ព័ត៌មានអន្ដរជាតិ
ហេតុអ្វីអ៊ីរ៉ង់ យកសង្គ្រាមវៀតណាម មកបន្លាចអាមេរិក?
សង្គ្រាមវៀតណាម ត្រូវបានគេសន្មត់ថា ផ្ទុះឡើងជាផ្លូវការនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ១៩៥៥ ដែលជាពេលអាមេរិក បង្កើតក្រុមទីប្រឹក្សាយោធា (MAAG) ដើម្បីជួយវៀតណាមខាងត្បូង ប្រយុទ្ធប្រឆាំងនឹងពួកកុម្មុយនិស្តវៀតណាមខាងជើង។

យ៉ាងណា ១០ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃ៨ខែមីនាឆ្នាំ១៩៦៥ ទើបអាមេរិកសម្រេចបញ្ជូនទ័ពថ្មើរជើង ទៅច្បាំងផ្ទាល់នៅវៀតណាម។ លុះ១០ឆ្នាំក្រោយមកទៀត គឺនៅថ្ងៃ៣០ខែមេសាឆ្នាំ១៩៧៥ ទើបភ្លើងសង្គ្រាមបានរលត់នៅពេលវៀតណាមខាងជើង វាយយកបានទីក្រុងសៃហ្គន។
សង្គ្រាមរយៈពេល២០ឆ្នាំមួយនេះ បានធ្វើឲ្យអាមេរិកឈឺចាប់ ដោយមានរបួសទាំងផ្លូវចិត្ត និងនយោបាយដ៏ជ្រៅបំផុត។
ងាកមកបច្ចុប្បន្នវិញ អាមេរិកក៏កំពុងជាប់ផុងក្នុងសង្គ្រាមមជ្ឈិមបូព៌ាដែរ ហើយកាលពីថ្ងៃអង្គារទី១៧ខែមីនា អ៊ីរ៉ង់ ថែមទាំងព្រមានចំៗទៀតថា បើលោក ដូណាល់ ត្រាំ ហ៊ានបញ្ជូនទ័ពជើងគោកមកមែន អាមេរិកនឹងជួបសង្គ្រាមវៀតណាមទី២ ជាក់ជាមិនខានឡើយ។
ហេតុអ្វីអ៊ីរ៉ង់ យកសង្គ្រាមវៀតណាម មកបន្លាចអាមេរិក?
មូលហេតុដែលអ៊ីរ៉ង់លើកយក «សង្គ្រាមវៀតណាម» មកបន្លាចអាមេរិក គឺដោយសារតែសង្គ្រាមវៀតណាម ជា មេរៀនបរាជ័យដ៏ជូរចត់បំផុត ក្នុងប្រវត្តិសាស្ត្រយោធាអាមេរិក ដែលអ៊ីរ៉ង់ចង់រំលឹកដល់អាមេរិកនូវចំណុចសំខាន់ៗដូចខាងក្រោម៖
- ការអូសបន្លាយសង្គ្រាម៖ អ៊ីរ៉ង់ដឹងថា ខ្លួនមិនអាចឈ្នះអាមេរិកដោយការវាយប្រហារផ្ទាល់ៗបានទេ។ ដូច្នេះ យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់គឺការអូសបន្លាយសង្គ្រាមឲ្យកាន់តែយូរ ដើម្បីឲ្យអាមេរិកខាតបង់ទាំងថវិកានិងកម្លាំងទ័ព រហូតដល់ដកថយដូចនៅវៀតណាម។
- សម្ពាធសេដ្ឋកិច្ចនិងប្រេង៖ អ៊ីរ៉ង់មានសមត្ថភាពបិទច្រកសមុទ្រ Hormuz ដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់។ ពេលសង្គ្រាមផ្ទុះ តម្លៃប្រេងក៏ហក់ឡើងខ្ពស់ដែរ បង្កជាអតិផរណាធ្ងន់ធ្ងរនៅអាមេរិក ឈានដល់ធ្វើឲ្យប្រជាជនអាមេរិក បាត់បង់ការគាំទ្រលើរដ្ឋាភិបាលចំពោះការធ្វើសង្គ្រាមនេះ។
- ភាពស្មុគស្មាញនៃសមរភូមិ៖ អ៊ីរ៉ង់មានភូមិសាស្ត្រស្មុគស្មាញនិងមានបណ្តាញកងទ័ពស្រមោល (Proxy forces) ជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា។ នេះមានន័យថា ប្រសិនបើអាមេរិកវាយប្រហារអ៊ីរ៉ង់ នោះសង្គ្រាមនឹងរីករាលដាលពេញតំបន់ ដែលធ្វើឲ្យអាមេរិកពិបាកគ្រប់គ្រង និងពិបាករកផ្លូវបញ្ចប់ដោយជោគជ័យណាស់។
- បាត់បង់ការគាំទ្រពីក្នុងស្រុក៖ ដូចទៅនឹងសម័យសង្គ្រាមវៀតណាមដែរ អ៊ីរ៉ង់ជឿថា ប្រសិនបើសង្គ្រាមអូសបន្លាយយូរ ហើយទាហានអាមេរិកស្លាប់កាន់តែច្រើន អ្នកនៅអាមេរិកនឹងងើបឡើងប្រឆាំងសង្គ្រាម ដែលបង្ខំឲ្យអ្នកនយោបាយអាមេរិកត្រូវបញ្ចប់ជម្លោះ។
ពាក់ព័ន្ធរឿងនេះដែរលោក Tony Cheng អ្នកយកព័ត៌មាន CGTN នៃប្រទេសចិន បានលើកឡើងនូវចំណុចស៊ីជម្រៅជាច្រើនដែលឆ្លុះបញ្ចាំងពី «ភាពជូរចត់ និងដំបៅសង្គ្រាមរបស់អាមេរិក» ដែលមិនទាន់ជាសះឡើយ ទោះពេលវេលាកន្លងផុតទៅរាប់ទសវត្សរ៍ហើយក៏ដោយ។
ក្នុងនោះមានដូចជា៖
១. ការបាត់បង់អត្តសញ្ញាណនិងការរើសអើង (សម្រាប់ទាហានអាមេរិក)
លោក Tony រៀបរាប់ថា ខុសពីទាហានក្នុងសង្គ្រាមលោកលើកទី២ ដែលត្រឡប់មកផ្ទះវិញក្នុងនាមជាវីរបុរស ទាហានអាមេរិកដែលត្រឡប់ពីវៀតណាមវិញត្រូវប្រឈមនឹងការស្ដីបន្ទោសពីសង្គម ដោយប្រជាជនអាមេរិកជាច្រើន បានចាត់ទុកពួកគេថាជា «អ្នកសម្លាប់ក្មេង» ឬជាអ្នកចូលរួមក្នុងសង្គ្រាមដ៏អយុត្តិធម៌។ ម្យ៉ាង ពួកគេត្រូវបង្ខំចិត្តដោះឯកសណ្ឋានយោធាចេញភ្លាមៗពេលដល់ព្រលានយន្តហោះ ដើម្បីចៀសវាងការតវ៉ា និងការស្តោះទឹកមាត់ដាក់ពីសំណាក់អ្នកប្រឆាំងសង្គ្រាម។
២. របួសផ្លូវចិត្ត
គាត់បានសម្ភាសន៍អតីតយុទ្ធជនដែលនៅតែរងទុក្ខវេទនាដោយសារ ជំងឺផ្លូវចិត្តក្រោយព្រឹត្តិការណ៍តក់ស្លុត។ លោក Tony Cheng បង្ហាញថា សំឡេងផ្ទុះឬក្លិនឆេះ អាចធ្វើឲ្យអតីតទាហានទាំងនោះ នឹកឃើញដល់សមរភូមិវៀតណាមភ្លាមៗ។ ភាពជូរចត់បំផុតគឺការដែលពួកគេមានអារម្មណ៍ថា ខ្លួនត្រូវបានរដ្ឋាភិបាលបោះបង់ចោល បន្ទាប់ពីបានបូជាអ្វីៗគ្រប់យ៉ាងក្នុងព្រៃជ្រៅនៃប្រទេសវៀតណាម៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


