Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ ព្រមានថា​អាច​មិនពន្យារ​​ពេល​បទ​ឈប់បាញ់​ជាមួយអ៊ីរ៉ង់ បើចរចាមិនត្រូវរ៉ូវ​គ្នា

បានផុស

នៅ

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់បទសម្ភាសន៍យ៉ាងក្ដៅគគុកមួយកាលពីថ្ងៃចន្ទ​ទី​២០​ខែ​មេសា​ឆ្នាំ​២០២៦ ដោយបញ្ជាក់ច្បាស់ៗថា លោកទំនងជានឹងមិនបន្តកិច្ចព្រមព្រៀងឈប់​បាញ់គ្នាជាមួយប្រទេសអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើភាគីទាំងពីរនៅតែមិនអាចឈានដល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ នៅត្រឹមល្ងាចថ្ងៃពុធសប្តាហ៍នេះ។

លោក ដូណាល់ ត្រាំ (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយ​របស់ The Hill ការព្រមានរបស់​មេដឹកនាំអាមេរិក​ធ្វើឡើងចំពេលដែលបទឈប់បាញ់បណ្ដោះអាសន្ន ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី​៨​ខែមេសា កំពុងតែខិតជិតដល់ថ្ងៃផុតកំណត់ ដែលលោកត្រាំ កំណត់យកតាមម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

កន្លងមក លោកត្រាំ ធ្លាប់បានប្រើសម្តីធ្ងន់ៗដោយគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ ហើយថែមទាំងបានព្រមានទៀតថា អរិយធម៌ទាំងមូលរបស់អ៊ីរ៉ង់អាចនឹងត្រូវវិនាស បើ​មិនមាន​ដំណោះស្រាយ។ ស្ថានភាពហាក់បីដូចជាតានតឹងខ្លាំង ប៉ុន្តែរដ្ឋាភិបាលអាមេរិកនៅតែបន្តបើកផ្លូវចរចា ដោយនៅសប្តាហ៍នេះ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក រួមមានអនុប្រធានាធិបតី JD Vance និងកូនប្រសាររបស់លោកត្រាំ គឺលោក Jared Kushner នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីចូលរួមការចរចាសន្តិភាពជុំទីពីរ។

នៅក្នុងឱកាសនោះដែរ លោកត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកថា លោកមិនមានអារម្មណ៍ថាជាប់សម្ពាធក្នុងការបង្ខំចិត្តចុះកិច្ចព្រមព្រៀងនោះទេ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងដែលមិនចំណេញសម្រាប់អាមេរិកឡើយ ហើយអ្វីដែលលោកចង់បានបំផុត គឺការបញ្ចប់បញ្ហាដែលអូសបន្លាយអស់រយៈពេល៤៧​ឆ្នាំមកហើយ ដែលប្រធានាធិបតីមុនៗមិនមានភាពក្លាហានក្នុងការដោះស្រាយ។ លក្ខខណ្ឌសំខាន់បំផុតរបស់លោក គឺអ៊ីរ៉ង់ត្រូវតែបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាដាច់ខាត។

ក្រៅពីបញ្ហាចរចា កងទ័ពជើងទឹកអាមេរិកនៅតែបន្តឡោមព័ទ្ធ និងបិទផ្លូវទឹកសំខាន់ៗនៅច្រកសមុទ្រហ័រមូស​ដដែល រហូតទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ ថ្មីៗនេះ កងទ័ពអាមេរិកទើបតែបានស្ទាក់ចាប់នាវាដឹកទំនិញរបស់អ៊ីរ៉ង់មួយគ្រឿង ដែលព្យាយាមបើកកាត់ការបិទផ្លូវនេះ ដែលធ្វើឲ្យ​ខាងអ៊ីរ៉ង់សម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងចោទថាអាមេរិកកំពុងរំលោភលើបទឈប់បាញ់។ យ៉ាង​ណាមិញ លោក​ត្រាំ នៅតែរក្សាជំហររឹងមាំ ដោយ​លើកឡើងថា លោកមិនខ្លាចនឹងការចាត់វិធានការណ៍តឹងរ៉ឹងបន្ថែមទៀតនោះឡើយ ប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម