ដែលប្រារព្ធឡើងកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ក្នុងរាជធានីភ្នំពេញ។
លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក៏ដូចជាសហគមន៍អូស្ត្រាលីនៅប្រទេសកម្ពុជា ចំពោះពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦នេះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្រ្តាលី ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ បានឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាបរិការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្តូរក៏ដោយ។

លោក បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យ ជាពិសេសក្នុងវិស័យកសិកម្ម សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម បាននាំមកអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ដែលជាក់ស្ដែង តាមមការអះអាងរបស់លោក វង្សី វិស្សុត អូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលមានទំហំពាណិជ្ជកម្មប្រមាណ៦០០លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ហើយជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីនេះ នឹងបន្តកើនឡើងជាលំដាប់។

បន្ថែមលើនេះ អូស្ត្រាលី គឺជាដៃគូអភិវឌ្ឍដ៏សំខាន់និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ឬ២ប៊ីលានដុល្លារអូស្ត្រាលីដល់កម្ពុជា ដែលភាគច្រើនលើការកសាងមូលធនមនុស្ស ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក។ លោក វង្សី វិស្សុត បន្ថែមឱ្យដឹងបែបនេះ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានគាំទ្រជាបន្តបន្ទាប់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសកម្ពុជា ជាពិសេសថ្មីៗនេះចំពោះជំនួយមនុស្សធម៌របស់អូស្ត្រាលីសម្រាប់ប្រជាពលរដ្ឋភៀសសឹកខណៈលោក ក៏បានកោតសរសើរចំពោះលោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា និងសហការី ចំពោះកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងកម្ពុជា-អូស្ត្រាលី ក៏ដូចជាការចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


