Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អ៊ីរ៉ង់ ព្រមហើយ ថានឹងមិនផលិតអាវុធនុយក្លេអ៊ែរទេ

បានផុស

នៅ

តាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, ពេលនេះ ប្រទេសអ៊ីរ៉ង់ បានយល់ព្រម បោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរហើយ។ 

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ប្រាប់អ្នកកាសែតក្នុងសេតវិមាននិងផ្សាយដោយ New York Post នៅថ្ងៃពុធទី២៥ខែមីនាឆ្នាំ២០២៦ មេដឹកនាំវ័យ៧៩ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ពួកគេឯកភាពហើយ។ ពួកគេនឹងមិនមានអាវុធនុយក្លេអ៊ែរទេ។ ពួកគេព្រមព្រៀងលើរឿងហ្នឹងហើយ។ ពួកគេក៏កំពុងពិភាក្សាជាមួយយើងដែរ ហើយពួកគេនិយាយស្តាប់គ្នាបាន»។

លោកបញ្ជាក់ថា៖ នេះគឺជាលក្ខខណ្ឌមួយនៅក្នុងរាល់កិច្ចចរចាទាំងឡាយ ហើយអ៊ីរ៉ង់ក៏បានផ្តល់ កាដូ ឬសម្បទានដ៏ធំមួយដល់សហរដ្ឋអាមេរិកដែរ ពាក់ព័ន្ធនឹងវិស័យប្រេង ឧស្ម័ន និងសន្តិសុខនៅ ច្រកសមុទ្រ Hormuz ជាអ្វីដែលប្រមុខសេតវិមាន ពណ៌នាថា មានតម្លៃ «មហាសាល»។

ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការអះអាងតែម្ខាងប៉ុណ្ណោះ ដោយមកទល់ពេលនេះ គេមិនទាន់ឃើញភាគីអ៊ីរ៉ង់ ចេញមកនិយាយអ្វីនោះទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

មុននេះ លោកត្រាំបានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖ អាមេរិក-អ៊ីរ៉ង់ មានកិច្ចសន្ទនាដ៏ល្អ ហើយលោកបញ្ជាឲ្យផ្អាកវាយប្រហារយោធាទាំងអស់ទៅលើរោងចក្រអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ក្នុងរយៈពេលប្រាំថ្ងៃ ដោយផ្អែកលើលទ្ធផលជោគជ័យនៃកិច្ចប្រជុំ។

យ៉ាងណា ភ្លាមៗ អ៊ីរ៉ង់ បានចេញមុខបដិសេធថា នោះជាព័ត៌មានក្លែងក្លាយ ហើយអះអាងថា ខ្លួនអត់បានចរចាអ្វីជាមួយអាមេរិកទេ ត្រាំ ចេះតែភូតដើម្បីឲ្យតម្លៃប្រេងធ្លាក់ចុះប៉ុណ្ណោះ។

ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានទាត់ចោលការអះអាងរបស់លោកត្រាំ ដោយបញ្ជាក់យ៉ាងច្បាស់ថា គ្មានការចរចាអ្វីជាមួយអាមេរិកទេ។ ត្រាំកំពុងដោះខ្លួនចេញពីភក់ជ្រាំ ដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងជាប់ផុង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម