Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំអ៊ីរ៉ង់​ Mojtaba ​អរគុណ​​​ប្រមុខ​សាសនានៅ​អ៊ីរ៉ាក់ដែល​រក្សា​ជំហរនៅ​ជាមួយអ៊ីរ៉ង់

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍​នៅ​ថ្ងៃអាទិត្យទី២៩មីនាថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានសម្តែងការដឹងគុណចំពោះមេដឹកនាំសាសនាកំពូល និងប្រជាជនអ៊ីរ៉ាក់ នៅក្នុងសារលិខិត​​មួយ​ច្បាប់​ផ្ញើជូន​ចំពោះការគាំទ្ររបស់ពួកគេនៅក្នុងសង្គ្រាមរបស់សាធារណរដ្ឋអ៊ីស្លាម ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារ​​លិខិត​ដែលសន្មត ថា ជារបស់លោក Khamenei បានសរសេររ៉ាយរ៉ាប់ថា៖​«យើងសូមកោតសរសើរចំពោះអាជ្ញាធរសាសនាកំពូល លោក Ayatollah Ali Sistani (ឥស្សរជនដ៏គួរឲ្យគោរពនៅក្នុងសាសនាអ៊ីស្លាម Shia) ព្រមទាំងប្រជាជនអ៊ីរ៉ាក់ ចំពោះជំហរច្បាស់លាស់ប្រឆាំងនឹងការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ និងការគាំទ្ររបស់ពួកគេចំពោះប្រទេសរបស់យើង» ។

ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ គឺមិនមានព័ត៌មានលម្អិតអំពីរបៀបដែលសារនេះត្រូវបានបញ្ជូនមកពីកន្លែងណា ឬភស្តុតាងណាមួយដែលបង្ហាញថាលោក Khamenei ស្ថិតនៅឯណានោះទេ។ ជាក់ស្ដែង លោកមិនទាន់បានបង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ប៉ុន្តែគ្រាន់តែបានធ្វើសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចំនួនប៉ុណ្ណោះ។ សេចក្តីថ្លែងការណ៍ទាំងនេះត្រូវបានអាននៅលើកញ្ចក់ទូរទស្សន៍ដោយភាគីផ្សេងទៀត និងបានបង្ហាញពីជំហរដ៏រឹងមាំ ដោយព្យាករណ៍ពីជ័យជម្នះនៅក្នុងជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។

ការបរាជ័យរបស់មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ក្នុងការបង្ហាញខ្លួនផ្ទាល់ បានបង្កឲ្យមានការសង្ស័យជាច្រើនអំពីស្ថានភាព និងទីកន្លែងស្នាក់នៅរបស់គាត់។ ទូរទស្សន៍រដ្ឋ និងមន្ត្រីអ៊ីរ៉ង់មួយចំនួននៅតែអះអាងថា លោកកំពុងជាសះស្បើយបន្ទាប់ពីរងរបួសនៅក្នុងការវាយប្រហារតាមអាកាស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម