Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សម្រេច​ដកកងទ័ព ៥ ០០០​នាក់ ចេញពីអាល្លឺម៉ង់

បានផុស

នៅ

ក្រសួងការពារជាតិអាមេរិក បានសម្រេចចិត្តដកកងទ័ពចំនួន ៥ ០០០​នាក់ចេញពីប្រទេសអាល្លឺម៉ង់ ដោយ​រឿង​ដ៏​ភ្ញាក់​ផ្អើល​នេះ កើត​ឡើង​ក្រោយពេលមានជម្លោះពាក្យសម្តីយ៉ាងតឹងសរសៃ ក រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ នេះ​បើ​តាម​សារព័ត៌មាន BBC ចុះផ្សាយ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៦។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមចមដែលនាំ​ឲ្យ​មានរឿងនេះ គឺផ្ដើមចេញពីលោក Merz បាននិយាយរិះគន់ចំៗទៅកាន់អាមេរិក នៅចំពោះមុខនិស្សិតសាកលវិទ្យាល័យថា អាមេរិកហាក់ដូចជាគ្មានយុទ្ធសាស្ត្រច្បាស់លាស់ ទាល់តែសោះក្នុងរឿងអ៊ីរ៉ង់ ហើយថែមទាំងត្រូវបានភាគីអ៊ីរ៉ង់ធ្វើឲ្យ​ «អាម៉ាស់មុខ» ទៀតផងនៅក្នុងការចរចា។ លោកបានបន្ថែមថា ពួកអ៊ីរ៉ង់ពិតជាពូកែខាងបន្ទន់ចិត្ត ឬគេចវេសមិនព្រមចរចា ដែលធ្វើឲ្យ​មហាអំណាច ដូចជា អាមេរិកត្រូវដើរចេញដោយដៃទទេ ហើយរឿងនេះវាបានធ្វើឲ្យ​ជាតិសាសន៍អាមេរិកាំងទាំងមូល ត្រូវបាក់មុខមាត់យ៉ាងខ្លាំង។

គ្រាន់តែឮសម្ដីនេះភ្លាម លោក ដូណាល់ ត្រាំ មិននៅស្ងៀមឡើយ ដោយលោកបានវាយបកវិញយ៉ាងចាស់ដៃ តាមរយៈបណ្ដាញសង្គម Truth Social។ លោក ត្រាំ បានរិះគន់លោក Merz ថាធ្វើការមិនកើត រកតែរឿងដាក់ខ្លួន ហើយថែមទាំងមិនដឹងខ្យល់អ្វីសោះពីបញ្ហានយោបាយ។ លោកថែមទាំងដៀលត្មះទៀតថា កុំឆ្ងល់ថាហេតុអ្វីបានជាប្រទេសអាល្លឺម៉ង់បច្ចុប្បន្នកំពុងជួបវិបត្តិសេដ្ឋកិច្ច និងបញ្ហាផ្សេងៗដោះស្រាយមិនចេញ ក៏ព្រោះតែមានមេដឹកនាំបែបនេះឯង។ មិនត្រឹមតែប៉ុណ្ណោះ លោក ត្រាំ ក៏បានបង្ហើបពីគម្រោងចង់ដកកងទ័ពចេញពីប្រទេសអ៊ីតាលី និងអេស្ប៉ាញផងដែរ ដោយលោកយល់ថា ប្រទេសទាំងនោះមិនបានជួយអ្វីអាមេរិកទាល់តែសោះ ក្នុងរឿងសង្គ្រាមនៅអ៊ីរ៉ង់។

យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បញ្ជា​ឲ្យ​ដកទ័ពនេះ គឺចេញផ្ទាល់ពីលោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិ។ អាមេរិកអះអាងថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យមើលស្ថានភាពជាក់ស្តែងនៅអឺរ៉ុប ហើយការដកទ័ពនេះ នឹងត្រូវបញ្ចប់ក្នុងរយៈពេលពី ៦ ទៅ ១២ខែខាងមុខ។ បច្ចុប្បន្ន អាមេរិកមានកងទ័ពច្រើនជាងគេបំផុតនៅអាល្លឺម៉ង់ បើធៀបនឹងប្រទេសផ្សេងទៀតក្នុងអឺរ៉ុប ពោលគឺមានរហូតដល់ទៅជាង ៣៦ ០០០នាក់ ដែលភាគច្រើនឈរជើងនៅមូលដ្ឋានទ័ពអាកាស Ramstein។

ទោះបីជាកន្លងមក លោក ត្រាំ ធ្លាប់បានលើកឡើងពីការដកទ័ពពីអាល្លឺម៉ង់ជាច្រើនលើកច្រើនសាក៏ដោយ ប៉ុន្តែលើកនេះហាក់បីដូចជាមានសន្ទុះខ្លាំងជាងមុន។ កាលពីឆ្នាំ២០២០ គម្រោងស្រដៀងគ្នានេះត្រូវបានសភាអាមេរិករារាំង ហើយលោក ចូ បៃដិន ក៏បានលុបចោលវិញនៅពេលគាត់ឡើងកាន់តំណែង។ កាលនោះ លោក ត្រាំ ខឹងអាល្លឺម៉ង់រឿងមិនព្រមចំណាយលុយឲ្យគ្រប់តាមគោលដៅ របស់អង្គការណាតូ។ ប៉ុន្តែអ្វីដែលគួរឲ្យ​កត់សម្គាល់នោះគឺ ក្នុងរដ្ឋាភិបាលលោក Merz បច្ចុប្បន្ន អាល្លឺម៉ង់បានបង្កើនកញ្ចប់ថវិកាការពារជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់លើសការរំពឹងទុកទៅទៀត ប៉ុន្តែទំនាក់ទំនងរវាងមេដឹកនាំទាំងពីរបែរជាកាន់តែអាក្រក់ទៅៗវិញ។

ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់លោក ត្រាំ ក្នុងពេលនេះ ហាក់ចង់ងាកចេញពីតំបន់អឺរ៉ុប ដើម្បីទៅផ្ដោតខ្លាំងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកវិញ។ ជាក់ស្ដែង អាមេរិកក៏បានកាត់បន្ថយកងទ័ពនៅប្រទេសរូម៉ានីរួចទៅហើយដែរ ដែលទង្វើនេះបានធ្វើឲ្យ​ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខរបស់ពួកគេ ជាពិសេសគឺការគំរាមកំហែងពីសំណាក់ប្រទេសរុស្ស៊ី៕

លោក ត្រាំ និង​លោក Merz (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម