Connect with us

ព័ត៌មានអន្ដរជាតិ

ហាណូយនឹងសង់អាងស្តុកទឹកក្រោមដីខ្នាតយក្ស ដើម្បីប្រយុទ្ធនឹងបញ្ហាទឹកជំនន់រ៉ាំរ៉ៃ

បានផុស

នៅ

ក្រុមប្រឹក្សាប្រជាជនក្រុងហាណូយ បានអនុម័តដំណោះស្រាយជាប្រវត្តិសាស្ត្រមួយក្នុងការសាងសង់ប្រព័ន្ធអាងស្តុកទឹកក្រោមដីដ៏ធំសម្បើម ដែលជាផ្នែកមួយនៃផែនការមេចក្ខុវិស័យ១០០ឆ្នាំ ដើម្បីលុបបំបាត់បញ្ហាទឹកជំនន់ក្នុងទីក្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទិដ្ឋភាព​ផែនការ​មេ​នៃ​អាង​ស្តុក​ទឹក​ក្រោម​ដីរបស់​ហាណូយ

ចេញ​ផ្សាយ​នា​ថ្ងៃ​ទី​៣​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ VN Express បាន​ឲ្យដឹង​ថា គម្រោងនេះមានសមត្ថភាពស្តុកទឹកប៉ាន់ស្មានចំនួន ១២៥​លានម៉ែត្រគីប ហើយនឹងត្រូវសាងសង់ភ្ជាប់ជាមួយបណ្តាញដឹកជញ្ជូនក្រោមដីនាពេលអនាគត។ គម្រោងរយៈពេលវែងនេះ គ្រោងនឹងបង្កើតឡើងនៅចន្លោះឆ្នាំ២០៣៦ ដល់ឆ្នាំ២០៤៥ ក្នុងគោលបំណងប្រែក្លាយរដ្ឋធានីរបស់វៀតណាម​ឲ្យ​ទៅជាទីក្រុងទំនើប និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

ផែនការមហិច្ឆតានេះ កើតឡើងបន្ទាប់ពីឆ្នាំ​២០២៥ ដែលជាឆ្នាំមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ ជាកន្លែងដែលព្យុះទីហ្វុង និងការធ្លាក់ភ្លៀងយ៉ាងគំហុកបានធ្វើ​ឲ្យ​ផ្លូវសំខាន់ៗរាប់សិបខ្សែត្រូវជាប់គាំង និងបង្ក​ឲ្យ​មានការរំខានដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។ ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ រដ្ឋបាលក្រុងក៏បានអនុញ្ញាត​ឲ្យ​អនុវត្តគម្រោងត្រួតពិនិត្យទឹកជំនន់បន្ទាន់ចំនួន១០ ដែលមានតម្លៃជិត ៥,៦​ទ្រីលានដុង (ប្រហែល ២២០​លានដុល្លារអាមេរិក)។ ការងារបន្ទាន់ទាំងនេះ រួមមានការធ្វើ​ឲ្យ​ប្រសើរឡើងនូវស្ថានីយបូមទឹក Yen Nghia និងការបូមស្តារអាងទន្លេ To Lich ដែលត្រូវតែបញ្ចប់​ឲ្យ​បានមុនរដូវវស្សាឆ្នាំ​២០២៦ ដើម្បីផ្តល់ការសង្គ្រោះរយៈពេលខ្លីដល់ស្រុកដែលងាយរងគ្រោះដោយទឹកជំនន់។

យោងតាមផែនការមេ ទីក្រុងហាណូយនឹងបង្កើនអត្រានៃការប្រើប្រាស់លំហក្រោមដីយ៉ាងច្រើន ដោយប្រើប្រាស់លំហទាំងនោះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធពហុបំណង។ ខណៈពេលដែលស្រទាប់ខាងក្រោមនៃរណ្តៅយក្សទាំងនេះ នឹងស្តុកទឹកភ្លៀងរាប់លានម៉ែត្រគីប ស្រទាប់ខាងលើត្រូវបានគេរំពឹងថានឹងប្រើប្រាស់សម្រាប់ធ្វើជាផ្លូវក្រោមដី និងចំណតរថយន្ត។ មន្ត្រីទីក្រុងបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរទៅរកការស្តុកទឹកក្រោមដីខ្នាតធំនេះ គឺពិតជាចាំបាច់ណាស់ ដោយសារប្រព័ន្ធបង្ហូរទឹកបច្ចុប្បន្នអាចឆ្លើយតបបានត្រឹមតែប្រហែល ២៥% នៃតម្រូវការក្នុងទីក្រុងប៉ុណ្ណោះ ដែលធ្វើ​ឲ្យ​រដ្ឋធានីមួយនេះកាន់តែងាយរងគ្រោះដោយសារឥទ្ធិពលនៃនគរូបនីយកម្មយ៉ាងរហ័ស និងការប្រែប្រួលអាកាសធាតុ៕

កំណាត់ផ្លូវ Le Duc Tho អំឡុងពេលភ្លៀងធ្លាក់ខ្លាំងនៅចុងខែសីហា២០២៥។ រូបថត៖ Viet Anh

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម