ព័ត៌មានជាតិ
គម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា បង្ហាត់ជំនាញ «គំនូរបុរាណ» ដល់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន
មានរយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា នៅទីស្នាក់ការអង្គភាពគម្រោងភូមិធម្មជាតិរុនតាឯក បានបើកវគ្គបង្ហាត់បង្រៀនផ្នែក «គំនូរបុរាណ» ដល់ប្រជាពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន មានសិក្ខាកាមចំនួន១៤នាក់។ ការងារនេះធ្វើឡើង ក្នុងបំណងអភិរក្ស និងផ្ទេរចំណេះដឹងអ្នកបន្តវេនមរតកនេះទៅថ្ងៃអនាគត ដ្បិតគំនូរបុរាណ ជាមរតកវប្បធម៌ដ៏មានតម្លៃ ដែលកូនខ្មែរត្រូវថែរក្សាឱ្យបានគង់វង្ស។


លោក យិន លាង ជាគ្រូបង្រៀនផ្នែកគំនូរបុរាណ បានឱ្យដឹងថា ការបង្រៀនគំនូរបុរាណដល់សិក្ខាកាមទាំង១៤នាក់ នៅគ្រាដំបូងៗមានការលំបាកខ្លះដែរ ព្រោះពួកគេគ្មានមូលដ្ឋានគ្រឹះផ្នែកនេះ។ ប៉ុន្តែក្រោយពីបានការបណ្តុះបណ្តាលជិតមួយឆ្នាំមកនេះឃើញថា សិក្ខាកាមបានយល់ដឹង និងចេះគូរគំនូរបុរាណបានលទ្ធផលល្អប្រសើរច្រើនដែលធ្វើឱ្យលោកជាគ្រូបង្គោលមានចិត្តសោមនស្សក្រៃលែង។ ការបង្រៀននេះសោត លោកបង្រៀនសិស្សឱ្យស្គាល់ពីក្បាច់ខ្មែរ និងក្បួនខ្នាតតាមលំនាំគំនូរបុរាណនៅតាមថែវព្រះវិហារព្រះកែវមរតក ដោយដកស្រង់រូបតួអង្គសំខាន់ៗនៅក្នុងរឿងរាមកេរ្តិ៍។

លោក យិន លាង បានសំណូមពរដល់រាជរដ្ឋាភិបាល និងស្ថានប័នពាក់ព័ន្ធ ដូចជាអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមឱ្យគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ខាងគំនូរបុរាណនេះអាចបន្តដំណើរបានរយៈពេល១ឆ្នាំទៅមុខថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលកំពុងរៀនជំនាញនេះ រៀនសូត្រឱ្យបានជ្រៅជ្រះ និងទូលំទូលាយ។ លោកយល់ថា គំនូរបុរាណមានសារសំខាន់ ដែលមិនត្រឹមតែផ្សព្វផ្សាយឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹង ហើយក្លាយទៅជាអ្នកបន្តវេនពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យប្រជាពលរដ្ឋមានចំណេះយកទៅបង្កើតជាមុខរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក វ៉ាន់ ពន្លឺ អាយុ៤៣ឆ្នាំ ជាសិក្ខាកាមផ្នែកគំនូរបុរាណ និយាយថា លោកត្រេកអរនៅពេលដែលមានគ្រូមកបង្រៀនគំនូរបុរាណក្នុងតំបន់ដែលគាត់រស់នៅ។ លោកមានចិត្តស្រឡាញ់គំនូរបុរាណ រួមជាមួយឆន្ទៈ និងទេពកោសល្យពីកំណើតផង ក្រោយពេលទទួលបានការបង្ហាត់បង្រៀនពីគ្រូជំនាញផងកាន់តែជួយជំរុញឱ្យលោកបានយល់ដឹងកាន់តែច្បាស់ពីមួយជំហានទៅមួយជំហាន និងអាចអភិវឌ្ឍចំណេះដឹងបានប្រសើរឡើងថែមទៀត។ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ លោក ពន្លឺ បានរៀនគំនូរបុរាណយ៉ាងយកចិត្តទុកដាក់ យល់ដឹងពីក្បួនខ្នាត និងលក្ខណៈនៃក្បាច់ ហើយនៅពេលលោកសម្លឹងមើលគំនូរបុរាណ គឺកាន់តែធ្វើឱ្យលោកចាប់អារម្មណ៍ ដក់ជាប់ក្នុងចិត្ត និងមានចិត្តស្ងប់ថែមទៀតផង។

ចំណែកអ្នកស្រី ឡាច ពឿត អាយុ៣៧ឆ្នាំ គឺជាសិក្ខាកាមម្នាក់ទៀត បានប្រាប់ថា ការណ៍ដែលអ្នកស្រីបានជ្រើសរើសរៀនគំនូរបុរាណ ព្រោះអ្នកស្រីស្រលាញ់ក្បូរក្បាច់នៅតាមប្រាសាទ ដែលវាតែងដក់ជាប់ចិត្តជានិច្ច ចង់គូរ ចង់រៀន ពេលដែលមានឱកាសរៀនទើបចូលរៀនដោយមិនស្ទាក់ស្ទើរ។ ដ្បិតគ្មានមូលដ្ឋានគ្រឹះលើផ្នែកនេះតែដោយចិត្តស្រលាញ់ អ្នកស្រីបានខិតខំរៀនសូត្រពីលោកគ្រូបង្គោលទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ រហូតអាចគូរបានដោយលទ្ធផលល្អប្រសើរ និងមានបំណងប្រើចំណេះដឹងនេះដើម្បីគូរគំនូរសម្រាប់លក់ទៀតផង៕









-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


