Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើង ៦% ខណៈទីផ្សារប្រែប្រួលខ្លាំង

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ស្ទុះងើបឡើងវិញជាង ៦% សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីធ្លាក់ចុះប្រមាណ ៩% កាលពីថ្ងៃសុក្រសប្ដាហ៍មុន​ ដោយសារតែភាពមិនប្រាកដប្រជានៃដំណោះស្រាយជម្លោះអាមេរិក-អ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារប្រេងមាន​ការប្រែប្រួលខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេងឆៅ ម៉ាក​​ Brent ​បាន​កើនឡើង ៦,១១ ដុល្លារ ឬ ៦,៧% ​ដល់ ៩៦,៤៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៨ កន្លះ នៅទីក្រុងតូក្យូ (ជប៉ុន)។ តម្លៃប្រេងអាមេរិក ម៉ាក WTI ឯណោះវិញ បានកើនឡើង ៦,៥៣ ដុល្លារ ឬ ៧,៧៩% ដល់ ​៩០,៣៨ ដុល្លារ/បារ៉ែល។ ​

តម្លៃប្រេងទាំង២ បាន​ធ្លាក់ចុះជាគំហុកពេលបិទការជួញដូរសប្ដាហ៍មុន ក្រោយ​អ៊ីរ៉ង់ប្រកាសពីការបើកច្រកហ័រមូហ្សតាមលក្ខខណ្ឌបទឈប់បាញ់ ២ សប្ដាហ៍ ជាមួយអាមេរិក ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសពីការខិតទៅកាន់តែកៀកនឹងកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយ។ យ៉ាងណាមិញ តម្លៃប្រេងដដែល​បាន​ហក់ឡើងជាថ្មីនៅដើមសប្ដាហ៍នេះ ក្រោយ​ភាគីទាំងសងខាង​បាន​ចោទប្រកាន់គ្នាទៅវិញទៅមក ថាបាន​រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់​ ដោយ​វាយប្រហារលើកប៉ាល់ជាច្រើនគ្រឿងកាលពីចុងសប្ដាហ៍កន្លងទៅ។ ​

​លោក​ ត្រាំ បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យថា យោធាអាមេរិកបានរឹបអូសកប៉ាល់ដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ដែលបានព្យាយាម​គេចវេះការបិទខ្ទប់របស់ខ្លួន ខណៈ​អ៊ីរ៉ង់​ឯណោះវិញ​បាន​និយាយថា ​អ៊ីរ៉ង់នឹងមិនចូលរួមក្នុងកិច្ចចរចាសន្តិភាពជុំទី២ទេ ទោះបីជាលោក ត្រាំ បានគំរាមកំហែងវាយប្រហារតាមអាកាស​ជាថ្មីក៏ដោយ​។

អាមេរិក​បាន​បន្តការបិទខ្ទប់សម្រាប់លើកប៉ាល់ចេញពីអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់ឯណោះវិញបាន​ប្រកាសបើកច្រកហ័រមូហ្ស ហើយបិទទៅវិញ ដែលធ្វើឱ្យការ​ដឹកជញ្ជូនលើផ្លូវទឹកយុទ្ធសាស្រ្ត​នេះនៅតែបន្ត។ ​ច្រក​ហ័រមូហ្ស​រួមចំណែកដល់ការដឹកជញ្ជូនប្រេង ១/៥ នៃតម្រូវការសកលប្រចាំថ្ងៃ ហើយការរំខានច្រកនេះ បាន​ធ្វើឱ្យ​ទីផ្សារប្រេងសកលធ្លាក់ចូលទៅក្នុងវិបត្តិ ជាមួយនឹង​តម្លៃហក់ឡើងលើស ១០០ ដុល្លារ/បារ៉ែល នាពេលកន្លងមក។

អ្នកវិភាគទីផ្សារបាននិយាយថា ទីផ្សារបច្ចុប្បន្ននេះនៅតែរងហានិភ័យអស្ថិរភាពតម្លៃខ្ពស់ ដោយសារតែ​ការវិវត្តចុះឡើងនៃជម្លោះអាមេរិក និងអ៊ីរ៉ង់ ដែលគ្មានដំណោះស្រាយរយៈពេលវែង ដើម្បីធានាពីស្ថិរភាព និងសុវត្ថិភាព​សម្រាប់ការផ្គត់ផ្គង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម