Connect with us

ព័ត៌មានអន្ដរជាតិ

សារពីប្រធានាធិបតីអ៊ីរ៉ង់ផ្ញើជូនពលរដ្ឋអាមេរិក៖ «អ៊ីរ៉ង់មិនមែនជាសត្រូវរបស់បងប្អូនឡើយ»

បានផុស

នៅ

លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានសម្រេចចិត្តសរសេរសំបុត្រចំហមួយច្បាប់ផ្ញើទៅកាន់ប្រជាជនអាមេរិកកាលពីថ្ងៃពុធ​ទី​១​ខែ​មេសា​ឆ្នាំ​២០២៦។

លោក Masoud Pezeshkian (រូបថត៖ ការិយាល័យ​ប្រធានាធិបតី​អ៊ីរ៉ង់)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សារព័ត៌មាន TIME លោកបានទទូចសុំ​ឲ្យ​ពលរដ្ឋអាមេរិកទាំងអស់ មេត្តាពិនិត្យមើល​ឲ្យ​ច្បាស់លើសភាពការណ៍ជាក់ស្ដែង ដោយកុំជឿតាមការផ្សាយព័ត៌មាន​មិនពិត។ លោក Pezeshkian បានសង្កត់ធ្ងន់ថា ការដែលគេព្យាយាមលាបពណ៌អ៊ីរ៉ង់ថាជាប្រទេសគ្រោះថ្នាក់នោះ គ្រាន់តែជាលេសដើម្បីបម្រើដល់មហិច្ឆតាផ្នែកយោធា និងការចង់លក់អាវុធតែប៉ុណ្ណោះ។ លោកបានរំលឹកទៀតថា ក្នុងប្រវត្តិសាស្ត្រទំនើប អ៊ីរ៉ង់មិនដែលបង្កសង្គ្រាមមុនជាមួយនរណាម្នាក់ឡើយ ហើយអ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺគ្រាន់តែជាការការពារខ្លួនតាមច្បាប់ បន្ទាប់ពីទទួលរងការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល។

ទាក់ទងនឹងបញ្ហានេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា លោក Pezeshkian បានស្នើសុំបទឈប់បាញ់ ប៉ុន្តែខាងក្រសួងការបរទេសអ៊ីរ៉ង់បានចេញមុខបដិសេធភ្លាមៗ ដោយចាត់ទុកថាជាសម្តីភូតភរ និងគ្មានមូលដ្ឋានទាល់តែសោះ។ លោកត្រាំ យល់ថាការវាយប្រហាររបស់ខ្លួនគឺជាការទប់ស្កាត់គ្រោះថ្នាក់ជាមុន ប៉ុន្តែ​មេដឹកនាំអ៊ីរ៉ង់បែរជាមើលឃើញថា អាមេរិកកំពុងធ្វើជាតំណាង​ឲ្យ​អ៊ីស្រាអែល ដើម្បីបង្វែរដានពីអ្វីដែលកំពុងកើតឡើងលើប្រជាជនប៉ាឡេស្ទីនទៅវិញ។ លោកបានដាក់សំណួរទៅកាន់ពលរដ្ឋអាមេរិកវិញថា តើសង្គ្រាមនេះពិតជាផ្តល់ចំណេញដល់គោលនយោបាយ «America First» មែនឬទេ? ព្រោះតាមពិតទៅ ប្រជាជនអ៊ីរ៉ង់មិនដែលមានគំនិតចងកំហឹង ឬចាត់ទុកប្រជាជនអាមេរិកជាសត្រូវនោះឡើយ។

ជាចុងក្រោយ លោក Pezeshkian ក៏បានលើកឡើងពីស្នាដៃ និងការចូលរួមចំណែកយ៉ាងច្រើនរបស់ជនជាតិអ៊ីរ៉ង់ដែលបានទៅរស់នៅបរទេស ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវនៅបណ្តាប្រទេសលោកខាងលិច ដើម្បីជាភស្តុតាងបញ្ជាក់ថា រូបភាពអាក្រក់ៗដែលគេបានផ្សព្វផ្សាយពីប្រទេសអ៊ីរ៉ង់ គឺផ្ទុយស្រឡះពីការពិតទាំងស្រុង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម