Connect with us

ព័ត៌មានជាតិ

អាហារូបករណ៍អូស្រ្តាលីឆ្នាំ ២០២៧ ចាប់ផ្តើមបើកទទួលពាក្យជាឱកាសសម្រាប់ពលរដ្ឋកម្ពុជា

បានផុស

នៅ

អាហារូបករណ៍អូស្រ្តាលីសម្រាប់ឆ្នាំ ២០២៧ ចាប់ផ្តើមបើកទទួលពាក្យសម្រាប់យុវជន និងមន្រ្តីរាជការកម្ពុជាដើម្បីទទួលបានឱកាសសិក្សាកម្រិតអន្តរជាតិឥតបង់ថ្លៃឈានដល់ការពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់ខ្លួន។ ការដាក់ពាក្យស្នើសុំអាហារូបករណ៍ចាប់ផ្តើមបើកនៅថ្ងៃទី ១ ខែកុម្ភ: ឆ្នាំ ២០២៦​ តទៅ ហើយឈប់ទទួលពាក្យត្រឹមថ្ងៃទី 30 ខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លក្ខខណ្ឌសម្រាប់ការស្នើរសុំអាហារូបករណ៍ ជាពលរដ្ឋកម្ពុជាដោយពុំមានសញ្ជាតិពីរ ឬសញ្ជាតិបន្ថែម មានបទ​ពិសោធន៍ធ្វើការងារពេញម៉ោងយ៉ាងតិច ២៤ ខែ, លទ្ធផលប្រលង IELTS ទទួលបានពិន្ទុសរុបយ៉ាងតិច 6.0 ដោយពុំមានពិន្ទុណាមួយក្រោម 5.5 សម្រាប់ការដាក់ពាក្យស្នើសុំទៅលើកម្រិតអនុបណ្ឌិតតាមវគ្គសិក្សា និងពិន្ទុសរុបយ៉ាងតិច 6.5 ដោយពុំមានពិន្ទុណាមួយក្រោម 6.0 សម្រាប់ការដាក់ពាក្យស្នើសុំទៅលើកម្រិតអនុបណ្ឌិតផ្នែកស្រាវជ្រាវនិងថ្នាក់បណ្ឌិត និងលក្ខខណ្ឌមួយចំនួនទៀត។

ដើម្បីផ្សព្វផ្សាយកាន់តែទូលំទូលាយ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា សហការជាមួយវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី ១០ ខែកុម្ភៈ បានរៀបចំសិក្ខាសាលាស្តីពីការចាប់ផ្តើមទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់មន្រ្តីរាជការ និងយុវជនកម្ពុជា ព្រមទាំងធ្វើបទបង្ហាញដោយអតីតនិស្សិតអាហារូករណ៍ផងដែរ។

កអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាលោក ដេរីក យីប

ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាលោក ដេរីក យីប  (Derek Yip) បានថ្លែងថា ក្រោមអាហារូបករណ៍ Australia Awards យុវជនកម្ពុជា និងមេដឹកនាំជំនាន់ក្រោយត្រូវបានផ្តល់ឱកាសដើម្បីទទួលបានសញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតនៅសាកលវិទ្យាល័យអូស្ត្រាលីលំដាប់ពិភពលោក ហើយតាមរយៈការសិក្សា និងការស្រាវជ្រាវនោះ គឺបានអភិវឌ្ឍជំនាញ និងចំណេះដឹងដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលកំពុងបន្ត របស់ប្រទេសកម្ពុជា។
លោកបានថ្លែងដោយមោទនភាពថា បណ្តាញអតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី រួមមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទីប្រឹក្សាជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការជាច្រើនរូប ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជាច្រើនរូបទៀត ដែលទាំងអស់នេះកំពុងធ្វើការដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលរឹងមាំ និងមានភាពធន់។

លោក សោម រតនា

នាឱកាសនោះ លោក សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អាហារូបករណ៍ Australia Awards គឺជាជំហានមួយសម្រាប់ជ័យលាភីទាំងអស់ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍ ចាប់តាំងពីកម្រិតបុគ្គល ស្ថាប័ន និងសង្គមជាតិ។ លោកបន្តថា ក្នុងពេលបច្ចុប្បន្ននេះ​ អតីតនិស្សិតដែលទទួលអាហារូបករណ៍អូស្ត្រាលី បាននឹងកំពុងក្លាយជាអ្នកជំនាញ និងថ្នាក់ដឹកនាំ នៅតាមស្ថាប័នរដ្ឋ និងឯកជន ដោយបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ រួមមានអភិបាលកិច្ចល្អ សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះកម្មវិធី Australia Award ដែលបានផ្តល់​ឱកាស​ស្មើៗ​គ្នា​សម្រាប់​ស្ត្រី អ្នកដែលមានជីវភាពខ្វះខាត សហគមន៍ LGBT+ និង​បុគ្គលមាន​ពិការភាព ដោយ​​ផ្តល់ឱកាសឱ្យពួកគេទទួលបានការអប់រំដែលមានគុណភាពខ្ពស់នៅក្រៅប្រទេស​ ដែលនេះ​គឺជាការលើកកម្ពស់​និងជាការផ្តល់ជំនួយយ៉ាងមានប្រសិទ្ធភាព។

សូមជម្រាបថា​  អូស្រ្តាលីចាប់ផ្តើមផ្ដល់ជូនអាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ចាប់ពីឆ្នាំ ១៩៩៤ មក ដែកមកដល់ពេលនេះមានច្រើនជាង ១ ១០០ កន្លែង។ អាហារូបករណ៍ដែលផ្តល់ជូននោះរួមមានកម្រិតអនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើននៅប្រទេសអូស្ត្រាលី លើវិស័យដូចជា អភិបាលកិច្ច ការអប់រំ ការកសាងភាពធន់ និងបរិស្ថាន សុខភាព បរិយាបន្នសង្គម ការសម្របសម្រួលពាណិជ្ជកម្ម រួមទាំងកសិកម្ម និងនេសាទជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម