Connect with us

ព័ត៌មានអន្ដរជាតិ

ការ​ចំណាយ​ខ្ពស់​របស់​អាមេរិក​លើ​សង្រ្គាម​​អ៊ីរ៉ង់​ ធ្វើ​ឲ្យ​រដ្ឋបាល​ ​ត្រាំ ធ្លាក់ចុះ​​ប្រជាប្រិយភាព​ខ្លាំង​​

បានផុស

នៅ

ខណៈសង្គ្រាម​រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​​​វាយ​ប្រហារ​លើអ៊ីរ៉ង់​នៅ​តែ​បន្ត​កើន​ឡើង​​ខ្លាំងនៅឡើ​យ​​ សំណួរ​ជាច្រើន​​​តែងតែ​លើក​ឡើងថា​ តើទីក្រុងវ៉ាស៊ីន​តោន​ខាតបង់​ប៉ុន្មាន​ក្នុង​សង្គ្រាម​នេះ​?​

យោងតាម​ Al Jazeera ចុះ​ផ្សាយ​ថ្ងៃ​ទី​៩ខែមីនា ឆ្នាំ​២០២៦, នៅ​ចុងសប្តាហ៍​មុន ប្រភព​ពីរ​ពីសភា​បាន​ប្រាប់​អ្នកផ្សាយព័ត៌មាន​អា​មេរិក​ MS NOW ថា​ សង្គ្រាម​នេះ​កំពុងធ្វើឱ្យសហរដ្ឋអាមេរិក​ខាតបង់​ប្រមាណ ១ប៊ី​លាន​ដុល្លារ​ក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
យន្តហោះចម្បាំងពីរគ្រឿងរបស់​ទីក្រុងវ៉ាស៊ីនតោន។ រូបភាព៖ Reuters

មួយ​ថ្ងៃក្រោយមក​សារព័ត៌មាន​ Politico រាយការណ៍​ថា បក្ស​សាធារណ​​រដ្ឋ​អាមេរិក​ជាមួយ​​សភា​អាមេរិក​​ Capitol Hill ភ័យខ្លាច​ថា មន្ទីរ​បញ្ចកោណ ​​(Pentagon) កំពុងចាយ​លុយ​​ជិត ២ប៊ី​លានដុល្លារក្នុង​មួយថ្ងៃ​លើ​សង្គ្រាមជា​មួយ​អ៊ីរ៉ង់​​។

លោក Hakeem Jeffries អ្នក​តំណាងរាស្ត្រក្នុង​សភា​ ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្នុងសន្និសីទសារព័ត៌មានមួយ​នៅសភា Capitol Hill កាល​ពីសប្តាហ៍​មុន​ថា៖ « ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងធ្វើ​ឱ្យ​អាមេរិកធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​គ្មានទីបញ្ចប់មួយទៀត​នៅមជ្ឈិមបូព៌ា​ និងចំណាយ​ប្រាក់​រាប់​ពាន់​លានដុល្លារ ​ដើម្បីទម្លាក់​គ្រាប់បែកលើប្រទេសអ៊ីរ៉ង់»។

លោកបន្ត​ថា៖ «ប៉ុន្តែ​ពួកគេ(រដ្ឋបាល​​លោក​ត្រាំ​) ​មិនអាចរកប្រាក់​មួយកាក់​មួយសេន ដើម្បី​ឱ្យ​ប្រជា​ជន​អាមេរិក​ទទួល​បាន​តម្លៃ​សមរម្យ ទៅ​ជួប​គ្រូ​ពេទ្យ​នៅពេលដែលពួកគេត្រូវការទេ។ មិន​អាចរកប្រាក់មួយកាក់មួយ​សេន​ ដើម្បីធ្វើ​ឱ្យវាកាន់តែងាយស្រួល​សម្រាប់ជនជាតិអាមេរិក [​….] ហើយ​ពួកគេក៏មិនអាចរក​ប្រាក់មួយកាក់មួយសេន​ ដើម្បីបន្ថយ​​ការ​ចំណាយ​លើ​គ្រឿង​បរិភោគ​​របស់​ប្រជា​ជនអាមេរិក​ដែរ​​»។

លោក ដូណាល់ ត្រាំ ឈ្នះ​ការបោះឆ្នោត​ជា​ប្រធានាធិបតីឆ្នាំ ២០២៤ ​ដោយ​សារការ​សន្យាថា​ នឹង​បញ្ចប់សង្គ្រាម​នៅអ៊ុយក្រែន​និង​នៅ​លើ​ពិភពលោក នាំសន្តិភាព​ កាត់បន្ថយការ​ចំណាយលើការរស់​នៅ តែ​ក្រោយ​ៗ​មក​ក៏​មិនទាន់​ឃើញការ​តប​ស្នង​ណា​មួយ​ឡើយ​ដល់​ប្រជាជន​អាមេរិក​ដែលបោះឆ្នោតឲ្យ​លោក​​​​។

ការស្ទង់មតិរបស់ Reuters/Ipsos ធ្វើឡើងប៉ុន្មាន​ម៉ោង​ បន្ទាប់​ពីសហរដ្ឋ​អាមេ​រិក និងអ៊ីស្រាអែលបាន​បើកការវាយប្រហារលើអ៊ីរ៉ង់​នៅថ្ងៃទី២៨ ខែ​កុម្ភៈដែល​បង្ក​ឱ្យមានការសងសឹកទូទាំង​តំបន់​ បាន​បង្ហាញថា ​កិច្ច​ខិត​ខំប្រឹងប្រែង​ធ្វើ​សង្គ្រាម​នេះ​មានការគាំទ្រពីសាធារណជន​អាមេរិក​តិចតួច​ណាស់ ហើយ​តួលេខស្ទង់មតិ​គឺអាប់អួរសម្រាប់​រដ្ឋបាល​របស់​ប្រធានាធិបតី​ ត្រាំ ។ វា​គូស​បញ្ជាក់​ថាសង្គ្រាមនេះ​មិនមាន​ប្រជាប្រិយភាព​ក្នុងស្រុកទេ។

យ៉ាងណាក៏ដោយ ​មន្ទីរបញ្ចកោណ ជាទីស្នាក់ការកណ្តាល​នៃក្រសួងការពារជាតិ​សហ​​រដ្ឋអាមេរិក មិន​ទាន់បានចេញផ្សាយការប៉ាន់ស្មាន​ជាផ្លូវការ​ពីការ​ចំណាយលើសង្គ្រាមនៅឡើយទេ៕

ប្រែស​ម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម