ព័ត៌មានអន្ដរជាតិ
លោក តូ ឡឹម ក្លាយជាមេដឹកនាំវៀតណាម មានអំណាចបំផុតមិនធ្លាប់មានរាប់ទសវត្សរ៍មកនេះ
នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសានេះ រដ្ឋសភាវៀតណាមបានសម្រេចជាឯកច្ឆន្ទបោះឆ្នោតជ្រើសតាំងអគ្គលេខាធិការបក្សកុម្មុយនិស្ត លោក តូ ឡឹម ឲ្យកាន់តំណែងជាប្រធានរដ្ឋសម្រាប់អាណត្តិ៥ឆ្នាំខាងមុខទៀត។ តាមការផ្សាយរបស់រ៉យទ័រ ការសម្រេចចិត្តនេះបានធ្វើឲ្យលោកក្លាយជាមេដឹកនាំវៀតណាមដែលមានអំណាចខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ ព្រោះលោកត្រូវកាន់តួនាទីកំពូលទាំងពីរក្នុងពេលតែមួយ ពោលគឺទាំងមេបក្ស និងប្រមុខរដ្ឋ ដែលជាការផ្លាស់ប្តូរចេញពីប្រព័ន្ធដឹកនាំជាសមូហភាពបែបប្រពៃណីរបស់វៀតណាម។

តាមរយៈការក្ដោបក្ដាប់អំណាចក្នុងដៃតែម្នាក់ឯងបែបនេះ អ្នកវិភាគយល់ថា វានឹងជួយឲ្យការសម្រេចចិត្តលើកិច្ចការធំៗរបស់ប្រទេសជាតិមានភាពរហ័សទាន់ចិត្ត ស្រដៀងទៅនឹងគំរូដឹកនាំរបស់ប្រទេសចិនដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ដំបូងបន្ទាប់ពីជាប់ឆ្នោត លោក តូ ឡឹម បានសន្យាថានឹងដឹកនាំប្រទេសឆ្ពោះទៅរក «ម៉ូដែលនៃកំណើនថ្មី» ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល។ លោកក៏បានសង្កត់ធ្ងន់លើការលើកកម្ពស់ជីវភាពប្រជាជន និងការពង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំដោយផ្អែកលើការពឹងផ្អែកលើខ្លួនឯង។
ទោះបីជាមានការបារម្ភខ្លះៗពីអ្នកជំនាញថា ការប្រមូលផ្ដុំអំណាចខ្លាំងពេកអាចនាំឲ្យមានការដឹកនាំបែបផ្ដាច់ការក៏ដោយ ប៉ុន្តែសម្រាប់អ្នកវិនិយោគបរទេសវិញ គេនៅតែមើលឃើញថា លោក តូ ឡឹម ជាមេដឹកនាំដែលគាំទ្រដល់វិស័យធុរកិច្ច និងរក្សាបាននូវស្ថិរភាពនយោបាយ។ លោកធ្លាប់បានដាក់ចេញនូវការកែទម្រង់សេដ្ឋកិច្ចស៊ីជម្រៅ ដើម្បីធ្វើឲ្យវៀតណាមមានសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ ជាពិសេសគឺការចង់ឲ្យសេដ្ឋកិច្ចវៀតណាមឈប់ពឹងផ្អែកខ្លាំងតែលើការផលិតដែលមានតម្លៃពលកម្មថោក។
ចំពោះគោលនយោបាយការបរទេសវិញ លោក តូ ឡឹម នៅតែបន្តប្រកាន់ខ្ជាប់នូវ «នយោបាយការទូតដើមឫស្សី» ដែលជារូបមន្តបត់បែនតាមកាលៈទេសៈ ដើម្បីរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនានា។ ការកាន់តំណែងទ្វេគុណរបស់លោកនៅពេលនេះ មិនត្រឹមតែជាការបង្រួបបង្រួមអំណាចនយោបាយក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញាបង្ហាញទៅកាន់ពិភពលោកថា វៀតណាមកំពុងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះជំហានទៅមុខយ៉ាងលឿន និងប្រកបដោយប្រសិទ្ធភាពក្នុងយុគសម័យថ្មី។ បន្ទាប់ពីការបោះឆ្នោតនេះ សភាវៀតណាមក៏គ្រោងនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដើម្បីមកជំនួសលោក ផាម មិញជិញ ផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


