Connect with us

កីឡា

លោក កាំង សេន រត់ជិត ៦ ម៉ោង ទើប​ដល់​គោល​ដៅ ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង

បានផុស

នៅ

មហា​ជន ជា​ពិសេស​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​កម្ពុជា​ បានកោត​សរសើរ​ចំពោះ​លោក កាំង សេន ប្រធាន​ក្លិប​បាល់ទាត់ អាយអេសអាយ ដង្កោសែន​ជ័យ ដែល​បាន​ចំណាយ​កម្លាំង​កាយ​ចិត្ត​រត់​រាប់​ម៉ោង​តាម​ការ​សន្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ការ​ប្រកួត លោក កាំង សេន បាន​បង្ហោះសារ​ជាសាធារណៈ​ថា ប្រសិន​បើ ក្រុម​អាយអេសអាយ ដង្កោសែន​ជ័យ របស់​លោក ចាញ់ ព្រះ​ខ័ន​រាជ​ស្វាយរៀង លោក នឹង​រត់​ចេញ​ពី​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ មក​កាន់​កីឡដ្ឋាន ISI Park។

ការ​ប្រកួត​​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៨​ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ​ស្ទើរ​តែ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ទៅ ប៉ុន្តែ​នៅ​ចុង​ម៉ោង ៩០+៩ ខ្សែ​បម្រើ​ការពារ Odawara ស៊ុត​ចូល​គ្រាប់​ដើម្បី​​ឲ្យ​ម្ចាស់​ផ្ទះ​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ១-០។

ក្រោយ​ចប់​ការ​ប្រកួត​វេលា​ម៉ោង​ជាង ៨ យប់ លោក កាំង សេន បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​ដោយ​បាន​ចាប់​ផ្តើម​រត់​ចេញ​ពី​ពហុកីឡដ្ឋាន​ជាតិ មករតតេជោ មក​តាម​មហាវិថីឈ្នះឈ្នះ​ឆ្លង​កាត់​ស្ពាន​ព្រែកព្នៅ ឆ្ពោះ​ទៅ​កាន់​​កីឡដ្ឋាន​ភ្នំពេញក្រោន និង​បន្ត​ដំណើរ​ទៅ​​​កីឡដ្ឋាន ISI Park ​ដែល​ជា​​ទី​លាន​របស់​លោក។

ផែន​ទី​បាន​បង្ហាញ​ថា លោក​ត្រូវ​ចំណាយ​ពេល​ជាង ៥ ម៉ោង លើ​ចម្ងាយ​ផ្លូវ​ជិត ៣០​គីឡូម៉ែត្រ ហើយ​ទី​បំផុតលោក​បាន​​សម្រេច​គោល​ដៅ​វេលា​ម៉ោង​ជាង ១ យប់​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ ២០២៦។ ការ​ចំណាយ​ពេលជិត ៦ ម៉ោង​នេះ​គឺ​លោក បាន​រត់​ចូល​​ទៅ​កីឡដ្ឋាន ភ្នំពេញ​ក្រោន ហើយ​នៅ​តាម​ផ្លូវ​ការ​ក៏​មាន​ថ្នាក់​ដឹក​នាំ​ក្លិប ព្រះ​ខ័ន​រាជ​ស្វាយរៀង និងបឹងកេត បាន​ទៅ​​ជួប​ស្វាគមន៍ និង​លើក​ទឹក​ចិត្ត ព្រម​ទាំង​ដើរ​-រត់​អម​ដំណើរ​ផង​ដែរ។

ការ​លះ​បង់​កម្លាំង​កាយ​ចិត្ត​ដ៏​ធំ​ធេង​មិន​ធ្លាប់​មាន​នេះ​ទទួល​បាន​ការ​គោរព សរសើរ និង​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ពី​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​ កីឡាករ ​ថ្នាក់​ដឹក​នាំ និង​អ្នក​ពាក់​ព័ន្ធ​នឹង​កីឡា​បាល់ទាត់។

លោក កាំង សេន ត្រូវ​បាន​មហាជន​ដឹង​ពី​ការ​ចំណាយ​ធន​ធាន​យ៉ាង​ច្រើន​ដើម្បី​បង្កើត​ក្រុម​បាល់ទាត់​ផ្ទាល់​ខ្លួន និង​រៀបចំ​កម្មវិធី​ប្រកួត​ពាក់​កណ្តាល​អាជីព​ជា​ច្រើន​ឆ្នាំ មុន​ពេល​លោក​សម្រេច​បង្កើត​ជា​ក្រុម​អាជីព​ដើម្បី​លេង​ក្នុង​លីគ​បាល់ទាត់​កំពូល​កម្ពុជា។ លោក​ក៏​បាន​កសាង​កីឡដ្ឋាន​បាល់ទាត់​ផ្ទាល់​ខ្លួន​ថែម។ ទាំង​នេះ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​វិស័យ​បាល់ទាត់​កម្ពុជា។

មិន​ត្រឹម​តែ​ចំណាយ​ថវិកា និង​ធន​ធាន​យ៉ាង​ច្រើន​ជា​​រៀល​រាល់​ឆ្នាំ​ប៉ុណ្ណោះ​ទេ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ លោក កាំង សេន ​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ និង​បំផុស​ស្មារតី​ឲ្យ​ស្រឡាញ់​បាល់ទាត់​​ថែម​ទៀត​ផង។ ការ​រត់​កាល​ពី​យប់​មិញ​អាច​ចាត់​ទុក​ជា​លើក​ទី​២ បន្ទាប់​ពី​លោក​បាន​ដោះ​អាវ​រត់​ជុំ​វិញ​ទី​លាន​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោយ​ពេល​ក្រុម​របស់​លោក​ចាញ់ បឹងកេត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​អាច​ជា​ប្រធាន​ក្លិប​បាល់ទាត់​តែ​ម្នាក់​គត់​ក្នុង​លោក​ដែល​បន្ត​លេង​បាល់ទាត់​អាជីព និង​រក​បាន​គ្រាប់​បាល់​ថែម​ទៀត​ផង៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម