ព័ត៌មានជាតិ
កម្ពុជា–ជប៉ុន ជំរុញកិច្ចសហការបង្កើនឱកាសការងារសម្រាប់ពលករខ្មែរ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមកម្ពុជា-ជប៉ុន (JCA) និងសហការី នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពពីវឌ្ឍនភាពនៃកិច្ចសហការ និងផ្លាស់ប្តូរយោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យស្របតាមតម្រូវការទីផ្សារ និងជំរុញការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងក្រសួង និង JCA ដែលជាស្ពានភ្ជាប់អ្នកវិនិយោគ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់កម្លាំងពលកម្មជំនាញតាមរយៈការផ្តល់ឱកាសទៅធ្វើកម្មសិក្សា និងធ្វើការនៅជប៉ុន។ លោក ហេង សួរ បានលើកឡើងពីសក្តានុពល ឱកាសវិនិយោគ និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា ជាពិសេសធនធានយុវជនកាន់តែមានសមត្ថភាពខ្ពស់ប្រកបដោយថាមពល តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ស្របតាមតម្រូវការទីផ្សារ និងឧស្សាហកម្មដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយលោកបានសង្កត់ធ្ងន់ថា កម្ពុជាចង់ឃើញមានការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុនកាន់តែច្រើនឡើង។

លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ JCA ពិចារណាស្វែងរកវិធីសាស្រ្តគន្លឹះក្នុងការបណ្តុះបណ្តាលភាសាជប៉ុនឱ្យកាន់តែងាយស្រួល និងឆាប់ចេះនិយាយ ជាពិសេសពាក់ព័ន្ធនឹងពាក្យបច្ចេកទេសដែលជាបញ្ហាប្រឈមមួយនាពេលកន្លងមក។
ភាគីទាំងពីរក៏បានពិភាក្សាពីសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ និងពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេស ដែលមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅប្រទេសជប៉ុនផងដែរ។

ទន្ទឹមនេះលោករដ្ឋមន្ត្រី បានជម្រាបជូនពីការពង្រឹង និងបង្កើតកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន ដែលក្នុងនោះ ក៏មានក្រុមហ៊ុន Toyota ជប៉ុនផងដែរ។ ការណ៍នេះ បង្ហាញថា ក្រសួងស្វាគមន៍នឹងគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ប្រទេសទាំងអស់ដែលអាចជួយបំពេញបន្ថែមទៅលើការណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាបាន។ ក្រសួងស្វាគមន៍ចំពោះការវិនិយោគនៅកម្ពុជា ព្រមទាំងកិច្ចសហការផ្សេងៗទៀតជាមួយភាគីជប៉ុន ជាពិសេសក្នុងវិស័យ TVET និងការបើកឱកាសដល់យុវជនកម្ពុជាទៅធ្វើការនៅជប៉ុនបន្ថែមទៀត។

ជាការឆ្លើយតប លោក តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្រ្តី ដែលបានផ្លាស់ប្តូរទស្សនៈ បទពិសោធ និងបង្ហាញពីការងារអាទិភាពក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយលោកបានគូសបញ្ជាក់ថា JCA ចង់ពង្រីកកិច្ចសហការជាមួយក្រសួង ជាពិសេសការអភិវឌ្ឍធនធានមនុស្ស និងការបញ្ជូនពលករខ្មែរទៅជប៉ុន ពីព្រោះថា ជប៉ុនកំពុងខ្វះខាតកម្លាំងពលកម្មវ័យក្មេង។ លោក តាកាហាស៊ី ហ្វូមីអាគី ក៏បានអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួង ចំពោះការគាំទ្រ JCA ឱ្យបានបំពេញប្រតិបត្តិការក្នុងរយៈពេល ៣ឆ្នាំមកនេះ៕



-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


