Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ​ថា ​​លោកស្រី កន្និដា ​ហ៊ាន​លើស​ពី​រដ្ឋាភិបាលអាមេរិក​ទៅ​ទៀត

បានផុស

នៅ

ប្រធាន​ព្រឹទ្ធសភា​សម្ដេច​តេជោ ហ៊ុន សែន បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​ម្ចាស់​ផេក​ The Kanitha Show លោកស្រី កន្និដា ដែល​បាន​លើក​ឡើង​ថា ​អាមេរិកនឹង​ចូល​មក​ចាប់​ខ្លួន​ខ្មែរ​អ៊ីស្លាម​ដែល​គាំទ្រ​អ៊ីរ៉ង់​នៅ​កម្ពុជា​ គឺ​ជា​ការ​គំរាម​កំហែង​លើ​ពលរដ្ឋ​នៃ​រដ្ឋ​អធិបតេយ្យ​​មួយ​ ដែល​សូម្បី​តែ​អាមេរិក​ក៏​ប្រហែល​មិន​ហ៊ាន​នឹង​ប្រើ​ពាក្យ​នេះ​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​មាន​ប្រតិកម្ម​ជា​ច្រើន​លើ​ម្ចាស់​ផេក​ The Kanitha Show ដែល​បាន​ចេញ​វីដេអូ​មួយ​ដោយ​បាន​និយាយ​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ឥស្លាម​មួយ​ចំនួន​ដែល​គាំទ្រ​អ៊ីរ៉ង់​បាន​បង្ហោះ​សារ​គាំទ្រ​អ៊ីរ៉ង​និង​ជំរុញ​ឱ្យ​ខ្មែរ​ស្អប់​អាមេរិក។ និង​បន្ថែម​ទៀត​ថា​ «សហរដ្ឋអាមេរិក​នឹង​ដៅ​អ្នក​ទាំង​នោះ​ ហើយ​គង់​តែ​មាន​ថ្ងៃ​ណា​មួយ​សហរដ្ឋ​អាមេរិក​នឹង​ចូល​មក​ចាប់​ខ្មែរ​អ៊ីស្លាម​ដែល​មាន​ទំនោរ​ទៅ​អ៊ីរ៉ង់​ទាំង​នោះ​ដូច​ជា​នៅ​ភីលីពីន​ដែរ»

ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម​របស់​សម្ដេច​តេជោ​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មីនា​នេះ​ បាន​ចាត់​ទុក​ថា​ ការ​លើក​ឡើង​របស់​លោកស្រី កន្និដា គឺ​ជា​ការ​គំរាម​កំហែង​លើ​ពលរដ្ឋ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​ហ៊ាន​លើស​ពី​អាមេរិក​ទៅ​ទៀត។

សម្ដេច​សរសេរ​ថា៖ «ខ្ញុំ​មិន​គួរ​ចូល​ពាក់ព័ន្ធ​ជាមួយ​រឿង​នេះ​ទេ ប៉ុន្តែ​បើ​ខ្ញុំ​មិន​ទប់ស្កាត់​ទេ​រឿង​នេះ​​វា​រីក​កាន់​តែ​ធំ​ព្រោះ​អ្វី ដែល​កន្និដ្ឋា​លើក​ឡើង​វា​មាន​ចរិត​ជា​ការ​គំរាមកំហែង​មក​លើ​ពលរដ្ឋ​នៃ​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​សូម្បី​រដ្ឋាភិបាល​អាមេរិក​ក៏​ប្រហែល​ជា​មិន​ហ៊ាន​និយាយ​ពាក្យ​នេះ​ផង​»។


សម្ដេច​តេជោ​បន្ថែម​ថា​អ្វី​ដែល​គ្រោះថ្នាក់​ជាង​នេះ​ទៀត​គឺ​ការ​លើក​ឡើង​របស់​លោកស្រី កន្និដា ​បាន​បង្ក​គ្រោះថ្នាក់​នៃ​ការ​បែង​ចែក​និកាយ​សាសនា​ក្នុង​សាសនា​ឥស្លាម​ផង និង​ការបែងចែកសាសនាផ្សេងគ្នានៅ

កម្ពុជាផង។ ដោយ​បន្ថែម​ថា​ «អ្វីដែលគួរឲ្យខ្លាច គឺសង្គ្រាមអាវុធតែអ្វីដែលគួរឲ្យខ្លាចជាងទៀត គឺសង្គ្រាមសាសនានេះឯង»។

សម្ដេច​បាន​បញ្ជាក់​ថា​ ក្នុង​ការ​ដឹក​នាំ​របស់​សម្ដេច​មិន​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ជម្លោះ​ជាតិ​សាសន៍ និង​សាសនា​នៅ​កម្ពុជា​ទេ​។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ លោក​បណ្ឌិត ជ័យ តិច ក្នុង​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​សប្ដាហ៍​នេះ​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោកស្រី កន្និដា ថា​ «ជ្រុលនិយម​អាមេរិក​» ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ប្រវត្តិសាស្ត្រ និង​លំនាំ​បញ្ហា​នៅ​មជ្ឈឹមបូព៌ា​ទេ។ យ៉ាងណា​ក្ដី​សម្រាប់​ករណី​ដែល​ថា​អាមេរិក​នឹង​មក​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ឥស្លាម​ដែល​មាន​ទំនោរ​ទៅ​អ៊ីរ៉ង់​នោះ គឺ​ជា​ការ​គំរាម​កំហែង បំពាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ លាបព័ណ៌​ឱ្យ​មាន​ការ​រើស​អើង​សាសនា​នៅ​កម្ពុជា និង​បំពាន​អធិបតេយ្យ​របស់​រដ្ឋ​មួយ​។

លោក​សោកស្ដាយ​ដែល​លោកស្រី កន្និដា ដែល​បាន​រស់​​នៅ​អាមេរិក​បែរ​ជា​លើក​ឡើង​នូវ​ភាសា​គំរាម​កំហែង​ បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​បង្ក​អរិភាព​សាសនា​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​ដូច្នេះ៕ ​​​​​​​​


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម