Connect with us

ព័ត៌មានអន្ដរជាតិ

WSJ៖ អាមេរិក ត្រៀមបញ្ជូនទ័ពជើងគោក ១០ ០០០នាក់ថែមទៀត ទៅមជ្ឈិមបូព៌ា

បានផុស

នៅ

ទោះលោកត្រាំ អះអាងតែម្ខាងពីផលវិជ្ជមាននៃការចរចាជាមួយអ៊ីរ៉ង់ក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែពង្រឹងកម្លាំងយោធា ដោយពេលនេះសារព័ត៌មាន The Wall Street Journal ទម្លាយថា មន្ទីរបញ្ចកោណកំពុងរៀបចំបញ្ជូនទ័ពជើងគោកបន្ថែម ១០ ០០០នាក់ទៀតទៅមជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កងទ័ពអាមេរិក (រូប៖ Reuters)

ទោះគ្មានការបញ្ជាក់លម្អិតអំពីផែនការនេះក៏ដោយ ប៉ុន្តែ WSJ រាយការណ៍នៅថ្ងៃសុក្រទី២៧ខែមីនាឆ្នាំ២០២៦ថា ការបញ្ជូនទ័ពជើងគោកទាំងនេះ គឺដើម្បីផ្តល់ឲ្យលោក ត្រាំ នូវជម្រើសយោធាកាន់តែច្រើន សម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់។

ម្យ៉ាង គោលបំណងធំនៃការពិចារណាបញ្ជូនទ័ព១០ ០០០នាក់នេះ គឺដើម្បីបង្ហាញសាច់ដុំយោធាឲ្យអ៊ីរ៉ង់ឃើញថា អាមេរិកត្រៀមរួចហើយ សម្រាប់ការវាយលុកទ្រង់ទ្រាយធំ ប្រសិនបើការចរចាសន្តិភាពមិនទទួលបានលទ្ធផល។

កងទ័ពថ្មីទាំងនេះ នឹងត្រូវទៅបន្ថែមលើកងម៉ារីន ៥ ០០០ នាក់ និងកងពលធំទ័ពអាកាសលេខ ៨២ ដែលបានដាក់ពង្រាយរួចជាស្រេចនៅក្នុងតំបន់។

កងទ័ពអាមេរិក (រូប៖ Reuters)

មុននេះ អាមេរិកក៏ដាក់ផែនការចល័តទ័ពចេញពីបន្ទាយ Fort Bragg រដ្ឋ North Carolina ដែរ ជាមួយគោលដៅពង្រីកសមត្ថភាពសម្រាប់ប្រតិបត្តិការផ្សេងៗ ដូចជា ការការពារតំបន់ឆ្នេរសមុទ្រ ឬមជ្ឈមណ្ឌលប្រេងយុទ្ធសាស្ត្រនៅកោះ Kharg ជាដើម។

ការត្រៀមបញ្ជូនកងទ័ពឆត្រយោងនេះ ធ្វើឡើងបន្ទាប់ពីការបញ្ជូនកងទ័ពម៉ារីនរាប់ពាន់នាក់តាមនាវាចម្បាំង USS Boxer រួចមកហើយ។

សូមជម្រាបថា គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី២៨កុម្ភៈមក សហរដ្ឋអាមេរិកបានវាយប្រហារលើគោលដៅចំនួន ១០ ០០០​កន្លែងក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាល​ឲ្យ​ទាហានអាមេរិក ១៣នាក់ស្លាប់ និង ២៩០នាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម