Connect with us

ព័ត៌មានជាតិ

បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្តបន្ទាយមានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន

បានផុស

នៅ

កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ ចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះឆាយណាបឹងបេង ឃាត់ខ្លួនមនុស្សប្រុសស្រីជាជនបរទេស​ជា​ច្រើន​នាក់ រួមជាមួយដកហូត​វត្ថុ​តាងមួយចំនួន។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើងកាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​បង្ក្រាបនេះដោយមានការចង្អុលបង្ហាញពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទទួលដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​និង​មានការ​សម្របសម្រួល​ពី​ព្រៈ​រាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប ។ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅមួយ​អគារ​យីហោ (​ឆាយ​ណា​បឹង​បេង​) ដែល​ឃាត់ខ្លួន​ជនបរទេស​ជា​ច្រើន​នាក់​និង​ដកហូត​វត្ថុ​តាង​ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​កុំព្យូទ័រ និង​សម្ភារៈ​ជា​ច្រើន​កំពុង​បន្ត​ប្រតិបត្តិការ​តាម​នីតិវិធី។

គួររំលឹកផងដែរថា កាលពីចុងខែមករាឆ្នាំ២០២៦ កម្លាំងនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងបរិវេណកាស៊ីណូវ៉ាន់ឆឹង (A7) ដែលមានអគារចំនួន២២ ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេសសរុបដល់ទៅ២០៤៤នាក់ ក្នុងនោះជនជាតិចិន១៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។

ប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងបាវិត

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាពបានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធានអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអនុប្រធានមួយរូបនៃគណៈកម្មការនេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ស្ថិតក្នុងចំណោមសមាជិកគណៈកម្មការផងដែរ។

ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តអំពើឆបោក ឬ បទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬ អង្គភាពទាំងឡាយណា ដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម