Connect with us

កីឡា

ខែ មេសា ព្រះខ័នរាជស្វាយរៀង ​មមាញឹកខ្លាំង​ដោយ​លេងពាន ៣ សុទ្ធតែវគ្គសំខាន់

បានផុស

នៅ

ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង មានកាលវិភាគប្រកួតមមាញឹកខ្លាំងជាមួយពានរង្វាន់ ៣ ផ្សេងគ្នា ទាំងក្នុងស្រុក និងអន្តរជាតិនៅខែ មេសា ឆ្នាំ ២០២៦ នេះ ហើយពាននីមួយៗសុទ្ធតែឈានចូលដល់វគ្គសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅខែ មេសា នេះ ព្រះខ័នរាជស្វាយរៀង មានការប្រកួតសរុបចំនួន ៧ ប្រកួតក្នុងពានរង្វាន់ក្នុងស្រុក ២ ដូចជាលីគកំពូល កម្ពុជា (Cambodian Premier League), ពានសម្តេចតេជោហ៊ុន សែន និងពានអន្តរជាតិ ១ គឺ AFC Challenge League។

បន្ទាប់ពីបញ្ចប់ FIFA’s Day ភ្លាម នៅថ្ងៃទី ៥ គឺក្រុម ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើទៅជួបក្រុម ភ្នំពេញក្រោន សម្រាប់ការប្រកួតសប្តាហ៍ទី ២៥ នៃលីគកំពូល កម្ពុជា នៅកីឡដ្ឋាន ភ្នំពេញក្រោន។ រំលង ៤ ថ្ងៃ គឺនៅថ្ងៃទី ៩ ពួកគេត្រូវជួបក្រុម Manila Digger របស់ ហ្វីលីពីន នៅទឹកដី កម្ពុជា សម្រាប់ការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL។

ក្រោយបញ្ចប់ការប្រកួតនេះតែ ៣ ថ្ងៃ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបន្តបេសកកម្មក្នុងលីគ ដោយជួបក្រុម អឹមអូអាយ កំពង់ដេវ៉ា នៅថ្ងៃទី ១២។ ពួកគេមានពេលសម្រាក ៤ ថ្ងៃ មុនពេលត្រូវហោះទៅទឹកដី ហ្វីលីពីន ដើម្បីជួបក្រុម Manila Digger ក្នុងជើងទី ២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន ACGL។

បន្ទាប់ពីបញ្ចប់ការប្រកួតនេះ ពួកគេត្រូវប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រពានសម្តេចតេជោជើងទី ១ ដោយត្រូវជួបក្រុម បឹងកេត នៅថ្ងៃទី ២២។ ដោយឡែកនៅថ្ងៃទី ២៥ ត្រូវជួបក្រុម ណាហ្គាវើលដ៍ក្នុងលីគ និងនៅថ្ងៃទី ២៩ ត្រូវជួបក្រុម បឹងកេត សម្រាប់ការប្រកួតជើងទី ២ ពានសម្តេចតេជោ។

ក្រុម ព្រះខ័នរាជស្វាយរៀង ពិតជាត្រូវធ្វើការងាធ្ងន់ខ្លាំងសម្រាប់ខែ មេសា នេះ ដោយត្រូវធ្វើការប្រកួតសឹងតែជាប់ៗ ជាមួយពាន ៣ ផ្សេងគ្នា។ ចំណុចដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺគ្រប់ការប្រកួតទាំងអស់ សុទ្ធតែជាការប្រកួតសំខាន់ ដោយក្របខណ្ឌលីគកំពូល ពួកគេត្រូវការឈ្នះ ១ និងស្មើ ១ ទៀត ដើម្បីក្លាយជាជើងឯក ៣ រដូវកាលជាប់គ្នា។ ចំណែកពាន ACGL និងពានសម្តេចតេជោ សុទ្ធតែជាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ហើយត្រូវការឈ្នះដាច់ខាត ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ​ជា​លើក​ទី​២៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម