ព័ត៌មានជាតិ
វ័យទើប២០ឆ្នាំ យុវជន ណេត សក្កដា ជោគជ័យលើមុខរបរលក់សម្លៀកបំពាក់បែបយុវវ័យ
ត្រឹមវ័យទើបតែ២០ឆ្នាំ ដែលយុវជនភាគច្រើនកំពុងភ្លើតភ្លើននឹងការដើរលេងសប្បាយបែបយុវវ័យ និងមួយចំនួនទៀតតែងបង្កភាពអនាធិបតេយ្យក្នុងសង្គម តែក៏មានយុវវ័យមួយចំនួនផ្សេងទៀតក៏កំពុងបន្តការសិក្សាដើម្បីក្រេបយកចំណេះដឹងដើម្បីជាគ្រឹះនៃការកសាងអនាគត។ ត្បិតភាពយុវវ័យដែលជាវ័យដែលកំពុងសប្បាយក៏ពិតមែន តែយុវជន ណេត សក្កដា ក៏កំពុងជោគជ័យក្នុងការរកចំណូលដោយខ្លួនឯងមិនចាំបាច់សុំលុយពីឪពុកម្ដាយ ហើយក៏មានលទ្ធភាពក្នុងការទិញរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនដូចជារថយន្ដជាដើម ខណៈការលក់សម្លៀកបំពាក់បែបយុវវ័យកំពុងមានការគាំទ្រពីអថិតជនដែលជាយុវវ័យដូចគ្នាជាច្រើនផងដែរ។

តាមការរៀបរាប់ពីយុវជន ណេត សក្កដា ដែលជាម្ចាស់ហាងលក់សម្លៀកបំពាក់ NT SAKDA នៅក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា មុនឈានដល់ជោគជ័យក្នុងមុខរបរនេះ ក្នុងវ័យទើបតែ១៦ឆ្នាំដំបូងឡើយខ្លួនមានលុយត្រឹម១០ម៉ឺនរៀលប៉ុណ្ណោះដែលសល់ពីការសន្សំពេលម្ដាយឲ្យទៅរៀន តែដោយមានចំណង់ចំណូចចិត្តក្នុងរបរលក់ដូរ ខ្លួនក៏បានខ្ចីលុយពីម្ដាយចំនួន១០០ដុល្លារដើម្បីទិញសម្លៀកបំពាក់បន្តពីហាងលក់ដូរមួយនៅក្រុងសៀមរាបយកមកលក់បន្តតាមប្រព័ន្ធOnline ដែលពេលនោះ ខ្លួនលក់ដូរនៅតែក្នុងផ្ទះមិនទាន់មានហាងត្រឹមត្រូវនោះទេ។

ដោយមានការគាំទ្រច្រើនពីអតិថិជនជាយុវវ័យដូចគ្នាពីមួយថ្ងៃទៅមួយថ្ងៃ យុវជន ណេត សក្កដា ក៏សម្រេងបើកហាងតូចមួយជាមួយរោងលក់ដូរចាប់ហ៊ួយរបស់ម្ដាយ ធ្វើឲ្យអតិថិជនជាយុវវ័យចាប់ផ្ដើមមកទិញសម្លៀកបំពាក់ដល់ហាងផ្ទាល់កាន់តែច្រើន និងអ្នកនៅតាមបណ្ដាខេត្តនៅតែបន្តទំនាក់ទំនងទិញតាមOnline មិនចេះដាច់។ មកដល់បច្ចុប្បន្ន ម្ចាស់ហាងលក់សម្លៀកបំពាក់វ័យក្មេងដែលមនុស្សភាគច្រើនមិនអាចធ្វើបាននោះ បានបង្រីកហាងកាន់ធំទ្វេគុណនឹងបីដងនៃហាងចាស់ ខណៈអតិថិជនកាន់តែស្គាល់ច្រើនមកដល់ទីតាំងផ្ទាល់។

បើតាមយុវជន ណេត សក្កដា មកដល់សព្វថ្ងៃនេះ ក្នុងមួយថ្ងៃខ្លួនអាចលក់បានចន្លោះពីជាង១០០ដុល្លារ ទៅជាង២០០ដុល្លារ ទាំងOnline និងលក់នៅហាងផ្ទាល់ តែបើនៅថ្ងៃកម្មររោងចក្របើកលុយ ឬថ្ងៃមានបុណ្យទាន ខ្លួនអាចលក់បានចន្លោះពីជាង៣០០ដុល្លារ ដល់ក្បែរ៥០០ដុល្លារក្នុងមួយថ្ងៃ។ ក្នុងការលក់ដូរ ម្ចាស់ហាងរូបនេះបញ្ជាក់ថា ខ្លួនផ្ដោតតែលើសម្លៀកបំពាក់បែបយុវវ័យប៉ុណ្ណោះ ក្នុងនោះមានដូចជា ខោអាវ ស្បែកជើង មួក ខ្សែក្រវ៉ាត់ ស្រោមទូរស័ព្ទ បន្តោងសោ និងរបស់មួយចំនួនទៀត។ ម្ចាស់ហាងក៏មានគម្រោងបង្រីកសាខាបន្ថែមទៀតដែរ តែកំពុងរង់ចាំមើលឱកាសសិន។

លោក ង៉ែត ប៉ុន្នី និងអ្នកស្រី ថុន រ៉ា ដែលជាឪពុកម្ដាយរបស់យុវជន ណេត សក្កដា បានលើកឡើងថា ពួកគាត់មានអារម្មណ៍សប្បាយចិត្តនៅពេលឃើញប្រុសចេះមានគំនិតរកស៊ីរហូតជោគជ័យបែបនេះ ហើយក៏គិតថា ខ្លួនមានសំណាងដែលមានកូនដើរកន្លងធម៌ចេះស្ដាប់បង្គាប់មិនធ្វើឲ្យពួកគាត់ពិបាកចិត្តដូចក្មេងមួយចំនួន។ អ្នកទាំងពីរក៏ចង់ឲ្យកូនពង្រីកសាខាបន្ថែមទៀតដែរ តែបើពង្រីកក៏ត្រូវចំណាយច្រើន ទាំងការជួលកន្លែង ជួលកម្មករលក់ដូរ ហើយអ្វីដែលសំខាន់គឺពិបាកទុកចិត្តលើអ្នកគ្រប់គ្រងមើលការខុសត្រូវហាង៕
អត្ថបទ៖ សុខុម






-
ចរាចរណ៍២ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ២ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


