Connect with us

ព័ត៌មានអន្ដរជាតិ

EU ​​ព្រម ​បញ្ចេញ​មូលនិធិ​​រាប់​ពាន់​លានដុល្លារ​ ឲ្យ​ហុងគ្រី វិញ ក្រោយ​បង្កក​ច្រើន​ឆ្នាំ​

បានផុស

នៅ

ទីបំផុត សហភាពអឺរ៉ុប (EU) យល់​ព្រម​​បញ្ចេញ​មូល​និធិ​រាប់​ពាន់​លាន​ដុល្លាដែល​​ធ្លាប់​ត្រូវ​បាន​បង្កក​ ទៅ​ឱ្យ​ហុងគ្រី​វិញហើយ​ បន្ទាប់ពីប្រធាន​គណៈ​កម្មការ​អឺរ៉ុប លោក​ស្រី Ursula von der Leyen មើលឃើញថា​ ​មាន​វឌ្ឍន​ភាពយ៉ាងឆាប់រហ័ស និងជាក់ស្តែងលើ​កំណែទម្រង់រចនា​សម្ព័ន្ធ​ ក្រោមការដឹកនាំថ្មីរបស់​រដ្ឋាភិបាលក្រុង ប៊ុយដាប៉ែស។ នេះ​បើយោងតាម​ភ្នាក់​ងារ​សារព័ត៌មាន​តួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ ២០២៦។

បន្ទាប់​ពីកិច្ចប្រជុំមួយ​នៅទីក្រុងព្រុចសែល​ ជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក Peter Magyar, លោកស្រី von der Leyen ថ្លែងថា៖ «ប្រទេសហុងគ្រីបាន​អនុវត្តកំណែទម្រង់ថ្មី ក្នុង​គោលបំណងពង្រឹងការការពារ​ ប្រឆាំងអំពើពុករលួយ ​ការកែលម្អសេវាកម្ម​សាធារណៈ និង​ពង្រឹង​ក្រប​ខ័ណ្ឌ​នីតិរដ្ឋ​»។

លោក Peter Magyar និង លោកស្រី von der Leyen។ រូបភាព៖ Euractiv
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបន្ថែម​ថា៖ «ការផ្លាស់ប្តូរទាំងនេះ​ រួមមានទាំងការ​សម្រេចចិត្ត​របស់ហុងគ្រី ​ក្នុងការចូលរួម​ជាមួយការិយាល័យរដ្ឋ​អាជ្ញា​សាធារណៈអឺរ៉ុប ការពង្រឹងអាជ្ញាធរ​សុចរិត​ភាពជាតិ ការកែសម្រួលច្បាប់​លទ្ធ​កម្ម និងការលុបចោលរចនាសម្ព័ន្ធ​ដែលមានហានិភ័យខ្ពស់​ សម្រាប់រដ្ឋ»។

យោងតាម លោកស្រី von der Leyen ជំហាន​ទាំងនេះ រួមផ្សំ​ជាមួយ​នឹងផែនការវិនិយោគដែល​បានព្រមព្រៀង​គ្នា​ក្រោមក្របខ័ណ្ឌ​ស្តារ​ឡើងវិញ​របស់សហភាពអឺរ៉ុប អនុញ្ញាតឱ្យ​មានការ​បញ្ចេញមូល​និធិបន្តិចម្តងៗ។

លោកស្រីថា៖ « ខ្ញុំពិតជារីករាយណាស់​ក្នុង​ការប្រកាស​ថា​ យើងអាច​បញ្ចេញ​ទឹកប្រាក់​ជិត ​១១ពាន់លានដុល្លារ សម្រាប់​ប្រទេស​ហុង​គ្រី ចំណែក​មូលនិធិសម្ព័ន្ធភាព​ចំនួន ៤.៨ប៊ីលានបន្ថែមទៀត នឹង​ភ្ជាប់​ទៅដំណាក់កាលសំខាន់ៗនៃលក្ខខណ្ឌ​នានា»។

គួរ​បញ្ជាក់​ថា ភាពតានតឹងរវាង​ EU និងហុងគ្រី ចាប់ផ្តើម​តាំង​ពី​ឆ្នាំ ២០១០ មក ពេលដែលប្លុកនេះ ​ចោទ​ប្រកាន់រដ្ឋាភិបាល​របស់ អតីត​មេដឹក​នាំ​ហុង​គ្រី លោក Viktor Orban ពីបទលើកកម្ពស់គោល​នយោបាយអភិរក្សនិយមប្រឆាំង​នឹងច្បាប់​ EU។

ក្រោយមក គណបក្ស Tisza របស់ លោក Magyar បាន​ឈ្នះ ក្នុង​ការបោះឆ្នោតសភា​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០២៦ ដោយបញ្ចប់ការគ្រប់គ្រង​​រយៈ​ពេល ១៦ឆ្នាំ របស់លោក Orban ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម