Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ និងអាជីវកររំពឹងថា វិថីអាហារខេត្តកំពតនឹងជួយលើកកម្ពស់សេដ្ឋកិច្ច និងវិស័យទេសចរណ៍ខេត្ត

បានផុស

នៅ

ផ្សារវិថីអាហារខេត្តកំពត ត្រូវបានបើកសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦។ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងក្រុមអាជីវករបានបញ្ជាក់ថា វិថីអាហារជាបេះដូង នៃក្រុងកំពត និងជាក្តីសង្ឃឹមរបស់អាជីវករផងដែរ ព្រោះទីតាំងល្អ រៀបចំបានស្អាត មានអនាម័យ ម្ហូបនំចំណីឈ្ងុយឆ្ងាញ់ច្រើនជាងមួយរយមុខ ដែលអាចទាក់ទាញទេសចរ បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ទីផ្សារកសិផល និងផលិតផលខ្មែរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ៅ ធនិន បញ្ជាក់ថា ការរួមគំនិតគ្នាផ្តួចផ្តើមបង្កើតវិថីអាហារខេត្តកំពតនេះឡើង ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែជំរុញលើកទឹកចិត្តឲ្យរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍ នៅគ្រប់មូលដ្ឋាន គ្រប់រាជធានី ខេត្ត ក្រុងស្រុកឲ្យបានល្អប្រសើរ ព្រោះវាអាចជួយទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋ និងជួយជំរុញទីផ្សារកសិផល និងផលិតផលក្នុងនៅហ្នឹងកន្លែង។

ជាក់ស្តែង វិថីអាហារខេត្តកំពតនេះ ជាសមិទ្ធផលទេសចរណ៍ថ្មីមួយ ផ្តោតទៅលើការឆ្លើយតបតម្រូវការសេវាម្ហូបអាហារប្រកបដោយស្តង់ដា និងតាមបែបប្រពៃណីខ្មែរពិតៗ ជាមួយនឹងសម្លៀលបំពាក់ និងការបដិសណ្ឋារកិច្ចប្រកបដោយឥរិយាបថថ្លៃថ្នូរ និងកក់ក្តៅបំផុត។ ក្រុមអាជីវករលក់ដូរនៅផ្សារវិថីអាហាខេត្តកំពត បានបញ្ជាក់ថា ពួកគាត់សប្បាយចិត្ត និងរំពឹងថា ផ្សារនេះ នឹងជួយក្រែប្រែជីវភាព និងមុខមាត់របស់ខេត្តកំពតទាំងមូល។

ចំណែកភ្ញៀវទេសចរបរទេសថា ទីតាំងផ្សារនេះល្អ ហើយនៅពេលដែលភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅផ្សារក្រណាត់ គេនឹងឃើញក្រុមអាជីវករស្វាគមន៍ និងណែនាំផលិតផលម្ហូបអាហាររបស់ពួកគេ ប្រកបដោយឥរិយាបថទន់ភ្លន់ រូសរាយរាក់ទាក់។ ពួកគេណែនាំដល់ភ្ញៀវបរទេសឲ្យមកលេងខេត្តកំពត ដើម្បីទទួលបានបទពិសោធន៍ និងពេលល្អៗ ក្នុងដំណើរកម្សាន្តមកកាន់ប្រទេសកម្ពុជា។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា វិថីអាហារខេត្តកំពតមានម្ហូបអាហារនំចំណី សរុបជាង១៥០មុខ សុទ្ធតែជាម្ហូបល្បីៗប្រចាំតំបន់ នៅក្នុងខេត្ត។ ហើយតាមរយៈការបើកឲ្យតំណើរការផ្សារនេះ លោកសង្ឃឹមថា ពេលចូលឆ្នាំថ្មីខាងមុខ នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកជួយគាំទ្រម្ហូបអាហារនំចំណី នៅវិថីអាហារបានកាន់តែច្រើន ដែលអាចជួយលើកម្ពស់ដល់វិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម របស់ពលរដ្ឋរកស៊ីក្រៅប្រព័ន្ធផង៕

អត្ថបទ៖ សឹង រ៉ាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម