Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ណែ​នាំ​ឱ្យ​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំលើ​កម្មវិធី​អប់រំ​សីលធម៌​ដល់​យុវជន

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ​លោក ចាយ បូរិន បាន​ណែ​នាំ​ឱ្យ​ក្រសួង​មាន​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ​ក្នុង​ការ​បញ្ចូល​កម្មវិធី​អប់រំ​សីលធម៌ គុណធម៌ ដល់​យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​សហគមន៍ ដើម្បី​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​មាន​បញ្ញា​ស្មារតី​ប្រកប​ដោយ​ព្រហ្ម​វិហារ​ធម៌ កាត់​បន្ថយ​អំពើ​អនាចារ អបាយមុខ អំពើ​ហិង្សា អសីលធម៌ និង​ចូលរួម​ជួយ​ឱ្យ​សង្គម​ជាតិ​មាន​សុខដុម​រមនា និង​ពង្រឹង​សាមគ្គីធម៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួង​ធម្មការ និង​សាសនា​ នៅ​សាល​សន្និសីទ​ចតុម្មុខ រសៀល​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោក​រដ្ឋមន្ត្រី​ ចាយ បូរិន មាន​ប្រសាសន៍​ថា​ ក្នុង​ស្ថានភាព និង​ការ​ប្រែប្រួល​ក្នុង​​សង្គម​បច្ចុប្បន្ន​នេះ​ វិស័យ​សាសនា​កាន់​តែ​ដើរតួ​សំខាន់​ក្នុង​ការ​ចូលរួម​ថែ​រក្សា​ស្ថិរភាព​នយោបាយ សណ្ដាប់​ធ្នាប់​សង្គម សន្តិសុខ និង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​។ លោក​បន្ថែម​ដោយ​ជំរុញ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ និង​វិស័យ​ឯក​ជន​ បន្ត​សហការ​ជាមួយ​ក្រសួង​ធម្មការ​និង​សាសនា ដើម្បី​លើក​កម្ពស់​សាសនា និង​សីលធម៌​សង្គម​ និង​ណែនាំ​ដល់​ស្ថាប័ន​ក្រោម​ឱវាទ​ក្រសួង​ស្វែង​រក​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​ដើម្បី​បញ្ចូល​កម្មវិធី​អប់រំ​សីលធម៌​ គុណធម៌ ដល់​យុវជន​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​សហគមន៍​ផង​ដែរ​។


រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹក​នាំ​ដោយ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​អភិវឌ្ឍ​​មូលធន​មនុស្ស​ទៅ​ក្នុង​គោល​នយោបាយ​បញ្ចកោណ​ដើម្បី​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​​មាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ និង​សីលធម៌​ក្នុង​ការ​រស់​នៅ​ជា​សំខាន់​។ សម្ដេច​ធិបតី​ក៏​បាន​បញ្ជា​ឱ្យ​មាន​វិធាន​ការ​ជា​បន្តបន្ទាប់​បង្ក្រាប​រាល់​សកម្មភាព​ក្មេង​ទំនើង អប់រំ​ណែនាំ​​ធ្វើ​សម្បទា​ដើម្បី​ធ្វើ​ឱ្យ​សង្គម​មាន​សណ្ដាប់ធ្នាប់ និង​រក្សា​តម្លៃ​សីលធម៌​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ​។

តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​ក្នុង​ឆ្នាំ​២០២៥ នគរបាល​ជាតិ​បាន​បង្ក្រាប​ក្មេង​ទំនើង​បាន​៩៩១​ករណី ឃាត់​ខ្លួន​បាន​៣ ៦០៧នាក់ និង​បញ្ជូន​ទៅ​តុលាការ​ចំនួន ២ ៣៥៥នាក់៕ ​


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម