ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖បញ្ញាសិប្បនិម្មិតមិនទាន់អាចធ្វើការងារថែទាំនិងព្យាបាលជំងឺជំនួសគ្រូពេទ្យបាននៅឡើយទេ
លោកសាស្ត្រាចារ្យ ឈាងរ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអះអាងថាបច្ចុប្បន្ននេះបញ្ញាសិប្បនិម្មិតឬ AI មិនទាន់អាចធ្វើការងារថែទាំនិងព្យាបាលជំងឺជំនួសគ្រូពេទ្យបាននៅឡើយទេហើយវាក៏មិនទាន់អាចជំនួសការសម្រេចចិត្តរបស់មនុស្សនិងសង្គមបានដែរ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៦នៅក្នុងសិក្ខាសាលាស្តីពី“បញ្ញាសិប្បនិម្មិត និងការថែទាំ ព្យាបាលសុខភាព៖ មនុស្សនៅតែដើរតួនាទីជាស្នូលក្នុងនវានុវត្តន៍នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រដោយមានការចូលរួមលោកសាស្ត្រាចារ្យ ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គម សុខាភិបាល និងវប្បធម៌។

លោករដ្ឋមន្ត្រីបានលើកជាសំណួរថាតើត្រូវធ្វើដូចម្តេចដើម្បីឱ្យ AI នេះ ជួយជំរុញ ពង្រឹងឱ្យគ្រូពេទ្យ ហើយ AI នោះស្ថិតនៅក្នុងជាអ្នកដែលប្រើប្រាស់ដោយមនុស្សទៅវិញទេ។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា« បញ្ហាដែលពិតប្រាកដ ឬក៏សំណួរដែលយើងត្រូវចោទសួរពិតប្រាកដនោះ គឺធ្វើយ៉ាងណាឱ្យ AI ហ្នឹងក្លាយទៅជាមធ្យោបាយដែលជួយគ្រូពេទ្យ ដើម្បីជួយលើកកម្ពស់គុណភាពនៃការព្យាបាល ដើម្បីឱ្យក្លាយទៅជា ឧបករណ៍ ដើម្បី បម្រើគ្រូពេទ្យយើងទាំងអស់គ្នា។ ហេតុដូច្នេះហើយ យើងត្រូវតែខិតខំពិនិត្យមើលថា តើអត្ថប្រយោជន៍ AI នេះ វាមានសារប្រយោជន៍ប៉ុនណា»។

បើតាមលោករដ្ឋមន្ត្រី AI នេះវាមានតួនាទីសំខាន់ណាស់ក្នុងការ បើកជាគំនិត ជាចក្ខុវិស័យទូលំទូលាយមួយនៅក្នុងការធ្វើស្រាវជ្រាវ ផ្នែកវេជ្ជសាស្ត្រនិងការងារឱសថសាស្ត្រ ដែលយើងត្រូវដឹង ហើយយកមកប្រើប្រាស់។លើសពីនេះ AIអាចកាត់បន្ថយនូវការចំណាយនិងកាត់បន្ថយនូវរយៈពេលដើម្បីធ្វើការអភិវឌ្ឍក្នុងរយៈពេលខ្លី ការផ្តល់យោបល់ ការផ្តល់ការជាគំនិតប្រៀបធៀប បានលឿន ប៉ុន្តែនៅតែយើងចុងក្រោយ គឺមនុស្សដដែល។ព្រោះថាAIមិនមែនជំនួសការសម្រេចចិត្តរបស់មនុស្ស ហើយក៏មិនជំនួសការសម្រេចចិត្តរបស់សង្គមបាននៅឡើយទេ។
បន្ថែមពីនេះ AI ជួយច្រើនផងដែរទៅលើការសម្រួលឱ្យយើងធ្វើការ តាមដាន ធ្វើអភិបាលកិច្ច ធ្វើការពិនិត្យអត្រាប្រេវ៉ាឡង់ឬក៏ធ្វើការសម្រួលដល់ការវិភាគនូវព័ត៌មានទាំងឡាយក៏ដូចជាជម្រុញសមត្ថភាពឱ្យបុរេសកម្មច្រើនដែលបង្កើតបាននូវការរីកចម្រើនយ៉ាងខ្លាំងនៅទូទាំងសកលលោក ។

លោករដ្ឋមន្ត្រីបានណែនាំថា«ប្រទេសកម្ពុជាយើង ក៏ដូចជាក្រសួងសុខាភិបាលយើងបានចាត់ទុកការធ្វើការផ្លាស់ប្តូរនេះត្រូវតែត្រៀមលក្ខណៈឱ្យបានពេញលេញ។ មិនមែនថា យើងលោតទៅដោយអត់មានការរៀបចំការត្រៀមលក្ខណៈ ទាំងយុទ្ធសាស្ត្រ ទាំងការពង្រឹង ឬក៏ការលោតនោះវាលឿនពេកទេ អីចឹងត្រូវតែត្រៀមលក្ខណៈ ត្រូវតែគិតគូរពិចារណា ហើយយើងធ្វើសិក្ខាសាលានេះគឺជាការចាប់ផ្ដើមមួយ»។
លោករដ្ឋមន្ត្រីពន្យល់បន្ថែមថា«មានន័យថាយើងមិនមែនធ្វើការអនុវត្ត ឬក៏ធ្វើដំណើរការផ្លាស់ប្តូរនេះ ទៅតាមតែការផ្សាយព័ត៌មានដែលថា AI ជំនួសគ្រូពេទ្យហើយ” មិនមែនទេ កុំធ្វើអញ្ចឹង។ អីចឹងបងប្អូនត្រូវយល់ឱ្យច្បាស់លាស់ មិនមែនថាធ្វើតាមការប្រកាស ឮសូរមិនមែនទេ។ ក៏ប៉ុន្តែយើងកសាងនូវចក្ខុវិស័យមួយដែលមានការយល់ដឹងច្បាស់លាស់ ហើយដែលវាស្របជាមួយនឹងការជាក់ស្ដែងរបស់ជាតិមួយនៅកម្ពុជា»។

លោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានបញ្ជាក់ថាសិក្ខាសាលានេះរៀបចំឡើងចំកាលៈទេសៈមួយយ៉ាងសំខាន់ ដែល បញ្ញាសប្បនិមិត្តមានកាវិវត្តគួរឱ្យកត់ សំគាល់ ក្នុងការជួយដល់ការធ្វើរោគវិនិច្ឆ័យ ផ្តល់ការថែទាំព្យាបាល និង ការគ្រប់គ្រងប្រពន្ធ័សុខាភិបាល។

លោកសាស្ត្រាចារ្យបានបន្តថា វត្តមាន នៃបច្ចេកវិទ្យាទាំងនេះបានផ្តល់នូវកាលានុវត្តភាពថ្មី ដែលមិនធ្លាប់មានពីមុនមក សំរាប់ វិស័យសុខាភិបាល ទាំងការ បង្កើននូវប្រសិទ្ធិភាពការពង្រីកនូវលទ្ធភាពទទួលបានសេវា និងការពង្រឹងការឆ្លើយតបសុខភាពសាធារណៈ។ លោកសាស្ត្រាចារ្យបានបន្តទៀតថា« ទន្ទឹមនឹងនេះដែរ នៅពេលដែលយើងទាំងអស់គ្នាអោបក្រសោបនូវ កាលានុវត្តភាពថ្មីនេះ យើងក៏ត្រូវចោទសួរខ្លួនឯង នូវសំណួរមូលដ្ឋានថា តើអ្វីទៅជា សារជាតិដើមនៃការផ្តល់សេវាថែទាំព្យាបាលសុខភាព? តាមពិតទៅ សេវាថែទាំ ព្យាបាលសុខភាព មិនមែនគ្រាន់តែជាក្បួនដោះស្រាយតាមរយៈម៉ាស៊ីនទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែការ ផ្តល់នូវទំនុកចិត្ត រវាងគ្រូពេទ្យ និង អ្នកជំងឺ វាជាការផ្តល់នូវករុណាធម៌ វាជាការវិនិច្ឆ័យប្រកបដោយក្រមសីលធម៌ក្នុង ពេលដែលម៉ាស៊ីនមិនអាចយល់នូវភាពស្មុគស្មាញនៃជីវិតរបស់មនុស្សបាន។ ទាំងនេះគឺជាគុណសម្បត្តិ ដែលកំណត់ ក្នុងវិជ្ជាជីវៈសុខាភិបាលដ៏ថ្លៃថ្នូរនេះ ដែលម៉ាស៊ីនមិនអាចជំនួសមនុស្សបាន»។

លោកសាស្ត្រាចារ្យបានបន្ថែមទៀតថាដូចនេះការរៀបចំសិក្ខាសាលាថ្ងៃនេះគឺដើម្បីផ្លាស់ប្តូយោបល់ពិភាក្សាគ្នាស្វែងរកមើលថាតើ បញ្ញាសប្បនិមិត្តអាចធ្វើអ្វីបានខ្លះ និង លើសពីនេះទៅ ទៀតបញ្ជាក់ឱ្យច្បាស់ថា តើអ្វីទៅដែលបញ្ញាសប្បនិមិត្តមិនត្រូវជំនួស។ គោលបំណងរបស់យើងគឺ ធានាឱ្យបានថា យើងប្រើបច្ចេកវិទ្យាដើម្បីជាឧបករណ៏បំរើដល់មន្ត្រី បុគ្គលិកសុខាភិបាល មិនមែនមកជំនួសតួរនាទីរបស់ ពួកគាត់ទេ ហើយក៏មិនប្រើវាដើម្បីធ្វើឱ្យការថែទាំកាន់តែឃ្លាតឆ្ងាយពីទំនាក់ទំនងរវាងគ្រូពេទ្យនិងអ្នកជំងឺនោះ ទេ៕
អត្ថបទ៖សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


