ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងហក់ឡើងខ្លាំងម្សិលមិញ និងថយចុះមកវិញខ្លះនៅថ្ងៃសុក្រនេះ
តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងខ្លាំងពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ជុំវិញសង្រ្គាមនៅមជ្ឈិមបូព៌ា ប៉ុន្តែថយមកវិញខ្លះសម្រាប់ជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃសុក្រ (៦ មីនា) នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានហក់ឡើង ៦,៣៥ ដុល្លារ ឬ ៨,៥១% ដល់ ៨១,០១ ដុល្លារ/បារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ ២០២៤។ ដោយឡែកតម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent វិញ បានកើនឡើង ៤,០១ ដុល្លារ ឬ ៤,៩៣% ដល់ ៨៥,៤១ ដុល្លារ/បារ៉ែល។
កំណើនតម្លៃប្រេងនេះ បណ្ដាលមកពីជម្លោះរវាងសម្ព័ន្ធមិត្តអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលនៅតែបន្តតានតឹង និងបង្កការរាំងស្ទះដល់ច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការសកល។
ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមិនមានការព្រួយបារម្ភអំពីកំណើនតម្លៃប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ដែលបណ្តាលមកពីជម្លោះជាមួយអ៊ីរ៉ង់នោះទេ ដោយលោកបានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកគឺជាអាទិភាពរបស់លោក។ លោក ត្រាំ ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកចង់ចូលរួមក្នុងការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់ ចំពេលដែលគ្នាភាគីវិវាទមិនបង្ហាញសញ្ញានៃការចរចា។
អ្នកជំនាញខ្លះបានលើកឡើងថា តម្លៃប្រេងអាចហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែល ខណៈធនាគារវិនិយោគអាមេរិក JPMorgan បានព្យាករថា តម្លៃនោះអាចកើនដល់ ១២០ ដុល្លារ/បារ៉ែល ប្រសិនបើច្រកហ័រមូហ្សត្រូវបានបិទទាំងស្រុងរយៈពេលយូរ ដែលធ្វើឱ្យរាំងស្ទះដល់ការនាំចេញប្រេងពីមជ្ឈិមបូព៌ា។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈវិនិយោគិនបន្តវាយតម្លៃលើស្ថានការណ៍នៃជម្លោះ តម្លៃប្រេងបានធ្លាក់ចុះមកវិញបន្តិច។ គិតត្រឹមម៉ោង ១០ ព្រឹក ថ្ងៃសុក្រ នៅទីក្រុងភ្នំពេញ (១១ ព្រឹក នៅហុងកុង) តម្លៃប្រេងម៉ាក Brent បានធ្លាក់ចុះ ១,៣២ ដុល្លារ ឬ ១,៥៥% មកត្រឹម ៨៤,០៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេង WTI បានធ្លាក់ចុះ ១,៦៩ ដុល្លារ ឬ ២,០៩% មកត្រឹម ៧៩,៣២ ដុល្លារ/បារ៉ែល។ ទោះបីធ្លាក់ចុះក្ដី តម្លៃប្រេងទាំង ២ នៅតែខ្ពស់ខ្លាំងដដែល ធៀបនឹងអត្រាសប្ដាហ៍មុន ដែលជួញដូរក្នុងរង្វង់ប្រហែល ៧០ ដុល្លារ/បារ៉ែល៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


