Connect with us

ព័ត៌មានអន្ដរជាតិ

គុយបាប្រកាសត្រៀមខ្លួនតតាំង ខណៈលោក​ត្រាំ បង្ហើបពីការប្រើវិធានការក្ដៅ

បានផុស

នៅ

ស្ថានភាពនយោបាយរវាងសហរដ្ឋអាមេរិក និងគុយបា កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើសារព្រមានចំៗថា លោកមានសិទ្ធិចាត់វិធានការគ្រប់បែបយ៉ាងទៅលើដែន​កោះមួយនេះ ហើយសកម្មភាពបន្ទាន់​ណាមួយអាចនឹងកើតឡើងក្នុងពេលឆាប់ៗ។ នេះ​បើ​យោង​តាម​សារព័ត៌មាន PBS ចុះ​ផ្សាយ​ថ្ងៃទី​១៨​ខែ​មីនាឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Miguel Díaz-Canel និង​លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)

ការប្រកាសនេះបានធ្វើ​ឲ្យ​លោក Miguel Díaz-Canel ប្រធានាធិបតីគុយបា ចេញមុខមកឆ្លើយតបយ៉ាងដាច់អហង្ការតាមរយៈបណ្ដាញសង្គម X ថា រាល់ការឈ្លានពាន ឬការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលគុយបា នឹងត្រូវជួបជាមួយ «ការតស៊ូដ៏រឹងមាំបំផុតដែលមិនអាចបំបែកបាន»។

ភាពតានតឹងនេះកាន់តែរីករាលដាលខ្លាំង នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទាមទារ​ឲ្យ​គុយបាផ្លាស់ប្តូររបបសេដ្ឋកិច្ចសង្គមនិយមរបស់ខ្លួនជាបន្ទាន់ បើមិនចង់ឲ្យ​ទណ្ឌកម្មសេដ្ឋកិច្ចកាន់តែដុនដាបជាងនេះ។ ប្រភពផ្ទៃក្នុងមួយចំនួនបានបង្ហើបថា គោលដៅចម្បងរបស់រដ្ឋបាលលោកត្រាំ គឺចង់​ឲ្យ​លោក Díaz-Canel ចុះចេញពីតំណែងតែម្ដង ដែលយុទ្ធសាស្ត្រនេះហាក់បីដូចជាការបន្តសម្ពាធដូចដែលអាមេរិកធ្លាប់ធ្វើនៅវ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់នាពេលកន្លងមកដែរ។

ទន្ទឹមនឹងសម្ពាធនយោបាយដ៏ធ្ងន់ធ្ងរនេះ ប្រជាជនគុយបាកំពុងរស់នៅក្នុងស្ថានភាពដ៏លំបាក ដោយសារការដាច់ចរន្តអគ្គិសនីស្ទើរទូទាំងប្រទេស និងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ ស្ថិត​ក្នុង​ភាពខ្មៅងងឹតនេះ ក៏មានពន្លឺសប្បុរសធម៌បានលេចឡើងផងដែរ ដោយក្រុមសកម្មជនអន្តរជាតិទើបតែបានបញ្ជូនបរិក្ខារពេទ្យ និងផ្ទាំងសូឡាចំនួន៥តោន ទៅកាន់មន្ទីរពេទ្យនានានៅគុយបា។ លោក Rigoberto Zarza តំណាងវិទ្យាស្ថានមិត្តភាពគុយបា បានសង្កត់ធ្ងន់ថា ជំនួយទាំងនេះមិនត្រឹមតែជាសម្ភារៈប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់គុយបា ក្នុងអំឡុងពេលដែលប្រទេសនេះកំពុងត្រូវបានគេហ៊ុមព័ទ្ធស្ទើរគ្រប់ច្រកល្ហកបែបនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម