សន្តិសុខសង្គម
ប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅសង្កាត់អូរបែកក្អម ឃាត់ខ្លួនមនុស្ស៤៩នាក់
កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារ ជីនបៀន មេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់វិធានការជំនាញ ដឹកនាំដោយលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុបចំនួន ៤៩នាក់។ ក្នុងនោះ នៅជាន់ផ្ទាល់ដីបន្ទប់កាមេរ៉ាសុវត្ថិភាពមាន០៧នាក់ ក្នុងនោះជនជាតិចិន០៦នាក់ និងស្ត្រីវៀតណាម១នាក់។ នៅជាន់ទី ២និងទី៣ បន្ទប់ស្នាក់នៅមានចំនួន២៦នាក់ ក្នុងនោះមានជនជាតិចិន២៥នាក់ និងម៉ាឡេស៊ីចំនួន១នាក់ និងជាន់ដំបូល ជាទីតាំងប្រព្រឹត្ត Online Scams មាន១៦នាក់ ក្នុងនោះជនជាតិចិន ១២នាក់ ម៉ាឡេស៊ី០២នាក់ ស្ត្រីមីយ៉ាន់ម៉ា០១នាក់ និងស្ត្រីខ្មែរចំនួន១នាក់។ ចំណែកវត្ថុតាង មានដូចជា កុំព្យូទ័រ All In One ៦០ គ្រឿង, CPU ៣១ គ្រឿង និង Laptop ០១ គ្រឿង, ទូរសព្ទដៃ ៦៨៧ គ្រឿង និងស៊ីមកាត ម៉ាឡេស៊ី ចំនួន៤៦ ស៊ីម។
តាមការស៊ើបអង្កេតបឋម ក្រុមជនសង្ស័យបានប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋាន ដើម្បីធ្វើសកម្មភាពឆបោកក្នុងរូបភាព “វិនិយោគក្លែងក្លាយ” ដោយមានគោលដៅអូសទាញជនរងគ្រោះនៅ ប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា ក្រុមនេះទើបតែបានផ្លាស់ប្ដូរទីតាំងមកពីខេត្តត្បូងឃ្មុំ បច្ចុប្បន្នចំពោះជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។ អាជ្ញាធរក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ និងសង្ស័យមានការពាក់ព័ន្ធនឹងបទល្មើសបច្ចេកវិទ្យា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕
ប្រភព៖ (គ.ប.ឆ.ប.)
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


