ព័ត៌មានជាតិ
កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសមជាមួយលោក Christoph Weigelmeier ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោកបណ្ឌិត Christoph Hoffmann អតីតសមាជិកសភាអាល្លឺម៉ង់ នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីពិភាក្សាស្វែងរកឱកាសបង្កើតគំនិតផ្តួចផ្តើមដែលគាំទ្រដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដែលរួមមានទាំងសិក្ខាកាម ដែលអាចមានឱកាសទៅធ្វើកម្មសិក្សា និងកម្មសិក្សាឆ្លាស់នៅអាល្លឺម៉ង់។

ជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក Weigelmeier និងលោកបណ្ឌិត Hoffmann ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជំនាញកម្លាំងពលកម្ម។ លោកបានរំឮកផងដែរពីប្រវត្តិដ៏យូរអង្វែង និងសមិទ្ធផលនានារបស់អាល្លឺម៉ង់ ដែលបានជួយជ្រោមជ្រែងដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) គឺជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្លាំងពលកម្មឱ្យមានជំនាញខ្ពស់ តាមរយៈការធ្វើទំនើបកម្មជំនាញ និងការបណ្តុះបណ្តាលជំនាញថ្មីឱ្យស្របតាមការវិវត្តនៃឧស្សាហកម្ម។ លោកបានរំឮកពីដំណើរទស្សនកិច្ចរបស់លោកនៅសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ក្នុងទីក្រុង Frankfurt នាពេលកន្លងមក ដោយគូសបញ្ជាក់ថា អ្វីដែលពិតជាគួរឱ្យចាប់អារម្មណ៍ជាខ្លាំងនោះ គឺប្រព័ន្ធសិក្សាមុខងារពីររបស់អាល្លឺម៉ង់ ដែលសមស្របសម្រាប់កម្ពុជា។

ចំណែកភាគីអាល្លឺម៉ង់បានលើកឡើងពីគំនិតផ្តួចផ្តើម បង្កើតកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបញ្ជូនកម្មសិក្សាការី ដោយបានសង្កត់ធ្ងន់ថា យន្តការនេះត្រូវផ្អែកលើគោលការណ៍ «ឈ្នះ-ឈ្នះ» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ទាំងសម្រាប់ប្រទេសបញ្ជូន និងប្រទេសទទួល។

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជា «ដំណឹងដ៏ល្អ និងចំពេលជាក់ស្តែងបំផុត»។ លោកបានបញ្ជាក់ពីជំហរត្រៀមខ្លួនរួចជាស្រេចរបស់ក្រសួង ក្នុងការសហការជាមួយសាលាវិជ្ជាជីវៈអាល្លឺម៉ង់ ដើម្បីជ្រើសរើសគ្រឹះស្ថានសិក្សាសមស្របនៅកម្ពុជា ក្នុងគោលដៅបង្កើតភាពជាដៃគូ និងគាំទ្រដល់ដំណើរការជ្រើសរើសសិក្ខាកាមឱ្យមានតម្លាភាព។

ជាកិច្ចបញ្ចប់ ភាគីអាល្លឺម៉ង់បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី និងបានបង្ហាញនូវឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងឱ្យកាន់តែស៊ីជម្រៅ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


