Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល គាំទ្ររាជរដ្ឋាភិបាល ក្នុងការការពារសុវត្ថិភាពពលរដ្ឋ

បានផុស

នៅ

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកណ្តាល ប្រកាសយ៉ាងម៉ឹងម៉ាត់គាំទ្រ និងអនុវត្តតាមការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការការពារសុវត្ថិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយប្រឆាំងដាច់ខាត រាល់ឧក្រិដ្ឋកម្ម រាល់ទម្រង់នៃការជួញដូរមនុស្ស និងលើកកម្ពស់ការបង្ការទប់ស្កាត់ និងការបង្ក្រាបរាល់ឧក្រិដ្ឋជន ដើម្បីការពារសិទ្ធមនុស្សនិងការពារសុវត្ថិភាពប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសគាំទ្រនេះ ធ្វើឡើងក្នុង “ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ ធ្នូ លើកទី១៩ ក្រោមប្រធានបទ “យើងរួមគ្នា ដើម្បីកម្ពុជា គ្មានអំពើជួញដួរមនុស្ស និងអំពើឆបោកតាមអនឡាញ” ក្រោមអធិបតីភាពលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ដែលរៀបចំដោយរដ្ឋបាលខេត្តកណ្ដាល នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅវរិវេណវត្តខ្នារ ភូមិត្រពាំងជ្រៅ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

លោកស្រី អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការការពារសុវត្តិភាពប្រជាពលរដ្ឋ សន្តិសុខសង្គម និងសន្តិភាពជាតិ ឱ្យនៅស្ថិតស្ថេរយូរអង្វែងតទៅ ដោយលុបបំបាត់ឱ្យខានតែបាន រាល់ឧក្រិដ្ឋកម្ម ដែលកើតមាននៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការពារប្រជាជនកម្ពុជា និងជនបរទេសទាំងណាដែលបាននឹងកំពុងស្នាក់នៅលើទឹកដីកម្ពុជាឱ្យមានសុវត្ថិភាព និងទទួលបាននូវកិច្ចការពារតាមគោលការណ៍ច្បាប់ដោយឥតរើសអើង។ ជាពិសេស មិនបណ្តែតបណ្តោយឱ្យបទល្មើសរីកធំធាត់ ក្លាយជាឧបសគ្គដល់ដំណើរការនៃការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ ដែលជាគោលដៅចម្បងរបស់ជាតិ ស្របតាមគោលនយោបាយជាតិបញ្ចកោណ ដែលបាននិងកំពុងអនុវត្តយ៉ាងរលូនក្នុងដំណាក់កាលទី១ និងជំហានបន្តបន្ទាប់ ទៀតឡើយ។

លោកស្រីបន្ថែមថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត រួមជាមួយកម្លាំងទាំងបី, មន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមការងារទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត, រដ្ឋបាលក្រុង-ស្រុកទាំង១៣ បាននឹងកំពុងរួមសហការគ្នាយ៉ាងសកម្ម ក្នុងការអនុវត្តនូវ យុទ្ធសាស្ត្រ បង្ការ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និងការពារ ប្រជាជនកម្ពុជា និងជនបរទេស ដែលមកស្នាក់ អាស្រ័យនៅកម្ពុជា ឱ្យមានសុវត្ថិភាព និងរួចផុតពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស។

ការបង្ការ ទប់ស្កាត់ ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធិភាពបំផុត ដោយមិនទុកឱ្យមនុស្សរងគ្រោះឡើយ ព្រោះថាបើរងគ្រោះហើយ ការស្តារនីតិសម្បទា មិនអាចជួយឱ្យជនរងគ្រោះ ទទួលបានការវិលត្រឡប់មកសភាពដើមវិញឡើយ ហើយការខាតបង់ នឹងមានទំហំធំធេង ទាំងថវិកា ទាំងវិស័យសង្គម វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល និងវិស័យធនធានមនុស្ស។ នេះជាការបញ្ជាក់បន្ថែមរបស់ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម